អន្តរជាតិ
Brexit៖ ដឹងថា​មិនអាច​ឆ្លង​សភា​រួច លោកស្រី ម៉េ​យ៍ រត់​ទៅ​ចរចា​ជាមួយ​អឺរ៉ុប​ឡើងវិញ​
11, Dec 2018 , 8:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉េយ៍ (រូបភាព AFP)
នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉េយ៍ (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បានសម្រេច​ចិត្ត​លើក​ពេល​កិច្ចប្រជុំសភា​ដើម្បី​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ចាក​ចេញពី​អឺរ៉ុប​។ ក្នុង​លិខិត​បន្ទាន់​ទៅកាន់​សភា​ថ្ងៃទី​១០ ខែធ្នូ លោកស្រី ម៉េ​យ៍ ទទួលបាន​ស្គាល់​ថា កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប នឹងមិន​ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា​ឡើយ ហើយ​លោកស្រី​នឹង​បន្ត​ជជែក​ជាមួយ​អឺរ៉ុប​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​សមាជិកសភា​មិន​ពេញចិត្ត​។ យ៉ាងណាមិញ សហភាព​អឺរ៉ុប​និយាយ​ទុក​មុន​ថា គ្មាន​ការចរចា​ម្ដង​ទៀតឡើយ​។

 
​នៅ​ថ្ងៃទី​១១ ខែធ្នូ នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នឹងធ្វើ​ដំណើរ​ទៅកាន់​ហូ​ឡង់ និង​អាល្លឺម៉ង់​ដើម្បី​បន្ត​ការជជែក​លើ​កិច្ចព្រមព្រៀង​លែងលះ ខណៈ​សមាជិកសភា​អង់គ្លេស​កំពុង​មិន​ពេញចិត្ត​។ លោកស្រី ម៉េ​យ៍ នឹង​ជួប​ជាមួយ​សម​ភាគី​អាល្លឺម៉ង់ ម៉ាក រូត នៅ​ឡាអេ មុននឹង​ទៅ​ជួប​អធិការបតី​អាល្លឺម៉ង់​នៅ​បែរ​ឡាំង​ជា​ក្រោយ​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលដៅ​សង្គ្រោះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​លោកស្រី និង​អឺរ៉ុប​ដែល​ជួប​បញ្ហា​ធំ​។​
 
​កាលពី​ថ្ងៃទី​១០ ខែធ្នូ លោកស្រី ម៉េ​យ៍ បានសម្រេច​ចិត្ត​ពន្យារពេល​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​នៅឯ​សភា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ព្រោះ​ដឹងថា មិនអាច​ឆ្លង​ផុត​បាន ខណៈ​សមាជិកសភា​ជាច្រើន​រាប់ទាំង​សមាជិក​មកពី​កាន់អំណាច​ផង​នោះ ជំទាស់​ដាច់ខាត​។ មិនមែន​តែ​ជំទាស់​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​ឡើយ សមាជិកសភា​អង់គ្លេស​ក៏មាន​ផែនការ​បោះឆ្នោត​ទម្លាក់​លោកស្រី ម៉េ​យ៍ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទៅទៀត​។​
 
​ក្នុង​លិខិត​ទៅ​សភា នាយករដ្ឋមន្ត្រី​រូបនេះ​បាន​សន្យាថា នឹង​នាំយក​ការធានា​ពី​មេដឹកនាំ​អឺរ៉ុប​ជុំវិញ​ការព្រួយបារម្ភ​ទាំងឡាយ​ដែល​លើកឡើង​ដោយ​សមាជិកសភា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ បញ្ហា​ព្រំដែន​ជាមួយ​អៀឡង់​ខាងជើង ដែល​លោកស្រី ម៉េ​យ៍ យល់ព្រម​ឲ្យ​បន្ត​បើកចំហ​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប គឺជា​ចំណុច​ដែល​សមាជិកសភា​មិន​គាំទ្រ និង​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​ដាច់ស្រេច​។​
 
​យ៉ាងណាមិញ មុន​ជំនួប​នៅ​ព្រុ​ច​សែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស បានប្រកាស​ហើយ​ថា គ្មាន​ការចរចា​ជាថ្មី​ឡើយ​។ តាមរយៈ​បណ្ដាញ​សង្គម Twitter លោក ទូ​ស បញ្ជាក់ថា អឺរ៉ុប​អាច​ត្រឹម​ជួយ​សម្រួល​ឲ្យ​លោកស្រី ម៉េ​យ៍ អាច​ឆ្លងកាត់​ដំណាក់កាល​សភា​បាន​ប៉ុណ្ណោះ​។ បណ្ដា​មេដឹកនាំ​សមា​ជីក​សហភាព​អឺរ៉ុប​ទាំង​២៧ នឹង​ជួបប្រជុំគ្នា​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ជជែក​ពី​ការចាកចេញ​របស់​អង់គ្លេស ហើយ​លោកស្រី ម៉េ​យ៍ រំពឹងថា មាន​វត្តមាន​ក្នុងជំនួប​នេះដែរ​។​
 
​តាម​ផែនការ អង់គ្លេស​នឹង​ចាក​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ខាងមុខ​។ យ៉ាងណាមិញ សំឡេង​ជំទាស់​របស់​អ្នកនយោបាយ​ក្នុង​អង់គ្លេស ធ្វើ​ឲ្យ​មានការ​បារម្ភ​កាន់តែខ្លាំង​ថា អង់គ្លេស​អាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ លោកស្រី ម៉េ​យ៍ វិញ​នៅតែ​អះអាងថា កិច្ចព្រមព្រៀង​ដែល​លោកស្រី​សម្រេចបាន​ជាមួយ​អឺរ៉ុប ជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​ជាងគេ​ដដែល និង​ចង់​ឲ្យ​សមាជិកសភា​រួមគ្នា​ដើម្បី​ឲ្យ​អង់គ្លេស​ចាកចេញ​ដោយ​ស្រួល​៕ 
 

Tag:
 Brexit
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com