ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី សាវេន និងស្ត្រី៧នាក់ទៀត ជួលដី១០ហិកតាដាំឈូកលក់ ដោះស្រាយជីវភាពគ្រួសារ
× បាត់ដំបង៖ ស្ត្រីមួយក្រុមដែលមានសមាជិក៨នាក់ បានជួលដីបឹងទំហំប្រមាណ១០ហិកតា នៅឃុំអូរចារ ក្រុងបាត់ដំបង ដើម្បីដាំឈូកយកផ្លែលក់ឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥។ អ្នកស្រី មួង សាវេន តំណាងឲ្យសមាជិកក្រុម បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយថ្ងៃក្រុមអ្នកស្រីលក់ឈូកអស់បានពី២០០ទៅ៣០០បាច់ និងកំប៉ុង ដោយទទួលបានប្រាក់ចំណូលប្រមាណ៤០ម៉ឺនរៀល។
ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ទើបអ្នកស្រី មួង សាវេន និងសមាជិកស្ត្រី៧នាក់ផ្សេងទៀត ប្រកបរបរដាំឈូកលក់។ ស្ត្រីទាំង៨នាក់នេះ បានប្រកបរបរលក់ឈូកជាង១០ឆ្នាំមកហើយ នៅក្នុងទំហំផ្ទៃដីប្រមាណ១០ហិកតានាខេត្តបាត់ដំបង។ ជារៀងរាល់ថ្ងៃ អតិថិជនបានមកទិញឈូករបស់អ្នកស្រីដល់កន្លែងតែម្ដង ហើយអ្នកទិញភាគច្រើនជាអ្នកដំណើរតាមផ្លូវជាតិលេខ៥។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី មួង សាវេន។
ក្នុងមួយថ្ងៃ ក្រុមរបស់អ្នកស្រី សាវេន អាចរកចំណូលបាន៤០ម៉ឺនរៀល ហើយចំណូលដែលរកបានត្រូវចែកគ្នាស្នើ។ ផ្លែឈូកដែលអ្នកស្រី សាវេន និងសមាជិកដាក់លក់ រួមមានឈូកខ្ចី, ឈូកចាស់, ឈូកទុំ និងឈូកស្ងោរ មានតម្លៃចាប់ពី១០០០រៀលទៅ១៥០០រៀលក្នុង១បាច់និង១កំប៉ុង។
អ្នកស្រី សាវេន និងសមាជិកស្ត្រីទាំង៧នាក់ ជ្រើសរើសរបរដាំឈូកលក់នេះ ដោយសារដំណាំឈូកងាយស្រួលថែទាំ ហើយឆាប់បានប្រមូលផល ជាពិសេសវាមានផ្លែគ្រប់រដូវ។ ឈូកដែលដាំដុះក្នុងបឹង១០ហិកតានេះ មិនមែនជាដីរបស់ក្រុមអ្នកស្រី និងសមាជិកឡើយ វាជាដីដែលជួលគេ ដោយ១ហិកតា តម្លៃ១៥០ដុល្លារ។ តាមរយៈរបរលក់ឈូកនេះ បានជួយសម្រាលដល់ជីវភាពរបស់អ្នកស្រី និងសមាជិកច្រើនណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com