ជាតិ
នយោបាយជាតិ
តុលាការ ដាក់ទោសមេសហជីព៦រូប ពីរឆ្នាំកន្លះ តែឲ្យនៅក្រៅឃុំ ពីឆ្វេងទៅស្តាំ៖ លោក ជា មុន្នី លោក ប៉ាវ ស៊ីណា និងលោក អាត់ ធន់
× តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងរបស់មេសហជីព៦រូប នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយកំណត់ឲ្យពួកគេ ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ ប៉ុន្តែត្រូវបានព្យួរ ពោលគឺពួកគេ មិនត្រូវអនុវត្តទោសក្នុងពន្ធនាគារឡើយ។
មេសហជីពទាំងនោះ រួមមាន លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា, លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា, លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា, លោក រ៉ុន ឈុន ប្រធានសហភាពសហជីពកម្ពុជា, អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្មករកម្ពុជា និង អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មកាត់ដេរកម្ពុជា។អ្នកទាំង៦ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនា នៅក្រោយឆ្នាំ២០១៣។
ក្រៅពីនេះ ចៅក្រម បានតម្រូវឲ្យអ្នកទាំង៦ រួមគ្នាបង់ប្រាក់៣០លានរៀល ទៅឲ្យមន្រ្តីនគរបាលពីររូប ដែលជាដើមបណ្តឹង។ លើសពីនេះ ពួកគេ ក៏ត្រូវបង់៥លានរៀលបន្ថែមទៀត ក្នុងម្នាក់ៗ ទៅឲ្យក្រុមហ៊ុន ដែលជាដើមបណ្តឹងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com