ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា រំលឹក​ពី​ការ​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​នៅ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS
12, Dec 2018 , 8:59 am        
រូបភាព
​ដោយ​៖ Matias Andres
 
​ក្រោយពី​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​ជាង​មួយឆ្នាំ​មក អ្នកលេង​គុន​ខ្មែរ​ជើងចាស់ និង​គុន​ចម្រុះ ចាន់ រតនា បាន​វិលត្រឡប់​ចូល​សង្វៀន​វិញ​ដោយ​បញ្ចេញ​ស្នៀត​បំបាក់​គូប្រកួត​ផ្អើល​សង្វៀន ONE Championshipកាលពី​ថ្ងៃទី​៧ ខែធ្នូ កន្លងទៅ​។

 
​ជើង​ខ្លាំង​មកពី​ឥណ្ឌូណេស៊ី Abro Fernandes រហស្សនាម “The Black Komodo” មិន​ធ្លាប់មាន​ប្រវត្តិ​ចាញ់​ពីមុនមក​ទេ តែ​ត្រូវ​បរាជ័យ​លើកដំបូង​ដោយ​កណ្តាប់ដៃ​អ្នកលេង​គុន​ខ្មែរ​ទៅវិញ នា​ការប្រកួត​ទម្ងន់ ៦១,២​គីឡូក្រាម ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS នៅឯ​ពហុ​កីឡដ្ឋាន Axiata Arena ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ 
 
​ថ្វីបើ​មិនបាន​ប្រកួត​យូរ​មែន ប៉ុន្តែ​ជើងចាស់ វ័យ​៣២​ឆ្នាំ​រូបនេះ ចូល​សង្វៀន​វិញ​ជាមួយ​ស្នៀត​ថ្មីៗ​ខ្លាំង​ជាង​មុន អាច​បំបាក់​ដៃគូ​ឲ្យ​ចាញ់​ក្នុង​ទឹក​ទី ២​បាន​។ ទឹក​ដំបូង​ឃើញថា គូប្រយុទ្ធ​ពីរ​នាក់​នេះ​សម្រុក​គ្នា​ទៅវិញទៅមក​មិន​ដកថយ​សោះ តែ​យ៉ាងណា Abro ព្យាយាម​ចាប់​បោក ហើយ​ក្លេ​រក រតនា ជាប់​បិះ​ចាញ់​ជា​ច្រើនដង​។ អ្នកណា​ទៅ​ស្មានថា រតនា បាន​ហាត់​ស្នៀត​ការពារ​ខ្លួន​ដល់​កំពូល រួច​ដោះខ្លួន​បាន​ពី​ការចាប់​សង្គ្រប់​របស់ Abro ហើយ​ប្រើ​ក្បាច់​ដូនតា​គុន​ខ្មែរ ទាត់​លះៗ និង​ដាល់​ចំៗ​កណ្តាល​មុខ​គូប្រកួត​ឲ្យ​វិលខ្ញាល់​។ 
 
«​ពេល​ឡើង​សង្វៀន​ជាមួយ​គាត់ ខ្ញុំ​ដូច​អត់​មាន​អារម្មណ៍​អី​ផង ទីមួយ​មកពី​ខ្ញុំ​អាច​គ្រប់គ្រង​ស្នៀត​បាន ខ្ញុំ​មើល​វីដេអូ​គាត់ (Abro) ខ្ញុំ​រក​វិធី​កាត់​ពេល​គាត់​ទាត់​ជើង ហើយ​ទី​ពីរ​ខ្ញុំ​រក​តិច​និ​ច​ទាត់ និង​វាយលុក​ពេល​គាត់​ភ្លេចភ្លាំង​»​។ 


 
​ក្នុង​ទឹក​ទី​ពីរ រតនា និង Abro សង្កេតឃើញថា​អស់ខ្យល់​ទន់​ខ្លួន​ទាំងពីរ​នាក់ តែ​សម្រាប់​ខាង​កីឡាករ​ខ្មែរ​វិញ​មិន​ដកឃ្លា​សោះឡើយ រតនា​នៅតែ​ឆ្វែល​រក​ឱកាស​ដើរចូល ដាល់​ផង ទាត់​ផង ធ្វើ​ឲ្យ Abro ឈឺ​សាច់​មិន​អន់​ទេ​។​
 
​សល់​ប្រហែល​តែមួយ​នាទី​មុន​ចប់​ទឹក​ទី​២ ខាង​កម្ពុជា​សម្រុក​វាយ​បុក​ខាង​ឥណ្ឌូណេស៊ី​ឲ្យ​ថយ​ដួល​ដល់​ខ្សែ​ទ្រុង រតនា បាន​ឱកាសល្អ​ក៏​គៀប​ពីលើ​ជាប់​ហើយ​ព្រលះ​កណ្តាប់ដៃ​ដាល់​ធ្ងន់ៗ​។ Abro ការពារ​ខ្លួន​ស៊ូ​លែងរួច ដូចនេះ​អាជ្ញាកណ្តាល​លោក Kemp Chang ក៏​សម្រេច​បញ្ឈប់​ការប្រកួត​ត្រឹម​នាទី ៤:០៦ ទឹក​ទី​២​។ 
 
​រតនា ពន្យល់​ពី​តិច​និក​ថា​៖ «​នៅ​ទឹក​ទី​២ ខ្ញុំ​ស្ទង់​កម្លាំង​របស់គាត់​បា​ន អ៊ីចឹង​ដឹងថា​អស់កម្លាំង​ច្រើន​ដោយសារ​គាត់​ប្រឹង​ចាប់​ខ្ញុំ​។ ខ្ញុំ​ក៏​បង្កើន​ការ​សម្រុក​បុក ទាត់​ច្រើន ហើយ​វាយ​នឹង​កណ្តាប់ដៃ​ដើម្បី​ផ្តួល​គាត់​»​។ 
 
​ជ័យជម្នះ​លើ​កីឡាករ​ឥណ្ឌូណេស៊ី​លើក​នេះ បញ្ជាក់ថា​ក្បាច់គុន​របស់​ជើងចាស់​គុន​ខ្មែរ​រូបនេះ មិន​ចុះថយ​ឡើយ រឹតតែ​រីកចម្រើន​ខ្លាំង​ទៅៗ ហើយ​នៅតែ​រក្សា​កេរ្តិ៍ឈ្មោះ​ខាង​ផ្តួល​ដៃគូ​មុន​ចប់​ទឹក​ដដែល​។​
 
​បន្ទាប់ពី​ឈ្នះ​ការប្រកួត គាត់​បង្ហើប​ប្រាប់​ពី​ឆន្ទៈ​បេះដូង​អ្នក​ប្រយុទ្ធ​ថា​៖ «​ខ្ញុំ​សុខចិត្ត​ឲ្យ​ឈឺខ្លួន​ជាជាង​ឈឺចិត្ត​! កាល​ចាញ់​ប្រកួត​មុន ខ្ញុំ​ឈឺចិត្ត​ខ្លាំង​ជាង​ឈឺខ្លួន​ទៅទៀត​»​។ 
 
«​អ៊ីចឹង​វាយ​លើក​នេះ បើ​ចាញ់ ខ្ញុំ​ចាញ់​ឲ្យ​អស់ពី​សមត្ថភាព ឈឺ​ឲ្យ​អស់ពី​ខ្លួន​ក៏បាន​ដែរ​។ សម្រាប់​ឈឺ​ខ្ញុំ​អត់​យកមក​ដាក់​ក្នុង​ខ្លួន​ទេ ខ្ញុំ​ត្រូវ​ដៃ​របស់គាត់​ច្រើនយ៉ាង​ណាក៏ដោយ វិល​ងឺ​ង​តែម្តង តែ​ខ្ញុំ​ខាំធ្មេញ ដើរ​សម្រុក​ទៅមុខ​រហូត​»​។ 
 
​លោកគ្រូ​គុន​ខ្មែរ និង​ជា​ម្ចាស់​ក្លិប​ក្បាច់គុន «​សិល្បៈ​» ចាន់ រតនា មានកំណត់​ត្រា​សរុប​ឈ្នះ ៥​ដង ចាញ់​៣​ដង តែ​ជ័យ​ជ​ន្នះ​របស់គាត់​សុទ្ធតែ​ឈ្នះ​ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​មុន​ចប់​ទឹក​ទាំងអស់​។ យ៉ាងណាមិញ រតនា នឹង​ប្រកួត​គុន​ខ្មែរ​មួយ​ប្រកួត​ទៀត មុន​បញ្ចប់​ឆ្នាំ ២០១៨​នេះ​។ 
 
​ថ្វីបើ​ខ្លួន​មាន​មោទកភាព​ខ្លាំង​ដោយសារ​យកបាន​ជោគជ័យ​ធំ​ឲ្យ​ប្រទេស​មែន តែ​គាត់​រឹតតែ​ត្រេកអរ​ថែមទៀត​ដែល​ខ្លួន​អាច​ឈ្នះ​ដើម្បី​អ្នកគាំទ្រ​ទូទាំងប្រទេស ដែល​តែងតែ​អបអរសាទរ​រូបគេ​ជានិច្ច​។ «​ទោះ​ប្រកួត​ក្នុងស្រុក ឬ​ក្រៅ​ស្រុក សុទ្ធតែ​សំខាន់​ខ្លាំងណាស់​សម្រាប់​ខ្ញុំ​។ តែ​អ្វីដែល​សំខាន់​ជាងគេ​គឺ​អ្នកគាំទ្រ​របស់ខ្ញុំ ខ្ញុំ​មិន​ចង់ឃើញ​ពួកគាត់​កើតទុក្ខ​ពេល​ខ្ញុំ​ចាញ់​ទេ​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com