កីឡាជាតិ
ជាតិ
មនុស្ស​ជិត​១០០០​នាក់​មកពី​៤២​ប្រទេស ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍ Ultra Trail Angkor
11, Dec 2018 , 9:59 pm        
រូបភាព
សកម្មភាពចូលរួមរត់កាលពីពេលកន្លងទៅ, រូបភាពពីហ្វេសប៊ុក Ultra Trail Angkor
សកម្មភាពចូលរួមរត់កាលពីពេលកន្លងទៅ, រូបភាពពីហ្វេសប៊ុក Ultra Trail Angkor
ដោយ:
​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា​១​ពាន់​នាក់​មកពី​៤២​ប្រទេស បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Ultra Trail Angkor នៅ​ខេត្តសៀមរាប ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២០ មករា ឆ្នាំ​២០១៩​។ ក្រៅពី​ប្រមូល​និ​ធិ​សប្បុរសធម៌ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​នៅ​ខេត្តសៀមរាប​។ ថ្នាក់ដឹកនាំ​រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​អាច​ទាក់ទាញ​អត្ត​ព​លិ​កជាង​១​ពាន់​នាក់​ចូលរួម ខណៈ​ការចុះឈ្មោះ​នឹង​បន្ត​រហូត​ជិត​ដល់​ថ្ងៃ​ប្រកួត​។​

 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ មាន​អត្ត​ព​លិ​ក​ជិត​១​ពាន់​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍ Ultra Trail Angkor ដែល​រៀបចំ​នៅ​បរិវេណ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ចំនួន​នេះ មានការ​កើនឡើង​ប្រមាណ​៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ចំនួន​ជិត​៨០០​នាក់់​ចូលរួម​។ តែ​យ៉ាងណា​ចំនួន​នេះ នឹងមាន​ការប្រែប្រួល ព្រោះ​ការចុះឈ្មោះ​នឹង​បិទ​បញ្ជី​មុន​ពីរ​ថ្ងៃ​នៃ​ការប្រកួត ដែល​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​១៩-២០ ខែមករា ឆ្នាំ​២០១៩​។ 


 
​អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៤២​ប្រទេស ដែល​ភាគច្រើន​មកពី​ប៉ែក​អឺរ៉ុប ខណៈ​បច្ចុប្បន្ន​បារាំង​ឈរ​កំពូល​តារាង​មាន​អ្នកចូលរួម​ច្រើនជាងគេ​។ ក្រៅពី​កម្ពុជា ក៏មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​មួយចំនួន​ចូលរួម​ផងដែរ រួមមាន​ជប៉ុន ចិន សិង្ហ​បុរី និង​ម៉ាឡេស៊ី​ជាដើម​។ ក្រៅពី​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ព្រឹត្តិការណ៍​នេះ ក៏មាន​វិញ្ញាសា​រត់​ចម្ងាយ​៦៤​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង​១៦​គីឡូម៉ែត្រ​ផងដែរ​។​
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​នេះ រៀបចំ​ដោយ​ទទួលបាន​ជំនួយ​ផ្នែក​បច្ចេកទេស​ពី​អ្នកជំនាញ​មកពី​បារាំង ក្រោម​កិច្ចសហការ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា​មួយ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ប្រកបដោយ​សុខ​សុវត្ថិភាព​។ 


 
​ជាមួយគ្នានេះ លោក Edouard George ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​បាន​អះអាងថា លោក​នឹង​បំពាក់​ឧបករណ៍​វាស់​ចម្ងាយ​នៅតាម​តំបន់​សំខាន់ៗ​មួយចំនួន ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការប្រកួត​មាន​ភាព​សុ​ក្រិត និង​យុត្តិធម៌ ពិសេស​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ លោក​បាន​ចាត់ទុកថា នេះ​ជា​ឆ្នាំ​ជោគជ័យ​មួយ​របស់​កម្ពុជា ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អត្ត​ព​លិ​ក​អន្តរជាតិ​។​
 
​ក្រៅពី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ និង​អង្គការ​សប្បុរស ការទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្តសៀមរាប គឺ​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន​។ បន្ថែម​លើ​នេះ ការជួយ​បង្កើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​រកស៊ី​លក់​ផលិតផល និង​សេវាកម្ម​ក្នុង​ខេត្ត​នេះ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។​


 
​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ចរន្ត​នៃ​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​នានា​របស់​ភ្ញៀវទេសចរ​នៅលើ​ពិភពលោក មាន​២០​ទៅ​៣០​ភាគរយ​បានមកពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​។ ដោយ​មើល​ពី​អត្ថប្រយោជន៍​នៃ​ផលិតផល​ទេសចរណ៍​កីឡា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​អះអាងថា លោក​នឹង​ព្យាយាម​បង្កើត ក៏ដូចជា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​នេះ​ឲ្យ​កាន់តែច្រើន​ថែមទៀត​នាពេលខាងមុខ​។ 
 
​ការប្រកួត​នឹង​ចេញដំណើរ​ពី​ទី​លានជល់ដំរី ដោយ​រត់​ឆ្លងកាត់​ផ្លូវ​ព្រៃ និង​ប្រាង្គ​ប្រាសាទ​មួយចំនួន​នៅ​បរិវេណ​អង្គរ មុន​បន្តដំណើរ​រត់តាម​ផ្លូវ​វាលស្រែ និង​ភូមិ​របស់​ប្រជាពលរដ្ឋ​នៅក្បែរៗ​នោះ​។ ការរត់​អាច​ចំណាយពេល​២៤​ម៉ោង ដោយ​ចេញដំណើរ​នៅ​ម៉ោង​៤​ទៀបភ្លឺ និង​មក​ទី​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ គួរបញ្ជាក់ នេះ​សម្រាប់តែ​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​៕ 




 

Tag:
 រត់ប្រណាំង​
  Ultra Trail Angkor
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com