សប្តាហ៍នេះ រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅវេណេស៊ុយអេឡា ស្របពេលដែលរដ្ឋអាមេរិកឡាទីនមួយនេះកំពុងត្រដរខ្យល់ដោយសារវិបត្តិសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកចេញមុខទិតៀនរុស្ស៊ី និងវេណេស៊ុយអេឡាដែលមិនខ្វល់ខ្វាយពីប្រជាពលរដ្ឋវេណេស៊ុយអេឡាដែលកំពុងរងទុក្ខវេទនា បែរជានាំគ្នាបង្អួតសាច់ដុំយោធាទៅវិញ។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជូនយន្តហោះយោធាចំនួនបួនគ្រឿងក្នុងនោះមានយុទ្ធទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ពីរគ្រឿង យន្តហោះដឹកជញ្ជូន An-124 មួយគ្រឿង និងយន្តហោះរយៈចម្ងាយឆ្ងាយ Il-62ទៅកាន់រដ្ឋធានីការ៉ាកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
រដ្ឋមន្ត្រីការពាជាតិវេណេស៊ុយអេឡា Vladimir Padrino López បានចាត់ទុកវត្តមានយន្តហោះយោធារុស្ស៊ីនៅក្នុងទឹកដីខ្លួននេះថា ការលូតលាស់នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រជាជាតិទាំងពីរ។ មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា វាមិនមែនជាការបង្ករឿងឬចង់បានសង្គ្រាមអ្វីឡើយ ប៉ុន្តែជានិមិត្តរូបនៃសន្តិភាពប៉ុណ្ណោះ។
ដោយឡែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវេណេស៊ុយអេឡាលោក Vladimir Padrino López ទទួលស្គាល់ថា ការបញ្ជូនយន្តហោះទៅវេណេស៊ុយអេឡា ពិតជាបង្ហាញឲ្យឃើញពីការរីកចម្រើននៃចំណងទំនាក់ទំនងយោធាទ្វេភាគីរាប់ចាប់ពីឆ្នាំ ២០០៥ ក្រោមអាណត្តិដឹកនាំរបស់លោក ហ៊ូហ្គោ ឆាវេស។
តាមពិតទៅ វត្តមានយន្តហោះយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅលើទឹកដីវេណេស៊ុយអេឡាកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីនៃរដ្ឋអាមេរិកឡាទីនលោក នីកូឡាស ម៉ាឌុយរ៉ូ ទៅទស្សនកិច្ចនៅរុស្ស៊ីសប្តាហ៍មុន។
គេមើលឃើញថា ការបញ្ជូនក្រុមយន្តហោះទៅវេណេស៊ុយអេឡាជាចេតនារបស់រុស្ស៊ីក្នុងការផ្ញើសារទៅក្រុងវ៉ាស៊ីនតោន និងសហគមន៍អន្តរជាតិ។ សារនោះគឺ រុស្ស៊ីនៅគាំទ្ររបបដឹកនាំក្រុងការ៉ាកាសដែលទោះជាក្នុងស្ថានការណ៍ណាក៏ដោយ ខណៈដែលអាមេរិកនិងសម្ព័ន្ធមិត្តបន្តបង្កើនសម្ពាធ និងដាក់ទណ្ឌកម្មប្រឆាំងរបបដឹកនាំវេណេស៊ុយអេឡាផង។ មួយទៀត វាជាការឆ្លើយតបនឹងសម្តីគំរាមកំហែងរបស់អាមេរិកប្រឆាំងនឹងរបបដឹកនាំវេណេស៊ុយអេឡាដែរ។
កាលពីដើមខែធ្នូនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាធីស បានលើកឡើងក្នុងវេទិកាសន្តិសុខថា របបដឹកនាំម៉ាឌុយរ៉ូ គួរតែចាកចេញដើម្បីសង្គ្រោះប្រទេសជាតិជាពិសេសវិស័យសេដ្ឋកិច្ច និងសង្គមដែលកំពុងក្ស័យធននោះ។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់រូបនេះមិនបានបកស្រាយពាក្យសម្តីរបស់ខ្លួនឡើយ។
ដោយឡែកនៅយប់ថ្ងៃចន្ទទី ១០ ខែធ្នូ ប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានសរសេរបង្ហោះក្នុងគណនី twitter ផ្លូវការរបស់ខ្លួនដោយទិតៀនក្រុងមូស្គូ និងក្រុងការ៉ាកាសដែលធ្វើរឿងឥតប្រយោជន៍ លើគំនរទុក្ខរបស់ប្រជាពលរដ្ឋវេណេស៊ុយអេឡាដែលកំពុងរងទុក្ខវេទនា។
«ប្រជាជនរុស្ស៊ីនិងវេណេស៊ុយអេឡាគួរមើលបញ្ហានេះ។ របបដឹកនាំពុករលួយទាំងពីរខ្ជះខ្ជាយលុយរដ្ឋ និងសង្កត់សង្កិនសិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងដែលពួកគេកំពុងរងទុក្ខវេទនា»។ លោក ប៉ុមប៉េអូ បានសរសេរដូច្នេះ។
ចំណែកក្រសួងការពារជាតិអាមេរិកវិញក៏រិះគន់សកម្មភាពរុស្ស៊ីដូចគ្នា។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្កូន Robert Manning បានប្រាប់អ្នកសារព័ត៌មានថា វាជាសកម្មភាពមិនសមរម្យទាល់តែសោះ ដែលរុស្ស៊ីព្យាយាមបង្អួតយន្តហោះខ្លួនចំពេលដែលសោកនាដកម្មមនុស្សជាតិកំពុងកើតឡើងនៅវេណេស៊ុយអេឡា។ អ្នកនាំពាក្យរូបនេះបន្តថា ខុសពីរុស្ស៊ីដាច់ អាមេរិកបញ្ជូននាវាមន្ទីរពេទ្យទៅប្រទេសកូឡុំប៊ី ដើម្បីព្យាបាលប្រជាជនវេណេស៊ុយអេឡាដែលកំពុងត្រូវការព្យាបាល និងជំនួយថ្នាំសង្កូវ៕