ជាតិ
លោក ប៉ាវ ស៊ីណា សប្បាយចិត្តដែលតុលាការពន្លឿនការកាត់ក្តី ប៉ុន្តែត្រៀមប្ដឹងទៅឧទ្ធរណ៍
× ភ្នំពេញ៖ តុលាការបានសម្រេចសាលក្រមឲ្យមេដឹកនាំសហជីព៦នាក់ ដោយផន្ទាទោសដាក់ពន្ធនាគារម្នាក់២ឆ្នាំ៦ខែ ពាក់ព័ន្ធសំណុំរឿងផ្តើមគំនិតដឹកនាំបាតុកម្មឲ្យមានអំពើហិង្សានៅផ្លូវវេងស្រេង កាលពីអំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ ប៉ុន្តែទោសជាប់ពន្ធនាគារនេះ ត្រូវបានតុលាការ សម្រេចឲ្យសហជីពព្យួរទោស ដោយអាចនៅក្រៅឃុំ បំពេញការងារជាធម្មតា។ សហជីព សប្បាយចិត្តនឹងការពន្លឿនការកាត់ទោសនេះ ប៉ុន្តែពួកគេត្រៀមខ្លួន ប្តឹងទៅឧទ្ធរណ៍ ជំទាស់សាលក្រមសាលាដំបូង។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បាននិយាយថា លោកមិនអាចទទួលយក ការសម្រេចរបស់តុលាការនេះឡើយ ព្រោះរូបលោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់។ លោក ប៉ាវ ស៊ីណា ដែលជាមេសហជីពម្នាក់ ក្នុងចំណោមមេសហជីព៦នាក់ ដែលត្រូវបានតុលាការកាត់ទោសនេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«គ្មានអ្វីចម្លែកទេ ព្រោះអ្នកប្ដឹងសុទ្ធតែអ្នកមានលុយ អ្នកមានអំណាច ដូច្នេះច្បាស់ណាស់ថា លទ្ធផលគឺវាប្រាកដជាបែបនេះ។ ប៉ុន្តែខ្ញុំឆ្ងល់ថា សម្ដេចនាយករដ្ឋមន្ត្រី ស្នើឲ្យតុលាការពន្លឿននីតិវិធីពិនិត្យមើលហើយទម្លាក់បទចោទ ប៉ុន្តែបែជាតុលាការកាត់ទោសទៅវិញ។ ហើយការកាត់ទោសនេះ យើងក៏ពិបាកទទួលយកបានណាស់ ព្រោះខ្ញុំមិនបាននៅកន្លែងកើតហេតុ ដូចការចោទប្រកាន់ឡើយ សូម្បីនៅក្នុងកាមេរ៉ាទូរស័ព្ទ ដែលគេថតបាន ក៏គ្មានរូបខ្ញុំដែរ»។
បើតាមលោក ប៉ាវ ស៊ីណា លោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការប្ដឹងទៅសាលាឧទ្ធរណ៍ ជំទាស់លើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ។
មេសហជីពទាំងនោះ រួមមាន លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា, លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា, លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា, លោក រ៉ុន ឈុន ប្រធានសហភាពសហជីពកម្ពុជា, អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្មករកម្ពុជា និង អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មកាត់ដេរកម្ពុជា។អ្នកទាំង៦ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនា នៅក្រោយឆ្នាំ២០១៣។
ក្រៅពីនេះ ចៅក្រម បានតម្រូវឲ្យអ្នកទាំង៦ រួមគ្នាបង់ប្រាក់៣០លានរៀល ទៅឲ្យមន្ត្រីនគរបាលពីររូប ដែលជាដើមបណ្តឹង។ លើសពីនេះ ពួកគេ ក៏ត្រូវបង់៥លានរៀលបន្ថែមទៀត ក្នុងម្នាក់ៗ ទៅឲ្យក្រុមហ៊ុន ដែលជាដើមបណ្តឹងផងដែរ៕
Tag:
ប៉ាវ ស៊ីណា
សហជីព
ឧទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com