ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី ចក់ សុភាព​៖ ពីរ​ឆ្នាំ​ចុងក្រោយ កម្ពុជា មាន​បញ្ហា​ច្រើន​ផ្នែក​សិទ្ធិមនុស្ស ដែល​ត្រូវ​កែលម្អ​
11, Dec 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស មិនទាន់​ពេញចិត្ត​មែនទែន​ទេ ចំពោះ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា បើទោះបីជា​រដ្ឋាភិបាល ប្រឹង​លើក​គុណសម្បត្តិ​ខ្លួនឯង ថា​បាន​ឲ្យ​តម្លៃ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​ក៏ដោយ​។ មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ចង់​ឲ្យ​រដ្ឋាភិបាល សម្រួល​ស្ថានការណ៍ ដើម្បី​ឲ្យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​ជាង​នេះ​។

  
 
​អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ទៅ​ចូលរួម​កម្មវិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​លើក​ទី​៧០ ដែល​រៀបចំ​ដោយ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​។ ក្នុងឱកាស​នោះ អ្នកស្រី ឆ្លៀត​ផ្តល់​បទ​សម្ភាស​ខ្លី ដល់​អ្នកកាសែត ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
 
​ស្ទើរតែ​ផ្ទុយស្រឡះ​ពី​មន្ត្រី​រដ្ឋាភិបាល អ្នកស្រី ចក់ សុភាព សង្កេតឃើញថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ មានការ​រឹតត្បិត​និង​ការគំរាមកំហែង​ជាច្រើន ទៅលើ​អង្គការ​-​សង្គម​ស៊ីវិល​។ បើតាម​អ្នកស្រី ស្ថានភាព​សិទ្ធិមនុស្ស កាន់តែ​យ៉ាប់យ៉ឺន ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ហើយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ ត្រូវបាន​ផាត់​ចេញពី​ឆាកនយោបាយ រួមទាំង​ការចោទប្រកាន់ លើ​អ្នកកាសែត និង​វិធានការ​ក្តៅ​លើ​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន ដូចជា​អាស៊ីសេរី​និង​ខេ​ម​បូ​ឌា​ដេលី ជាដើម​។ អ្នកស្រី ហៅ​វិធានការ​ទាំងនេះ ថា​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​តួអង្គ​ប្រជាធិបតេយ្យ​។​
 
​រម្លឹក​ដល់​រឿង​ទាំងនេះ អ្នកស្រី ចក់ សុភាព ដែល​ទើបនឹង​ទទួលបាន​ពាន​ផ្នែក​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​ពី​រដ្ឋាភិបាល​បារាំង​-​អា​ល្លី​ម៉​ង់ ក៏​ឆ្លៀត​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សម្រួល​ស្ថានការណ៍​ឡើងវិញ ដោយ​ទម្លាក់ចោល​រាល់​បទ​ចោទ ចេញពី​លោក កឹម សុខា សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស អ្នកកាសែត និង​មេ​សហជីព​។ អ្នកស្រី អះអាងថា ការធ្វើ​ដូច្នេះ គឺជា​ចំណុច​វិជ្ជមាន ដែល អាច​លើ​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ 
 
​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល ដែលមាន​បទពិសោធ​ច្រើន​ឆ្នាំ​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ បាន​សង្កត់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់ឃើញ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល ក្នុង​ធានាថា រាល់​បទ​ចោទ​នានា ទៅលើ​អ្នក​ទាំងនោះ ត្រូវបាន​ទម្លាក់ចោល ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​សកម្មភាព ដោយ​សេរី ដោយ​គ្មាន​ការភ័យខ្លាច ថា​ពួកគាត់ នឹងមាន​ការចោទប្រកាន់ ឬក៏​ការ​ចាប់ចង​»​។  
 
​លើសពីនេះ អ្នកស្រី ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល បន្ធូរដៃ​ឲ្យ​សកម្មជន​ដទៃ ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ផងដែរ ដើម្បី​ឲ្យ​ពួកគេ បាន​ត្រឡប់មក​បំពេញការងា​រ​នៅ​កម្ពុជា​វិញ​។ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ បញ្ជាក់ថា​៖«​ខ្ញុំ​គិតថា វា ជា​ចំណុច​សំខាន់ ដែល​រដ្ឋាភិបាល​គួរតែ​ធ្វើ​ភ្លាមៗ​»​។ 
 
​រឿង​សំខាន់​មួយទៀត ដែល​អ្នកស្រី ចក់ សុភាព ចង់បាន​ដែរនោះ គឺ​រដ្ឋាភិបាល គួរតែ​មើលឃើញ​ពី​តួនាទី​របស់​អង្គការ​-​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អ្នកស្រី ប្រាប់​ទៅ​រដ្ឋាភិបាល​ថា អង្គការ​-​សង្គម​ស៊ីវិល គ្មាន​បំណង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។  
 
​អ្នកស្រី លើកឡើង​បែបនេះ​ថា​៖«​រដ្ឋាភិបាល គួរតែ​មើលឃើញ​អង្គការ​-​សង្គម​ស៊ីវិល ជា​ដៃគូ​។ តែ​មិនមែន​ដៃគូ ដែល​ចាំតែ​យល់ព្រម​តាម​គ្រប់​រឿង​នោះទេ​។ ពេលខ្លះ យើង​មានមតិ​ផ្ទុយគ្នា ដែលជា​គោលការណ៍​សំខាន់​ក្នុង​លទ្ធិប្រជាធិបតេយ្យ​»​។ 
 
​អ្នកស្រី បន្ថែមទៀតថា​៖«​ខ្ញុំ គិតថា ចំណុច​សំខាន់បំផុត​នោះ គឺ​រដ្ឋាភិបាល គួរតែ​លុបចោល​នូវ​បរិបថ​មួយ ដែល​សម្លឹង​ឃើញ អង្គការ​-​សង្គម​ស៊ីវិល ជាស​ត្រូវ ឬក៏​មានការ​លាប​ពណ៌​ថា​សង្គម​ស៊ីវិល ជា​ចលនា​បដិវត្ត​ណាមួយ​នោះ​។ យើង គួរតែ​បើក​លំហ ដែល​កម្ពុជា អាច​ទទួលយក​មតិ​រិះគន់ និង មតិ​ចម្រុះ ដែល​យើង​អាច​មើលឃើញ​គោលដៅ​មួយ គឺ​យើង​ធានា​នូវ​ការគោរព​និង​ការការពារ​សិទ្ធិ​មន​សុ្ស​។ បើ​យើង​មើលឃើញ​គោលដៅ​រួមគ្នា ខ្ញុំ​គិតថា​មិនមាន​អ្វីដែល​ត្រូវ​មើលឃើញ​គ្នា​ជាស​ត្រូវ​នោះទេ​។ ប៉ុន្តែ​យើង​គួរតែ​មើលឃើញ​គ្នា​ជា​ដៃគូ ដែល​ចង់ឃើញ​ប្រទេស មាន​នីតិរដ្ឋ​និង​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​»​។ 
 
​យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល នៅតែ​លើក​ឡើងជា​ដដែលៗ​ថា កម្ពុជា គ្មាន​បញ្ហា​សិទ្ធិមនុស្ស​នោះទេ​។ ក្នុង​ទិវា​សិទ្ធិមនុស្ស​លើក​ទី​៧០ លោក កែវ រ៉េមី បាន​ថ្លែងថា បើ​ប្រៀប​ជាមួយនឹង​សហរដ្ឋអាមេរិក  អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ខ្លាំងណាស់​។ 
 
​ថ្មីៗ​នេះ រដ្ឋាភិបាល បានប្រកាស​ពី​ឆន្ទៈ​ក្នុង​ការពង្រឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​សម្តែង​ការយកចិត្តទុកដាក់​ខ្លាំង​ចំពោះ​អង្គការ​-​សង្គម​ស៊ីវិល​។ អ្វីដែល​ធ្វើ​ឲ្យ​គេ រឹតតែ​សាទរ​នោះ គឺ​រដ្ឋាភិបាល បានប្រកាស​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ  ដែល​គេ ដឹងថា​បំ​ណា​ង​នៃ​ការធ្វើ​វិសោធន​កម្មនេះ ទំនងជា​ចង់​បើក​ច្រក​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង បាន​វិល​មកកាន់​ឆាកនយោបាយ​វិញ​៕  
 

Tag:
 សិទ្ធិមនុស្ស​
  ចក់ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com