ជាតិ
ស​.​ស​.​យ​.​ក រៀបចំ​ពិព័រណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​បណ្តុះ​ផ្នត់គំនិត និង​បង្កើន​ការយល់ដឹង​ដល់​សិស្ស​និស្សិត​
11, Dec 2018 , 10:23 pm        
រូបភាព
ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន និង​សារមន្ទីរ​ចល័ត​ពិព័រណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន នឹង​រៀបចំ​ការតាំងពិព័រណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៣-១៥ ធ្នូ នា​អគារ​ខេមរា​នី រាជធានី​ភ្នំពេញ​។ ពិព័រណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ រៀបចំឡើង​ដើម្បី​បណ្តុះ​ផ្នត់គំនិត  តម្រង់ទិស និង​បង្កើន​ការយល់ដឹង​ដល់​សិស្ស​និស្សិត​។



បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ពិព័រណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ ជា​ព្រឹត្តិការណ៍​មួយ​លើកទឹកចិត្ត​ដល់​កុមារ យុវជន សិស្ស  និស្សិត ឲ្យ​ចាប់យក​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ក្នុងសម័យ​ឧស្សាហកម្ម និង​ឌីជីថល​។ ជាមួយគ្នានេះ នឹងចូលរួម​លើកកម្ពស់​សមត្ថភាព ការប្រកួតប្រជែង និង​ការរស់នៅ​ដោយ​ចីរភាព តាមរយៈ​ការ​មក​ទទួល​ចំណេះដឹង​លើ​បច្ចេកទេស​, បច្ចេកវិទ្យា និង​សាកល្បង ដោយ​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​។

តាមរយៈ​ពិព័រណ៍​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​យុវជន​ដែល​ចូលរួម ទទួលបាន​ការ​ប៉ះ​ផ្ទាល់ អនុវត្ត​ផ្ទាល់ ជាមួយ​វិទ្យាសាស្ត្រ​ផងដែរ​។ សម្រាប់​ការតាំងពិព័រណ៍​នេះ យុវជន សិស្ស និស្សិត និង​សាធារណជន​ទូទៅ អាច​ចូលរួម​ដោយ​សេរី​។​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ​ដដែល​៕


Tag:
 វិទ្យាសាស្រ្ត
  បច្ចេកវិទ្យា
  ស.ស.យ.ក
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com