កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool និង Spurs សុទ្ធតែ​ធ្វើ​ឲ្យ Napoli និង Inter ចុក​ឈាម
12, Dec 2018 , 11:09 am        
រូបភាព
Liverpool និង Tottenham Hotspur ដែល​ស្ថិតក្នុង​ពូ​ល​សុទ្ធសឹងតែ​ក្រុម​ខ្លាំងៗ​អាច​បាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League យ៉ាង​ប្រផិតប្រផើយ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ទាំង​៦​លើក​នៃ​វគ្គ​សន្សំ​ពិន្ទុ​រៀងខ្លួន​។ ក្រុម​ពី​អង់គ្លេស​ទាំងពីរ​បានធ្វើ​ឲ្យ​ក្រុម​ពី​អ៊ីតាលី Napoli និង Inter Milan ធ្លាក់​ដោយ​ចុក​ឈាម​។​


 
​ក្រុម​រហ្សនាម​ហង្ស​ក្រហម Liverpool បាន​យកឈ្នះ Napoli ដោយ​លទ្ធផល ១-០ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah នា​ការប្រកួត​លើកចុងក្រោយ​ពូ​ល C និង​ជា​ជ័យជម្នះ​ដើម្បី​នាំ​ក្រុម​របស់លោក Jurgen Klopp មាន​ពិន្ទុ​គ្រប់គ្រាន់​ឡើងទៅ​ជុំ​បន្ត​។ 
 
Liverpool ទទួលបាន​៩​ពិន្ទុ​ស្មើគ្នា​នឹង​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti ដែរ ប៉ុន្តែ​ក្រុម​ពី​អង់គ្លេស​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ដី​ល្អ​ជាង​។ រីឯ Paris Saint-Germain ដែល​យកឈ្នះ​Red Star Belgrade ដល់​ទៅ ៤-១ បាន​ឡើងទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ដោយមាន ១១​ពិន្ទុ​។ ដូច្នេះ PSG និង Liverpool ដឹក​ដៃ​គ្នា​ឡើងទៅ​កាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ហើយ Napoli នៅសល់​កៅអី​លេង​ពាន​លំដាប់​ទី​២​អឺរ៉ុប Europa League វគ្គ​៣២​ក្រុម​។​
 
​ដោយឡែក​ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស​មួយទៀត គឺ​ក្រុម​មាន់​ខ្នាយ​មាស Spurs ក៏​ទទួលបាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​លេង​នៅ​វគ្គ​ខ្វែង​ដែរ បើ​ទោះ​ពួកគេ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona ១-១ នា​ការប្រកួត​ចុងក្រោយ​ពូ​ល B ក៏ដោយ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Mauricio Pochettino រកបាន​៨​ពិន្ទុ​ស្មើគ្នា​ជាមួយ Inter Milan ក្រោយ​ឆ្លងកាត់​ការប្រកួត ៦​លើក​។ Inter ដែល​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម PSV Eindhoven ដោយ​លទ្ធផល ១-១ មិនអាច​ឆ្លង​ផុត​ទៅ​វគ្គ​បន្ត​ឡើយ​ដ្បិត​មាន​គ្រាប់​បាល់​ក្នុង​តិចជាង​គូប្រជែង Spurs​។

យ៉ាងណា​ក្រុម​ពី​អ៊ីតាលី​នេះ បាន​សិទ្ធិ​ប្រជែង​ពាន Europa League ដូច Napoli ដែរ​។​
 
Liverpool និង Spurs នឹងត្រូវ​ចូលរួម​ជាមួយ Manchester City និង Manchester United នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​កំពូល​អឺរ៉ុប​រដូវ​កាល​២០១៨-២០១៩ បើ​ទោះ​ក្រុម​ដែល​ស្ថិតក្នុង​ក្រុង Manchester ទាំងពីរ​នៅសល់​មួយ​ប្រកួត​ចុងក្រោយ​ក៏ដោយ​។​
 
​ចំណែក​ក្រុម​ផ្សេងទៀត​ដែល​បាន​សិទ្ធិ​ឡើងទៅ​វគ្គ​បន្ត​រួមមាន Borussia Dortmund, Atletico Madrid, FC Porto, Schalke 04, FC Bayern München, Ajax, Manchester City, Manchester United, Real Madrid, AS Roma និង Juventus​។ នៅសល់១ក្រុមទៀតដែល​ត្រូវ​ឆ្លងកាត់​ការប្រកួត​យប់​នេះ​។​
 
​ក្រុម​ដែល​ធ្លាក់​ទៅ​លេខ​ក្នុង​ក្របខណ្ឌ Europa League រួមមាន Galatasaray, Benfica, Club Brugge, Inter Milan, Napoli, Valencia ហើយនឹង​ត្រូវ​រង់ចាំ​២​ក្រុម​ទៀត​ក្រោយ​ឆ្លងកាត់​ការប្រកួត​យប់​នេះ​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com