ជាតិ
សង្គមជាតិ
រដូវ​ធ្វើ​ប្រហុក ផ្អក​ខែ​មិគសិរ ដល់​ហើយ​! ប្រញាប់​ឡើង ឆ្នាំនេះ អំណោយផល​ច្រើន​
12, Dec 2018 , 11:34 am        
រូបភាព
សកម្មភាព​របស់​កម្ម​ករ​នេសាទ​ចាក់​ត្រី​ចេញពី​ឧបករណ៍​នេសាប «​ដាយ​ត្រី​» មួយ​មាត់ នៅតាម​បណ្តោយ​ទន្លេ​សាទ ក្នុង​ឆ្នាំ​២០១៧​។ រូបភាព​ ឈុត ឈា​ណា
សកម្មភាព​របស់​កម្ម​ករ​នេសាទ​ចាក់​ត្រី​ចេញពី​ឧបករណ៍​នេសាប «​ដាយ​ត្រី​» មួយ​មាត់ នៅតាម​បណ្តោយ​ទន្លេ​សាទ ក្នុង​ឆ្នាំ​២០១៧​។ រូបភាព​ ឈុត ឈា​ណា
ដោយ:
​ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​ទេនោះ ការនេសាទ​ត្រី​ក្នុង​ខែ​មិគសិរ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​បាន​ផល​ច្រើន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១១ ខែធ្នូ ដោយ​អំពាវនាវ​ដល់​អ្នកធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ទាំងអស់ រួសរាន់​ប្រកប​របរ​របស់ខ្លួន ជាពិសេស​ចំពេល​ដែល​ទឹក​បឹង​ទន្លេសាប ស្រក​លឿន​ជាង​ឆ្នាំមុនៗ​។​

 
​ការសង្កេត​តាមដាន​លើ​កម្ពស់​ទឹក​នៅក្នុង​បឹង​ទន្លេសាប និង​លំហូរ​ទឹក​នៅតាម​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​ឲ្យ​ឃើញថា ទឹក​ស្រក​លឿន​ជាង​ឆ្នាំ​កន្លងទៅ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​បាន​ច្រើន​។​
 
«​លក្ខណៈ​បែបនេះ ធ្វើ​ឲ្យ​គន្លង​ដាយ​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​ក្នុង​ខែ​មិគសិរ​នេះ គឺ​ចាប់​ពីថ្ងៃ​៧​កើត ដល់​ថ្ងៃ​១៣​កើត ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែធ្នូ ខាងមុខ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​»​។ សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ស្រ៊ុន លឹម​សុខ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​
 
​ជាមួយគ្នានេះ​ផងដែរ ស្ថាប័ន​ជំនាញ បាន​អំពាវនាវ​ដល់​ពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ ឲ្យ​រួសរាន់​ធ្វើ​ឲ្យ​ទាន់ពេលវេលា និង​ទីកន្លែង​ដែល​បានកំណត់​។  លោក ស្រ៊ុន លឹម​សុខ ក៏បាន​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​សហការគ្នាជាមួយ​សមត្ថ​កិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ចុះទៅ​សម្រួល​ចរាចរណ៍ ដល់​ដំណើរ​ទៅមក និង​ស្នាក់នៅ និង​ការដឹកជញ្ជូន​ត្រី​ផងដែរ​៕ 
 

Tag:
 ទឹក​
 ​ប្រហុក​
 ​ផ្អក​
 ​ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com