អន្តរជាតិ
ចិន ចាប់ខ្លួន​អតីត​អ្នកការទូត​កាណាដា​ប្រចាំ​ប៉េកាំង​
12, Dec 2018 , 2:38 pm        
រូបភាព
អតីតមន្រ្តីការទូតកាណាដា Michael Kovrig ដែលអាជ្ញាធរចិនចាប់ខ្លួន (រូបភាព International Crisis Group)
អតីតមន្រ្តីការទូតកាណាដា Michael Kovrig ដែលអាជ្ញាធរចិនចាប់ខ្លួន (រូបភាព International Crisis Group)
​ជនជាតិ​កាណាដា​ម្នាក់​ដែលជា​អតីតមន្ត្រី​ការទូត​ប្រចាំ​ទីក្រុង​ប៉េកាំង ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​។ នេះ​បើតាម​ការប្រកាស​របស់​ស្ថាប័ន International Crisis Group និង​រដ្ឋាភិបាល​កាណាដា​។ ការចាប់ខ្លួន​លោក Michael Kovrig ធ្វើឡើង​បន្ទាប់ពី​ការចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei នៅ​កាណាដា កាលពី​សប្ដាហ៍​មុន​។ ក្រុង​អូ​តា​វ៉ា និង​ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ជំហរ​ព្រួយបារម្ភ​ខ្លាំង​នឹង​ចំណាត់ការ​របស់​ក្រុង​ប៉េកាំង ទោះជា​ប៉េកាំង​មិនទាន់​និយាយ​អ្វី​លើ​ករណី​លោក Kovrig ក្ដី​។​

 
​អាមេរិក ចិន និង​កាណាដា កំពុង​ជាប់​ខ្លួន​ក្នុង​វិបត្តិ​ការទូត​ត្រីភាគី​ជុំវិញ​ការឃាត់ខ្លួន​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ។ បន្ទាប់ពី​ព្រមាន​កាណាដា​រួចមក គេ​មាន​ព័ត៌មាន​ថា ជនជាតិ​កាណាដា ត្រូវបាន​ឃាត់ខ្លួន​នៅ​ទឹក​ចិន​។ ការឃាត់ខ្លួន​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយ​ថា ក្រុង​ប៉េកាំង​អាចដាក់​គោលដៅ​លើ​ធុរជន​ធំៗ​របស់​អាមេរិក​ដែល​កំពុងធ្វើការ​នៅ​ទឹកដី​ចិន ជាការ​សងសឹក​វិញ​។​
 
​នៅ​ថ្ងៃទី​១១ ខែធ្នូ អង្គការ International Crisis Group ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រកាសថា ខ្លួន​ទទួល​ព័ត៌មាន​ពី​ការចាប់ខ្លួន​លោក Michael Kovrig ជា​បុគ្គលិក​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លោក Kovrig ដែល​អាច​និយាយ​ភាសា​ចិន​បាន​ស្ទាត់ជំនាញ​នោះ ជា​អតីត​មន្ត្រីការទូត​កាណាដា​ប្រចាំ​ទីក្រុង​ប៉េកាំង ហុងកុង និង​នៅ​អង្គការសហប្រជាជាតិ​។ អង្គការ​នេះ​កំពុង​ស្វះ​ស្វែងរក​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​ការចាប់ខ្លួន និង​ដើម្បី​ការដោះលែង​ផង​។​
 
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ក៏​ដឹងឮ​ការចាប់ខ្លួន​លោក Kovrig ដែរ និង​និយាយថា កាណាដា​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ឯ​អាមេរិក​វិញ បានស្នើ​ឲ្យ​ចិន​អនុវត្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការគោរព​សិទ្ធិមនុស្ស ពិសេស​ត្រូវ​បញ្ចប់​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត​។ អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​អាមេរិក Robert Palladino បញ្ជាក់ថា ចិន​ត្រូវគោរព​ការការពារ និង​សេរីភាព​បុគ្គល​ទាំងអស់​តាម​គោលការណ៍​អន្តរជាតិ និង​កុងស៊ុល​។​
 
​ជុំវិញ​ការចាប់ខ្លួន​លោក Kovrig អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang និយាយថា​នៅ​ថ្ងៃទី​១២ ខែធ្នូ ថា អតីត​អ្នកការទូត​រូបនេះ​ទំនងជា​បំពាន​ច្បាប់​អង្គការ​អន្តរជាតិ​របស់​ចិន​។ មកទល់ពេលនេះ អ្វីដែល​គេ​ដឹង គឺ​លោក​ត្រូវ​សន្តិសុខ​ចិន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​១០ ខែធ្នូ​នៅ​ប៉េកាំង ប៉ុន្តែ​មិនទាន់​ដឹងថា​ក្រោម​បទ​ចោទ​អ្វី​ពិតប្រាកដ​ឡើយ​។ ការឃាត់ខ្លួន​នេះ កើតមាន​ស្របពេល​ភាព​តានតឹង​រវាង​ចិន និង​កាណាដា​កំពុង​កើនឡើង​ខ្លាំង​។​
 
​យ៉ាងណាមិញ នៅ​ថ្ងៃទី​១១ ខែធ្នូ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ព្រមាន​ថា ចិន​មិន​អត់ឱន​ដល់​ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួន​ឡើយ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ករណី Huawei ទេ​។ សម្រាប់​កានាដា​វិញ ការចាប់ខ្លួន​លោក Kovrig និង​ករណី​ឃាត់ខ្លួន​នៅ Vancouver គឺ​មិន​ទាក់ទង​គ្នា​ឡើយ ប៉ុន្តែ ក្រុង​អូ​តា​វ៉ា​ចង់​ឲ្យ​ក្រុង​ប៉េកាំង​ដឹង​ពី​ការបារម្ភ​របស់ខ្លួន​៕ 

Tag:
 ចិន​
  កាណាដា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com