ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រី ហៅការដាក់ទោសពីរឆ្នាំកន្លះ លើមេសហជីពបីនាក់ ថាអយុត្តិធម៌ រូបពីអង្គភាពប្រតិកម្មរហ័សនៃគណៈរដ្ឋមន្រ្តី
× មេសហជីពបីនាក់ គឺលោក ជា មុន្នី លោក អាត់ ធន់ និងលោក ប៉ាវ ស៊ីណា មិនជាប់ពាក់ព័ន្ធអ្វីទាំងអស់ នឹងការធ្វើកុបកម្ម និងអំពើហិង្សា នៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រី លើកឡើងបែបនេះ នៅក្រោយមួយថ្ងៃ នៃការប្រកាសសាលក្រមរបស់តុលាការរាជធានីភ្នំពេញ ដែលឲ្យមេសហជីពបីនាក់ខាងលើ រួមទាំងមេសហជីពបីនាក់ផ្សេងទៀត គឺលោក រ៉ុង ឈុន អ្នកស្រី យ៉ាង សោភ័ណ្ឌ និងអ្នកស្រី ម៉ម ញឹម ជាប់ពន្ធនាគារពីរឆ្នាំកន្លះ និងត្រូវបង់ប្រាក់ដល់ទៅខ្ទង់លានក្នុងម្នាក់ៗ ទៅឲ្យដើមបណ្តឹង។ ប៉ុន្តែ ទោសពីរឆ្នាំកន្លះ ត្រូវបានព្យួរ ពោលគឺ តុលាការ អនុញ្ញាតឲ្យពួកគេ រស់នៅក្រៅពន្ធនាគារ។
នៅចំពោះមុខកម្មករ-កម្មការិនី ប្រមុខរដ្ឋាភិបាល បានប្រកាសយ៉ាងដូច្នេះថា៖«តុលាការ កាត់ទោស តែមិនឲ្យជាប់ពន្ធនាគារ គឺសម្រាលណាស់ទៅហើយ។ តែសម្រាលយ៉ាងណាក៏ដោយ ក៏វា អត់យុត្តិធម៌ ក្នុងការកាត់ក្តីដែរ ព្រោះគេ អត់បានជាប់ពាក់ព័ន្ធផង តែទៅជាជាប់គុក និង មានឈ្មោះជាអ្នកមានទោសហ្នឹងគេដែរ។ ខ្ញុំ មិនចោទតុលាការ ថាអយុត្តិធម៌ទេ ក៏ប៉ុន្តែ ពេលខ្ញុំបានដឹងរឿងនេះ ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ ព្រោះក្នុងឋានៈខ្ញុំជាអ្នកគ្រប់គ្រងសន្តិសុខជាតិ ខ្ញុំបានដឹងថា អ្នកទាំងបី អត់ពាក់ព័ន្ធឡើយ។ តែចំពោះអ្នកបីនាក់ផ្សេងទៀត [លោក រ៉ុន ឈុន អ្នកស្រី យ៉ាង សោភ័ណ្ឌ និងអ្នកស្រី ម៉ម ញឹម] ខ្ញុំអត់ដឹងទេ»។
ពីឆ្វេងទៅស្តាំ៖ លោក ជា មុន្នី លោក ប៉ាវ ស៊ីណា និងលោក អាត់ ធន់
ប្រមុខរដ្ឋាភិបាល ប្រាប់មហាជនថា ខ្លួនមានភ័ស្តុងតាងច្បាស់លាស់ ទើបហ៊ានអះអាងបែបនេះ។ មេដឹកនាំរូបនេះ នៅមានសាក្សីពីរនាក់ទៀត ដែលដឹងរឿងនេះ គឺលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល។
បន្ទាប់មក នាយករករដ្ឋមន្ត្រី ដែលប្រកាសថាខ្លួន បានតាមដានរឿងនេះ តាំងពីដើមមក ក៏បានជំរុញឲ្យមេសហជីពទាំងបី ឲ្យប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍។ នាយករដ្ឋមន្ត្រី ថ្លែងបែបនេះថា៖«សាលាឧទ្ធរណ៍ អាចហៅលោក កែវ រ៉េមី ទៅសួររឿងលោក ជា មុនី្ន ហើយហៅលោក សយ សុភាពទៅសួររឿងលោក អាត់ ធន់ និងរឿងលោក ប៉ាវ ស៊ីណា។ តែខ្ញុំ ស្នើឲ្យអ្នកទាំងបី រកភ័ស្តុតាងខ្លួនឯងបន្ថែម ដើម្បីបញ្ជាក់ថា មិនបានជាប់ពាក់ព័ន្ធទេ»។
ក្រោយសាលក្រម ត្រូវបានប្រកាស លោក ប៉ាវ ស៊ីណា បានប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំជំទាស់។ ចំណែក លោក កែវ រ៉េមី និងលោក សយ សុភាព ត្រូវបានសារព័ត៌មានដើមអំពិល ចុះផ្សាយថា ពួកលោក នឹងធ្វើតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្នុងការធ្វើជាសាក្សី ប្រសិនបើសាលាឧទ្ធរណ៍ កោះហៅពួកលោក៕
Tag:
ហ៊ុន សែន
តុលាការ
សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com