អន្តរជាតិ
លោក​ប្រធានាធិបតី​ត្រាំ​ប៉ះទង្គិច​ជាមួយ​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ទាក់ទង​នឹង​ការផ្តល់​ថវិកា​សម្រាប់​ស​ង់​ជញ្ជាំង​
12, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក​ប្រធានាធិបតី​ស​.​រ​.​អា ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង កាលពី​ថ្ងៃ​អង្គារ ក្នុង​រឿង​ផ្តល់​ថវិកា​សម្រាប់​សង់​ជញ្ជាំង​មួយ​នៅតាម​បណ្តោយ​ព្រំដែន​ស​.​រ​.​អា ជាមួយ​ប្រទេស​មិច​ស៊ិ​ក​។ លោក​ត្រាំ​ថ្លែងថា​លោក មាន​មោទនភាព​ក្នុង​ការបិទ​រដ្ឋាភិបាល​មួយផ្នែក នៅ​សប្តាហ៍​ក្រោយ ដោយសារ​ការខ្វែងគំនិត​គ្នា​នេះ​។​

 
«​បើសិនជា​យើង​គ្មាន​សន្តិសុខ​នៅ​ទល់ដែន​ទេ យើង​នឹង​បិទ​រដ្ឋាភិបាល​» នេះ​ជាស​ម្តី​របស់លោក​ត្រាំ ទៅកាន់​លោក Charles Schumer មេដឹកនាំ​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង លោកស្រី Nancy Pelosi ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​នៃ​គណបក្ស​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋសភា តែ​នឹង​ក្លាយជា​ប្រធានរដ្ឋសភា នៅពេលដែល​គណបក្ស​ប្រជាធិបតេយ្យ កាន់កាប់​រដ្ឋសភា នៅ​ខែក្រោយ​។​
 
​លោក​ត្រាំ បាន​ជជែក​ជាមួយ​លោក Schumer និង លោកស្រី Pelosi លើ​រឿង​សង់​ជញ្ជាំង​នេះ នៅពេលដែល​ពួក​អ្នកយកព័ត៌មាន​ឈរ​មើល ក្នុង​ការិយាល័យ​ប្រធានាធិបតី មុននឹង​លោក​ត្រាំ បណ្តេញ​ពួក​អ្នកយកព័ត៌មាន​ចេញ ហើយ​បន្ទាប់មក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​២​រូប ក្នុង​លក្ខណៈ​ឯកជន​។ លោក​ត្រាំ​ចង់បាន​ថវិកា​ចំនួន​៥​ពាន់​លាន​ដុល្លារ ដើម្បី​សង់​ជញ្ជាំង​កំពស់​១៥​ម៉ែត្រ ដែល​នៅ​ទីបំផុត អាច​ត្រូវ​ចំណាយ​អស់ ២០​ពាន់​លាន​ដុល្លារ នៅតាម​បណ្តោយ​ព្រំដែន​ប្រវែង​៣​ពាន់​២​រយ​គីឡូម៉ែត្រ ជាមួយ​ប្រទេស​មិច​ស៊ិ​ក​។ លោក Schumer ថ្លែងថា​គណបក្ស​ប្រជាធិបតេយ្យ សុខចិត្ត​ឲ្យ​ប្រាក់ ១​ពាន់​៣​រយ​លាន​ដុល្លារ សម្រាប់​ចាយវាយ​ក្នុង​កិច្ចការ​សន្តិសុខ​តាម​ទល់ដែន សម្រាប់​ឆ្នាំ​២០១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com