លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែធ្នូ បានចេញលិខិតឧទ្ទេសនាមថ្នាក់ដឹកនាំ និងបុគ្គលិក ១២រូបដើម្បីដោះស្រាយបញ្ហាទីលានបាល់ទាត់នៅខេត្តកំពង់ឆ្នាំង ដោយ លោករដ្ឋលេខាធិការ ស សុខា ទទួលបន្ទុកជាប្រធានគណៈកម្មការ។
ទីលានកីឡាបាល់ទាត់ខេត្តកំពង់ឆ្នាំង បានក្លាយជាប្រធានដ៏ចម្រូងចម្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន ចេញសេចក្តីសម្រេចឈប់ឲ្យប្រកួត និងហ្វឹកហាត់បាល់ទាត់ ក្រោមហេតុផលដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងរំខានដល់ការបំពេញការងាររបស់អង្គភាពនៅជុំវិញទីលាននោះ។
ក្នុងលិខិតដែលផ្ញើទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានលើកឡើងផងដែរថា សាលាខេត្តចំណាយថវិកាដើម្បីជួសជុលកែលម្អទីលានបាល់នៅពហុកីឡដ្ឋានខេត្ត (វត្តធម្មយុត្តិ) សម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ ឬហ្វឹកហាត់កីឡាបាល់ទាត់កំសាន្តដើម្បីសុខភាពជំនួសវិញ។
ចំណាត់ការនេះ នាំឲ្យមហាជន អ្នកស្រឡាញ់កីឡាបាល់ទាត់ ពិសេសប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ប្រតិកម្ម និងរិះគន់យ៉ាងខ្លាំង។ អ្នកខ្លះ បានសរសេរទៅលើហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ផងដែរ។
«បើតាមច្បាប់ចរាចរណ៍និយាយឲ្យមែនទែន បើកាលណាធ្វើឲ្យស្លាប់មនុស្ស គឺត្រូវចាប់ខ្លួនដើម្បីដោះស្រាយ។ អនុគណៈកម្មការចរាចរណ៍ផ្លូវគោកគិតថា ការទាត់បាល់នៅទីលានមុខសាលាខេត្តកំពង់ឆ្នាំងនេះ បើវាទៅប៉ះពាល់មនុស្ស មិនមែនជាប្រធានស័ក្តិទេ វាជាការគិតទុកជាមុន»។ លោក ឈួរ ច័ន្ទឌឿន លើកឡើងដូច្នេះ ហើយលើកជាចម្ងល់ថា ក្នុងករណីមានមនុស្សស្លាប់ដោយការប្រកួតបាល់ទាត់ ឬហ្វឹកហាត់ តើអ្នកណាទទួលខុសត្រូវ។
អភិបាលខេត្តរូបនេះសង្កត់ធ្ងន់ថា បើនិយាយពីសិទ្ធិអាទិភាព គឺផ្លូវមានអាទិភាពជាងទីលានបាល់ទាត់។ ដោយលោកពន្យល់ថា៖«តារាងបាល់មិនមែនអាទិភាពនោះទេ គឺផ្លូវអាទិភាព យើងត្រូវវាយតម្លៃឲ្យបានច្បាស់លាស់ ព្រោះផ្លូវជាទីតាំងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទូទាំងខេត្ត និងប្រទេស ដូចជាទៅរៀន ទៅប្រកបមុខរបរផ្សេងៗ និងទៅធ្វើការងារជាដើម។ ចំណែកការទាត់បាល់ គឺដើម្បីសុខភាព តែជាលក្ខណបុគ្គលម្នាក់ពីរនាក់នោះទេ»។
លិខិតឧទ្ទេសនាមដែលចុះហត្ថលេខាដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ គណៈកម្មការជំនាញដែលដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ នឹងចុះត្រួតពិនិត្យទីលានខាងលើចន្លោះពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៨។
គណៈកម្មការនេះមានសមាជិក១២រូបរួមមាន លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ(ប្រធាន), លោក ប៊ូ ជុំសេរី និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ជាអនុប្រធាន, លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំ៨រូបផ្សេងទៀតជាសមាជិក៕