ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមបណ្តាមេដឹកនាំបក្សប្រជាធិបតេយ្យថា លោកនឹងបិទដំណើរការរដ្ឋាភិបាលសហព័ន្ធចោលដោយផ្នែក បើសិនជាពួកគេមិនយល់ព្រមអនុម័តថវិកាជាតិសម្រាប់ទ្រទ្រង់គម្រោងសាងសង់ជញ្ជាំព្រំដែនម៉ិកស៊ិកទេ។ តាមការស្នើសុំរបស់ប្រធានាធិបតី គម្រោងសាងសង់ជញ្ជាំព្រំដែនត្រូវចំណាយថវិកាប្រហែល ប្រាំពាន់លានដុល្លារអាមេរិក។
គម្រោងសាងសង់ជញ្ជាំងព្រំដែនដែលជាគំនិតរបស់លោក ដូណាល់ ត្រាំ កំពុងក្លាយជាបញ្ហាក្តៅ ដ្បិតនិងចម្រូងចម្រាស។ នៅថ្ងៃអង្គារ លោក ត្រាំ បានគំរាមទាំងខឹងសម្បារថា បើសិនជាសមាជិកបក្សប្រជាធិបតេយ្យមិនឯកភាពលើកញ្ចប់ថវិកាសម្រាប់សាងសង់ជញ្ជាំងព្រំដែនទេ រដ្ឋាភិបាលអាមេរិកនឹងត្រូវបិទចោល។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ការព្រមានរបស់លោក ត្រាំ កើតឡើងក្នុងពិភាក្សាដោះដូរពាក្យសម្តីយ៉ាងតឹងសរសៃកមួយការិយាល័យពងក្រពើជាមួយតំណាងមេដឹកនាំបក្សប្រជាធិបតេយ្យមានសមាជិកព្រឹទ្ធសភាលោក Chuck Schumer និងសមាជិករដ្ឋសភាលោកស្រី Nancy Pelosi។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក ត្រាំ បានអញ្ជើញអ្នកកាសែតចូលទៅយកព័ត៌មានក្នុងបន្ទប់ពេលពិភាក្សា និងចរចាគ្នា ដែលតាមពិតគួរធ្វើឡើងជាសម្ងាត់នោះ។
ក្នុងទឹកមុខខឹងសម្បារ លោក ត្រាំ បានថ្លែងនៅចំពោះមុខមេដឹកនាំបក្សប្រជាធិបតេយ្យទាំងពីររូប អនុប្រធានាធិបតី ម៉ៃ ផេន និងអ្នកកាសែតដូច្នេះថា ៖« ពិតហើយ ប្រសិនជាយើងមិនបានអ្វីដែលយើងចង់បានទេ ខ្ញុំនឹងបិទរដ្ឋាភិបាលចោល។ ខ្ញុំមានមោទកភាពដែលត្រូវបិទរដ្ឋាភិបាលចោលដើម្បីសន្តិសុខព្រំដែន»។
លោក ត្រាំ គំរាមបែបនេះ ដោយសារកញ្ចប់ថវិកាដែលចំណាយលើដំណើរការរបស់រដ្ឋាភិបាលសហព័ន្ធនោះចាំបាច់ត្រូវអនុម័តឲ្យបាននៅថ្ងៃ ២១ ខែធ្នូខាងមុខដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលចោលដោយផ្នែក ព្រោះគ្មានថវិកាសម្រាប់ដំណើរការ។ បើសិនជាគ្មានការឯកភាពគ្នារវាងអ្នកសាធារណរដ្ឋ និងអ្នកប្រជាធិបតេយ្យនោះទេ ការបិទដំណើរការរដ្ឋាភិបាលនឹងកើតឡើងចៀសមិនផុតឡើយ។
តាមពិតទៅ ព្រឹទ្ធសភានៅបន្តស្ថិតក្រោមការកាន់កាប់របស់អ្នកសាធារណរដ្ឋ ខណៈសភាតំណាងឬរដ្ឋសភានោះរបូតធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នកប្រជាធិបតេយ្យទៅហើយកាលពីបោះឆ្នោតពាក់កណ្តាលអាណត្តិនៅដើមខែវិច្ឆិកាកន្លងទៅ។ ប៉ុន្តែតំណាងរាស្ត្របក្សប្រជាធិបតេយ្យនៅសភាតំណាងនឹងចូលកាន់អាសនៈភាគច្រើនចាប់ពីខែមករាឆ្នាំក្រោយឯណោះ។
ការសាងសង់ជញ្ជាំងជាគោលដៅរបស់លោក ត្រាំ តាំងពីពេលឃោសនាបោះឆ្នោតឆ្នាំ ២០១៦។ លោកចង់ឲ្យសមាជិកសភាឯកភាពគ្នាអនុម័តកញ្ចប់ថវិកាមានទំហំ ៥ពាន់លានដុល្លារ ដោយអះអាងថា ទំហំថវិកាប៉ុណ្ណឹងទើបល្មមសម្រាប់សាងសង់ជញ្ជាំងធំ និងរឹងមាំនៅតាមព្រំដែនម៉ិកស៊ិកបានដោយមានសុវត្ថិភាព។ ប៉ុន្តែតំណាងបក្សប្រជាធិបតេយ្យលោក Schumer និងលោកស្រី Pelosi អះអាងថា បើកញ្ចប់ថវិកាត្រឹម ១,៣ពាន់លានដុល្លារ អាចជារឿងសមស្រប។ ទំហំថវិកាដែលតំណាងបក្សប្រជាធិបតេយ្យលើកឡើងនេះនៅតិចជាងកញ្ចប់ថវិកា ១,៦ពាន់លានដុល្លារដែលគណៈកម្មាធិការចម្រុះប្រចាំព្រឹទ្ធសភាបានឯកភាពកន្លងមក។
កន្លងមក លោក ត្រាំ ធ្លាប់គំរាមបិទដំណើរការរបស់រដ្ឋាភិបាលដោយផ្នែកចោលដែរ ប៉ុន្តែលោកមិនបានធ្វើតាមការគំរាមរបស់ខ្លួនឡើយ។ ប៉ុន្តែលើកនេះ វាអាចមានភាគរយច្រើនដែលលោក ត្រាំ នឹងបិទរដ្ឋាភិបាលចោលជាអំណោយមុនថ្ងៃ Christmas ដ្បិតនៅដើមខែមករា សមាជិកបក្សប្រជាធិបតេយ្យនឹងដណ្តើមយកសភាតំណាងទៅក្តោបក្តាប់ហើយ៕