អន្តរជាតិ
ធនាគារពិភពលោក​៖ ម៉ាឡេស៊ី​ដើរ​លើ​គន្លង​ត្រឹមត្រូវ ឆ្ពោះទៅរក​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​
13, Dec 2018 , 8:39 am        
រូបភាព
ដោយ:
​ម៉ាឡេស៊ី​កំពុង​ដើរ​លើផ្លូវ​ត្រឹមត្រូវ ឆ្ពោះទៅ​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ និង​ប្រទេស​អភិវឌ្ឃន៍ នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​ធនា​គារ​ពិភពលោក​។  ហើយ​មូលហេតុ​នោះ​គឺ​មកពី​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​លើ​គ្រប់​វិស័យ​ប្រកួតប្រជែង​។​

 
​នៅ​ថ្ងៃ​ពុធ ទី​១២ ខែធ្នូ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ី​បូព៌ា លោកស្រី Victoria Kwakwa បាន​គូសបញ្ជាក់ថា សេដ្ឋកិច្ច​ម៉ាឡេស៊ី​មាន​ភាព​ចម្រុះ​គ្នា​ល្អ និង​ឈរលើ​មូលដ្ឋាន​ដ៏​រឹង​ម៉ាំ ដែល​ត្រៀម​រួចរាល់​ដឹកនាំ​ប្រទេស​ឆ្ពោះ ទៅរក​កម្រិត​មួយ​ផ្សេងទៀត​។ 
 
​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី Bernama លោកស្រី Kwakwa បានលើកឡើង​ទៀតថា​៖« ​យើង​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ជា​ផ្នែក​មួយ​នៃ​ដំណើរការ​មួយ​នេះ ក្នុង​គោលដៅ​ពង្រឹង​ស្ថាប័ន​នានា​, អភិវឌ្ឍ​ធនធានមនុស្ស  និង​ការពារ​ភាពផុយស្រួយ​នៅក្នុង​សង្គម​។  ធនាគារពិភពលោក​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​គាំទ្រ​ម៉ាឡេស៊ី  កំឡុងពេល​ដំណើរការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​នេះ​»​។​
 
​មែនទែនទៅ ដំណើរ​ឆ្ពោះទៅមុខ​លើ​គន្លង​ដ៏​ត្រឹមត្រូវ​របស់​ម៉ាឡេស៊ី​នេះ គឺ​ដោយសារតែ​កត្តា​មួយចំនួន រួមមាន សន្ទុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៃ​សេដ្ឋកិច្ច​ឌី​ចី​ថ​ល  និង​ការអភិវឌ្ឍ​ជំនាញ​សម្រាប់​ការប្រកួតប្រជែង​នាពេល​អនាគត​ក្នុង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​។​
 
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ទី​១០ ខែធ្នូ លោកស្រី  Kwakwa បានបញ្ចប់​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ ទៅកាន់​ម៉ាឡេស៊ី​។ អំឡុងពេល​ទស្សនកិច្ច​នេះ លោកស្រី​បាន​ជួប​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់​, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ  លោក Lim Guan Eng និង​ទេសាភិបាល​នៃ​ធនាគារជាតិ​ម៉ាឡេស៊ី លោកស្រី  Shamsiah Mohd Yunus៕
 

Tag:
 ម៉ាឡេស៊ី​
  ធនាគារពិភពលោក​
  សេដ្ឋកិច្ច​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com