ភ្នំពេញ៖ ប្រលោមលោក៥រឿង និងកំណាព្យ៥រឿងទៀត បានជាប់ជ័យលាភីពានរង្វាន់លោក លី ធាមតេង ក្រោមប្រធានបទ «សេរី»។ ក្នុងចំណោមរឿងទាំង១០ ប្រលោមលោករឿង «កូនស្រីផ្កាមាស» និងកំណាព្យរឿង «ត្រកៀតមួយទង» បានជាប់ជ័យលាភីលេខ១។
ប្រលោមលោករឿង «កូនស្រីផ្កាមាស» ដែលទទួលបានជ័យលាភីលេខ១ និពន្ធដោយលោក អួន ស៊ីឡុត មកពីខេត្តកំពង់ធំ។ រឿងនេះ និយាយពីបុរសពោះម៉ាយម្នាក់ ដែលប្រពន្ធក្បត់ចិត្តទៅមានអ្នកថ្មី។ ក្រោយមកគេក៏បានទៅរើសក្មេងស្រីពីរនាក់មកចិញ្ចឹម ដោយអប់រំឱ្យប្រព្រឹត្តខ្លួនតាមគន្លងប្រពៃណីខ្មែរ។ តែដោយកូនស្រីនោះគិតថាខ្លួនមានសិទ្ធិធ្វើអ្វីដែលខ្លួនពេញចិត្ត និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ គេក៏បានទៅធ្វើការងារជាអ្នកផ្សព្វផ្សាយស្រាបៀរតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលស្លៀកពាក់មិនសមរម្យ។ ឪពុកចិញ្ចឹមមិនបានបន្ទោសកូនឡើយ តែព្យាយាមរកឧទាហរណ៍ជាក់ស្ដែងមកបង្ហាញនិងពន្យល់កូន។ ក្រោយមកនាងក៏បានដឹងខ្លួន និងបានខិតខំរៀនរហូតជាប់បរិញ្ញាបត្រ និងមានការងារល្អ។
ម្ចាស់ជ័យលាភី បានបញ្ជាក់ពីគំនិតអប់រំក្នុងរឿងនេះយ៉ាងដូច្នេះថា៖«រឿងនេះបង្កប់ទស្សនវិជ្ជាចិញ្ចឹមកូន ដោយវិធីត្រជាក់។ ខ្ញុំឃើញម្ដាយឪពុកច្រើនណាស់គាត់តែងតែអប់រំកូនតាមវិធីក្ដៅ គាត់មិនបានព្យាយាមរកហេតុនៃបញ្ហា ហើយព្យាយាមដោះស្រាយតាមដំណាក់កាលឱ្យសមស្របទេ។ ដូច្នេះរឿងនេះផ្ដល់សារច្រើនដល់កូននិងឪពុកម្ដាយ ឱ្យចេះសិក្សាពីចិត្តគ្នាទៅវិញទៅមក»។
ជ័យលាភីលេខ២ផ្នែកប្រលោមលោក បានទៅលើរឿង «ក្មេងឃ្វាលក្របី» ដែលនិពន្ធដោយលោក លី ពុទ្ធា មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ៣ គឺប្រលោមលោករឿង «បង្គងជីវិត» ដែលនិពន្ធដោយអ្នកស្រី សួន សុខនាង មកពីខេត្តកណ្ដាល។ ជ័យលាភីលេខ៤ គឺប្រលោមលោករឿង «បេសកកម្មបេះដូង» ដែលនិពន្ធដោយលោក កែវ សេងរដ្ឋា មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ៥ បានទៅលើរឿង «មន្តស្នេហ៍រទេះរុញ» ដែលនិពន្ធដោយកញ្ញា ជឿន គឹមហេង មកពីរាជធានីភ្នំពេញ។
ចំណែក ជ័យលាភីផ្នែកកំណាព្យ ដែលទទួលបានលេខ១ គឺរឿង «ត្រកៀតមួយទង» ដែលនិពន្ធដោយលោក សំ មករា មកពីខេត្តព្រៃវែង។ កំណាព្យនេះ ពណ៌នាពីគ្រួសារក្រីក្រមួយដែលមានតែម្ដាយនិងកូនស្រីម្នាក់ឈ្មោះ សុខា និងប្អូនស្រីរបស់ម្ដាយម្នាក់។ គ្រួសារនេះប្រកបរបរលក់នំអន្សម បេះត្រួយអម្ពិល និងស្លឹករុក្ខជាតិចតួចលក់ គ្រាន់ផ្គត់ផ្គង់ជីវភាព។ ពេលកូនស្រីរៀនចប់ទី១២ ម្ដាយក៏ឱ្យទៅរៀនបន្តនៅភ្នំពេញ។
សុខា តាំងចិត្តយ៉ាងមុតមាំថានឹងខំរៀន ដើម្បីអនាគតគ្រួសារ។ នៅឆ្នាំទី១ ការសិក្សាហាក់រលូន តែនៅឆ្នាំទី២ ដោយម្ដាយមានគ្រោះថ្នាក់ ដោយធ្លាក់ពីលើដើមឈើ នាង ក៏ចាប់ផ្ដើមរារែក។ ព្រោះតែបណ្ដាំម្ដាយថាទោះមានរឿងយ៉ាងណាក៏មិនត្រូវឈប់រៀន ក្មេងស្រីក៏ខំរៀនបណ្ដើរនិងធ្វើការទ្វេដងដើម្បីយកប្រាក់រៀនផង និងយកទៅមើលម្ដាយផង។
នាងត្រូវទៅធ្វើការនៅកន្លែងកម្សាន្តរាត្រី តែនាងមិនលក់ខ្លួនឡើយ។ ក្រោយពីបានជួបបុរសម្នាក់ដែលសន្យាថានឹងមើលថែនាងពេញមួយជីវិត នាង ក៏រស់នៅជាមួយគេដោយមិនបានរៀបការត្រឹមត្រូវ។ ក្រោយមកទៀត ព្រោះតែស្នេហាមិនបានដឹងដល់ចាស់ទុំ នាងក៏ត្រូវគ្រាំគ្រា រែកទាំងរឿងម្ដាយ ព្រមទាំងឈឺចាប់នឹងប្ដីក្បត់ចិត្ត។ នេះជាដំណាក់កាលដែលនាងលំបាកបំផុត តែនារីរូបនេះនៅតែមិនបញ្ឈប់ការសិក្សា ថែមទាំងប្រឹងប្រែងកាន់តែខ្លាំង។ ទីបំផុតនាងបានក្លាយជានិពន្ធនាយកផ្នែកព័ត៌មាននៅក្នុងស្ថាប័នសារព័ត៌មានមួយ។
លោក មករា បានបញ្ជាក់ពីគំនិតអប់រំក្នុងកំណាព្យថា៖«រឿងនេះអប់រំផ្នែកការប្រកបមុខរបរ ពីការអប់រំរបស់ម្ដាយទៅកូន។ បង្ហាញឱ្យមនុស្សត្រូវតែចេះរឹងប៉ឹង ដោយខ្លួនឯង ទោះជួបឧបសគ្គយ៉ាងណា ក៏ត្រូវតែតស៊ូជម្នះ។ ហើយបង្ហាញឱ្យមនុស្សកុំឆាប់ជឿសម្ដីគេពេក»។
កំណាព្យ ដែលទទួលបានជ័យលាភីលេខ២ គឺរឿង «ម្លប់ជីវិត» ដែលនិពន្ធដោយអ្នកស្រី លឹម ផាន់ណា មកពីភ្នំពេញ។ ជ័យលាភីលេខ៣ បានលើរឿង «មរតកអមតៈ» ដែលនិពន្ធដោយអ្នកស្រី ចាន់ មណី មកពីភ្នំពេញ។ ជ័យលាភីលេខ៤ បានទៅលើរឿង «ល្ខោនជីវិត» ដែលនិពន្ធដោយលោក លឹម ចំរើន មកពីខេត្តស្ទឹងត្រែង។ ជ័យលាភីលេខ៥ បានទៅលើរឿង «ផ្ទៃមេឃប្រែពណ៌» ដែលនិពន្ធដោយលោក លី ឡាវុន មកពីខេត្តសៀមរាប៕