អន្តរជាតិ
លោក គីម ជុងអ៊ុន ទំនងជាមិនទៅសេអ៊ូលក្នុងឆ្នាំនេះតាមការសន្យាឡើយ
× ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់កូរ៉េខាងត្បូង ទំនងជាមិនអាចកើតឡើងក្នុងឆ្នាំនេះឡើយ។ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង វាជារឿងលំបាកសម្រាប់ប្រមុខដឹកនាំរបបក្រុងព្យុងយ៉ាងក្នុងការធ្វើទស្សនកិច្ចនៅសេអ៊ូលតាមការព្រមព្រៀងជាមួយប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែកញ្ញា។ ការលើកពេលនៃដំណើរទស្សនកិច្ចរបស់លោក គីម ទំនងជាធ្វើផែនការជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើងអូសបន្លាយដែរ។
គម្រោងទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់រដ្ឋធានីសេអ៊ូលក្នុងឆ្នាំ២០១៨ នេះ នៅតែមិនច្បាស់ដដែល ទោះជាមានពាក្យលេចឮថា ដំណើរទស្សនកិច្ចនេះអាចធ្វើឡើងនៅមុនដាច់ឆ្នាំនេះក្ដី។ ការពន្យារពេលណាមួយនោះ អាចប៉ះពាល់ដល់ប្រជាប្រិយភាពប្រធានាធិបតី មូន ចេអ៊ីន ដែលប្រឹងប្រែងរក្សាស្ថានភាពល្អប្រសើរក្នុងទំនាក់ទំនងអន្តរកូរ៉េ ស្របពេលដែលការចរចាស្ដីពីនុយក្លេអ៊ែរគាំងស្ដូកនោះ។
សូមរំឭកថយក្រោយបន្តិចថា លោក គីម បានយល់ព្រមធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងកាលពីជំនួបជាមួយលោក មូន នៅព្យុងយ៉ាង ដោយកាលនោះលោកប្ដេជ្ញានឹងទៅសេអ៊ូលឲ្យបានឆាប់តាមតែអាចធ្វើបាន។ បន្ទាប់មក ប្រធានាធិបតីកូរ៉េខាងត្បូងក៏សង្កត់ថែមថា ទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង នឹងធ្វើឡើងនៅក្នុងឆ្នាំ២០១៨ តែម្ដង។
វិមានខៀវ Cheong Wa Dae របស់លោក មូន ក៏បានរៀបចំលក្ខណៈទទួលទស្សនកិច្ចប្រវត្តិសាស្ត្ររបស់មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែអ្វីៗនៅតែមានការសម្រេចចុងក្រោយឡើយ។ ខណៈសល់មិនប៉ុន្មានថ្ងៃដាច់ឆ្នាំ២០១៨ ទៅហើយនោះ មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី១២ ខែធ្នូ បានទទួលស្គាល់ថា លោក គីម ពិតជាលំបាកក្នុងធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ។
ទស្សនកិច្ចរបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើង ពិតជាសំខាន់ណាស់សម្រាប់ទំនាក់ទំនងទ្វេភាគីផង និងការដោះស្រាយសំណុំរឿងនុយក្លេអ៊ែរផង។ នេះជារឿងជំពាក់វាក់វិនដ៏សាំញាំមួយ ដែលការសម្រេចចិត្តមួយនឹងជះឥទ្ធិពលដល់រឿងមួយទៀត។ បានន័យថា បើលោក គីម ទៅកូរ៉េខាងត្បូងកាន់តែឆាប់នោះ វាក៏ជាសញ្ញាវិជ្ជមានដល់ការចរចាស្ដីពីការរំសាយនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើងដែរ ខណៈលោក មូន កំពុងដើរតួជាអន្តរការី។
កាន់តែសំខាន់នោះ ការទៅឬមិនទៅក្រុងសេអ៊ូលរបស់លោក គីម ក៏ជះឥទ្ធិពលដល់ជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរ។ ដរាបណាទស្សនកិច្ចនៅកូរ៉េខាងជើងត្រូវពន្យារពេលនោះ ជំនួបត្រាំ-គីមលើកទី២ ក៏ទំនងជាមិនអាចកើតឡើងដែរ ទោះជាលោក ត្រាំ ចង់ជួបលោក គីម នៅដើមឆ្នាំ២០១៩ ក្ដី៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
អាមេរិក
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com