ជាតិ
សម្ដេច ស ខេង ប្រាប់​ឲ្យ​ម្ចាស់​សណ្ឋាគារនិង ផ្ទះសំណាក់ សហការ​ជាមួយ​អាជ្ញាធរ ក្នុងការ​បង្ក្រាប​គ្រឿងញៀន​
13, Dec 2018 , 10:04 am        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តសៀមរាប។ រូបពីហ្វេសប៊ុកសម្ដេច
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តសៀមរាប។ រូបពីហ្វេសប៊ុកសម្ដេច
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ម្ចាស់​ស​ណ្ឋា​គរ និង​ផ្ទះសំណាក់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ឲ្យ​បានល្អ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​សៀមរាប​។​


 
​សម្ដេច ស ខេង បាន​និយាយថា ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ត្រូវបញ្ជូន​របាយការណ៍ និង​ទិន្នន័យ​ពី​ភ្ញៀវ មិន​ថា​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ ដែល​ចូល​ស្នាក់នៅ ទៅ​សមត្ថកិច្ច ដើម្បី​ក្ដោប​ព័ត៌មាន​នានា សម្រាប់​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​។ បើតាម​សម្ដេច ស ខេង បញ្ហា​បទល្មើស​គ្រឿងញៀន​នេះ ក៏​ធ្លាប់​កើតមាន​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​កន្លងមក​ដែរ​។​
​ក្រៅពីនេះ​សម្ដេច ស ខេង ក៏​ស្នើ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច បន្ត​ការអនុវត្ត​លើ​ករណី​គ្រឿងញៀន តាម​ទិសដៅ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ​។​
 
​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ចំនួន​អ្នកញៀន​គ្រឿងញៀន ដែល​មក​ទទួល​ការព្យាបាល​នៅតាម​សេវា​សុខាភិបាល​នានា មាន​ចំនួន ៣២៣១​នាក់ ក្នុងនោះ បុរស ៩៣​ភាគរយ និង​ស្ត្រី ៧​ភាគរយ​។ អ្នកញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការព្យាបាល បាន​បែង​ចែកជា​ពីរ គឺ​អ្នកញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន ដែលមាន​ចំនួន ៣១០៨​នាក់ និង​អ្នកញៀន​ប្រភេទ​ហេ​រូ​អ៊ី​ន មាន​ចំនួន ១២៣​។ អ្នកញៀន​គ្រឿងញៀន​ទាំងអស់នោះ បានទទួល​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​ជាតិ​, មន្ទីរពេទ្យបង្អែក​, មណ្ឌល​សុខភាព​, មណ្ឌល​ព្យាបាល និង​ស្ដារនីតិសម្បទា​ជាដើម​។​នេះ​បើតាម​ក្រសួងសុខាភិបាល ។​
 
​គួររម្លឹកថា រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​ម​ជាង​៥៦០០ ករណី ឃាត់​ជនសង្ស័យ​ជាង​១​ម៉ឺន​នាក់ (​ស្រី​ជិត​១​ពាន់​នាក់​)៕
 

Tag:
 ​ស ខេង​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com