កីឡាអន្តរជាតិ
អន្តរជាតិ
រកឃើញ​១៦​ក្រុម​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ UCL និង​៨​ក្រុម​ទៅ UEL វគ្គ​៣២​ក្រុម​
13, Dec 2018 , 11:09 am        
រូបភាព
​បន្ទាប់ពី​បញ្ចប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​លពី A ដល់ H ទាំង​៦​លើក​រៀងខ្លួន នៃ​ក្របខណ្ឌ UEFA Champions League នា​រាត្រី​ថ្ងៃទី​១២ ខែធ្នូ គេ​អាច​រកឃើញ​ក្រុម​ចំនួន​១៦ ដែល​អាច​ឈានទៅ​វគ្គ ១/៨​ផ្តាច់ព្រ័ត្រ​រួចរាល់​ហើយ និង​៨​ក្រុម​នៅសល់​កៅអី​លេង​នៅ Europa League វគ្គ​៣២​ក្រុម​ចុងក្រោយ  ហើយ​៨​ក្រុម​ទៀត​ត្រូវ​ព្យាយាម​នៅ​រដូវ​កាល​ក្រោយ​។​


 
Lyon ជា​ក្រុម​ចុងក្រោយ​គេ​ក្នុងចំណោម​ក្រុម​ទាំង​១៦​ដែល​ទទួលបាន​សិទ្ធិ​ទៅ​ប្រជែង​គ្នា​នៅ​វគ្គ​ខ្វែង ក្រោយ​ប្រកួត​ស្មើ​ជាមួយ​ក្រុម Shakhtar Donetsk ក្នុង​លទ្ធផល ១-១​។ ក្រុម​មកពី​បារាំង​រកបាន​៨​ពិន្ទុ​ពី​ការប្រកួត​៦​លើក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល F ហើយ ក្រុម​មកពី​អ៊ុយ​ក្រែ​ន Shakhtar មាន​៦​ពិន្ទុ នៅ​លេខ​៣ ដែល​អាច​លេង​នៅ​ក្របខណ្ឌ​ទី​ពីរ​អឺរ៉ុប​បន្តទៀត​។

ដោយឡែក​ក្រុម​ឈរ​កំពូល​តារាង Manchester City នៅតែ​បន្ត​ជ័យជម្នះ​របស់គេ​ដដែល​ដោយ​ឈ្នះ​ក្រុម​បាត​តារាង Hoffenheim ២-១​។​
 
​ក្នុង​ពូ​ល G ឯណោះ​វិញ ក្រុម CSKA Moscow បើទោះបី​អាច​យកឈ្នះ Real Madrid ដល់​ទៅ ៣-០ ក្តី​ក៏​ពួកគេ​មិនអាច​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឡើងទៅ​ជុំ​បន្ត និង​សូម្បីតែ​លេង​នៅ Europa League​។ នេះ​ព្រោះ​គូប្រជែង Viktoria Plzen បាន​យកឈ្នះ AS Roma ក្នុង​លទ្ធផល ២-១ ដែរ​។ ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ Viktoria Plzen បាន​កៅអី​លេង​នៅ Europa League ដោយសារ​មាន​៧​ពិន្ទុ​ស្មើ​ជាមួយ CSKA តែ​ជា​ក្រុម​លេង​ក្នុង​ដី​ល្អ​ជាង​។ Real Madrid បើ​ទោះ​ចាញ់​មែន តែ​ពួកគេ​នៅ​បន្ត​ឈរ​កំពូល​តារាង​ដដែល​។​
 
​ក្រុម​ទាំង​១៦ ដែល​ត្រូវ​ប្រជែង​គ្នា​នៅ​វគ្គ​១៨​ផ្តាច់ព្រ័ត្រ​រួមមាន​៖ Borussia Dortmund, Atletico Madrid, FC Porto, Schalke 04, FC Bayern München, Ajax, Manchester City, Manchester United, Real Madrid, AS Roma, Juventus, Liverpool, Paris Saint-Germain, Barcelona, Tottenham Hotspur និង Lyon​។​
 
​រីឯ ក្រុម​ដែល​ធ្លាក់​ទៅ​លេខ​ក្នុង​ក្របខណ្ឌ Europa League វគ្គ​៣២​ក្រុម​ចុងក្រោយ រួមមាន​៖ Galatasaray, Benfica, Club Brugge, Inter Milan, Napoli, Valencia, Shakhtar Donetsk និង Viktoria Plzen​។​
 
​លទ្ធផល​ប្រកួត​ទាំង​៤​ពូ​ល​កាលពី​យប់មិញ​
 
- Group  E 
 
Ajax ៣ - ៣ FC Bayern München
Benfica ១ - ០ AEK Athens
 
- Group F 

Manchester City ២ - ១ Hoffenheim
Shakhtar Donetsk ១ - ១ Lyon

- Group G 

Real Madrid ០ - ៣ CSKA Moscow
Viktoria Plzen ២ - ១ Roma

 - Group H 

Valencia ២ - ១ Manchester United
Young Boys ២ - ១ Juventus
 
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com