កីឡាជាតិ
ជាតិ
អតីត​អ្នក​ប្រដាល់ នួន ភិរម្យ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បាក់​ស្មងជើង និង​ឆ្អឹងជំនី​
13, Dec 2018 , 11:33 am        
រូបភាព
ដោយ:
​ដោយមាន​ជីវភាព​ខ្វះខាត​អតីត​អ្នក​ប្រដាល់ នួន ភិរម្យ មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន ក្រោយ​រងរបួស​បាក់​ស្មងជើង​ខាងស្តាំ និង​ឆ្អឹងជំនី​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នៅ​តំបន់ 7NG ក្នុង​ខេត្តកណ្តាល​។ បច្ចុប្បន្ន​លោក ភិរម្យ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​រុស្សី​)​។​

 
​ក្រោយ​រងរបួស​បាក់​ស្មងជើង​ខាងស្តាំ និង​ឆ្អឹងជំនី អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ នួន ភិរម្យ បាន​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន ដើម្បី​ទ្រទ្រង់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល បន្ទាប់ពី​លោក​រអ៊ូរទាំ​មាន​ជីវភាព​ខ្វះខាត​។ លោក ភី​រម្យ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។  
 
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង បន្ទាប់ពី​អតីត​អ្នក​ប្រដាល់​រូបនេះ ជិះ​បុក​បង្កាន់ដៃស្ពាន​នៅ​តំបន់ 7NG ក្នុង​ខេត្តកណ្តាល ក្រោយ​ត្រឡប់​មកពី​បំពេញ​តួនាទី​ជា​មន្ត្រី​អាជ្ញា​អាជ្ញាកណ្តាល ចៅក្រម​ក្នុងការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ នៅ​តំបន់​អភិវឌ្ឍន៍ 7NG​។​


លោក នួន ភិរម្យ ពេលនៅជាកីឡាករប្រដាល់
 
​ក្រោយ​រងរបួស លោក នួន ភិរម្យ ដែលជា​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ផង​នោះ ត្រូវបាន​ឡាន​សាមុយ​ដឹក​យកមក​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី កាលពី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​។ ប៉ុន្តែ​មកទល់​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ លោក ភិរម្យ ពុំទាន់​ទទួលបាន​ការវះកាត់ ដើម្បី​ដាក់​ដែក​អប​នៅឡើយ​ទេ​។​
 
​បញ្ហា​របួស​របស់​អតីត​អ្នក​ប្រដាល់​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ អាច​ចំណាយពេល​យ៉ាងតិច​៣​ខែ​ក្នុងការ​សម្រាក​ព្យាបាល​។ លោក ភិរម្យ ដែល​អាច​រកចំណូលបាន​ជាង​២០០​ដុល្លារ​ក្នុង​១​ខែ​យល់ថា ការ​សម្រាក​នេះ​អាច​ជះ​ឥទ្ធិ​ផល​មិនល្អ​ផងដែរ សម្រាប់​ជីវភាព​គ្រួសារ​របស់លោក​។ 
 
​លោក នួន ភិរម្យ បាន​ចូល​ប្រ​ឡូង​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពី​អាយុ​ជាង​១០​ឆ្នាំ ពោលគឺ​ក្នុងអំឡុង​ឆ្នាំ​១៩៩០​។ ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ​បាន​ប្រមាណ​ជា​២០​ឆ្នាំ លោក ភិរម្យ បាន​វិ​វដ្ត​ខ្លួន​ដោយ​ធ្វើជា​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយចំនួន​រួមមាន CTN ប៉ុស្តិ៍​លេខ​៣ និង​ចុងក្រោយ​ស្ថានីយទូរទស្សន៍​បាយ័ន​រហូតដល់​បច្ចុប្បន្ន​។ 
 
​ដោយសារ​ស្រលាញ់​វិស័យ​ប្រដាល់ ទោះបី​ក្លាយជា​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ក៏ដោយ តែ​អ្នក​ស្នង​គុន​ខ្មែរ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ នៅតែ​ឆ្លៀតឱកាស​ឡើង​សង្វៀន​ប្រកួត​ម្តងៗ​ម្កាល​ផងដែរ​៕        
  

Tag:
 ប្រដាល់​គុន​ខ្មែរ​
  នួន ភី​រម្យ​
© រក្សាសិទ្ធិដោយ thmeythmey.com