យន្តហោះយោធាអាមេរិក C-130 សប្តាហ៍នេះបានចុះចតនៅមូលដ្ឋានទ័ពអាកាសនារដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដោយនាំយកជួងប្រវត្តិសាស្ត្រ Balangiga និងនិមិត្តរូបនៃបដិវត្តន៍ប្រឆាំងអាណានិគមអាមេរិកចំនួនបីជាមួយផង។ ជួងដែលត្រូវរឹបអូសនោះជាជ័យភណ្ឌដោយទាហានអាមេរិកក្នុងឆ្នាំ ១៩០១ នោះត្រូវប្រគល់ជូនហ្វីលីពីនវិញចាប់ពីអំណឹះតទៅ។ កាយវិការការទូតល្អរបស់ក្រុងវ៉ាស៊ីនតោននៅពេលនះជាការព្យាយាមដុសលាងអតីតកាលដ៏ជូរចត់ និង អាចត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងសម្ព័ន្ធភាពដែលមានស្រាប់ជាមួយហ្វីលីពីនឲ្យកាន់តែជិតស្និទ្ធផង។
គិតត្រឹមឆ្នាំ ២០១៨នេះ វាមានរយៈពេល ១១៧ ឆ្នាំគត់ បន្ទាប់ពីអាមេរិករឹបអូសយកជួង Balangiga ជាជ័យភណ្ឌយោធា។ ប៉ុន្តែនៅថ្ងៃអង្គារទី ១១ ខែធ្នូជួង Balangiga ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋាភិបាលហ្វីលីពីនវិញជាផ្លូវការដោយទាហានអាមេរិក។
ក្នុងពីធីប្រគល់ជួងប្រវត្តិសាស្ត្រជូនប្រជាជនហ្វីលពីននេះ គេឃើញមានវត្តមានរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzanaរួមជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីនលោក Sung Kim និង មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកជាច្រើននាក់ ដោយមានការលេងភ្លេងជាតិហ្វីលីពីនដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AP ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលពីន Sung Kim បានថ្លែងក្នុងពិធីប្រគល់ជួងដូច្នេះ៖«វាជាកិត្តិយសធំធេងដែលមានវត្តមាននៅទីនេះដើម្បី បិទបញ្ចប់ជំពូកប្រវត្តិសាស្ត្រដ៏ឈឺចាប់។ សម្ព័ន្ធភាពយើងដើរឆ្លងកាត់ឧសគ្គច្រើនជំពូកក្នុងប្រវត្តិសាស្ត្រកន្លងមក និងបន្តរីកលូតលាស់ដូចសព្វថ្ងៃនេះ»។
បន្ទាប់ពីទទួលជួងនេះហើយ ពិធីប្រគល់ជួងទាំងបីទៅឲ្យពលរដ្ឋហ្វីលីពីនវិញ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Balangiga នៅថ្ងៃ ១៥ ធ្នូ។ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នឹងធ្វើជាអធិបតីដើម្បីប្រគល់ជួងនេះដោយផ្ទាល់ដែរ តាមការស្នើសុំពីប្រជាពលរដ្ឋ។
តាមពិតទៅ រដ្ឋាភិបាលក្រុងម៉ានីល បន្តទាមទារឲ្យក្រុងវ៉ាស៊ីនតោនប្រគល់ជួងទាំងបីនោះត្រឡប់មកវិញចាប់ពីឆ្នាំ ១៩៥០។ ប៉ុន្តែអាមេរិកនៅស្ទាក់ស្ទើរក្នុងការប្រគល់ជួងជ័យភណ្ឌទាំងនោះត្រឡប់មកវិញ។ អតីតយុទ្ធជនអាមេរិកមួយចំនួន បានជំទាស់ការបញ្ជូនជួងនេះត្រឡប់មកហ្វីលីពីនវិញ ដោយលើកហេតុផលថា ជួងទាំងនោះជាវត្ថុសម្រាប់រម្លឹកដល់វិញ្ញាណក្ខន្ធទាហានអាមេរិកដែលពលីក្នុងសង្គ្រាម។
-ជួង Balangiga ជានិមិត្តរូបបដិវត្តន៍ប្រឆាំងអាណានិគមអាមេរិក
ជួងហ្វីលីពីនដែលអាមេរិកប្រគល់ជូនវិញនេះ ត្រូវបានទាហានអាមេរិករឹបអូសយកទៅឆ្នាំ ១៩០១ ពីវិហារគ្រឹស្ត San Lorenzo Martir ដែលស្ថិតនៅខេត្ត Eastern Samar។ ជួងនេះក្លាយជារឿងចម្រូងចម្រាសដោយសារវាទាក់ទងនឹងប្រវតិ្តសាស្ត្រដ៏ខ្លោចផ្សា ដែលកើតឡើងក្នុងអំឡុងអាណានិគមអាមេរិកនៅលើទឹកដីហ្វីលីពីន។ វាជានិមិត្តរូបនេះបដិវត្តន៍ដ៏ធំសម្បើមប្រឆាំងម្ចាស់អាណានិគមដែលស្ទើរតែត្រូវគេបំភ្លេចចោល។
រឿងរ៉ាវកើតឡើងបែបនេះ។ ក្រោយឆ្នាំ ១៨៩៨ ពេលដែលអេស្ប៉ាញចាញ់សង្គ្រាម ហ្វីលីពីនស្ថិតក្នុងចំណោមទឹកដីមួយចំនួនដែលអេស្ប៉ាញត្រូវលះបង់ឲ្យអាមេរិកកាន់កាប់ជំនួស។ គួរឲ្យដឹងដែរថា មុនក្លាយជាទឹកដីអាណានិគមអាមេរិក ហ្វីលីពីនត្រូវអេស្ប៉ាញកាន់កាប់អស់ជាងបីសតវត្សរួចទៅហើយ។ នៅដើមសតវត្សទី ២០ នេះហើយ ដែលសង្គ្រាមរបស់ពលរដ្ឋហ្វីលីពីនប្រឆាំងនឹងម្ចាស់អាណានិគមថ្មី អាមេរិកនេះចាប់ផ្តើម។
ក្នុងខែកញ្ញា ឆ្នាំ ១៩០១ ក្រុមអ្នកបដិវត្តន៍ហ្វីលីពីនរាប់រយនាក់ប្រដាប់ដោយកាំបិតវាយឆ្មក់លើទាហានអាមេរិកដែលឈរជើងនៅក្រុង Balangiga។ ជួងនៅវិហារគ្រឹស្តនេះហើយត្រូវបានគេប្រើប្រាស់ដើម្បីបន្លឺសំឡេងឲ្យពលរដ្ឋដែលរស់នៅក្នុងទីក្រុងដឹងពី ការចាប់ផ្តើមនៃចលនាបះបោរប្រឆាំងនឹងអាមេរិកនេះ។ ទាហានអាមេរិក ៤៨នាក់ ត្រូវបានសម្លាប់និង ២០នាក់ផ្សេងទៀតរបួស ដោយសារការវាយប្រហារនេះដែរ។
យ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ Jacob Smith ដែលដឹកនាំកងទ័ពអាមេរិកកាលនោះបានសងសឹកចលនាបដិវត្តន៍ហ្វីលីពីនវិញដែរ ដោយសម្លាប់រង្គាលពលរដ្ឋហ្វីលីពីនមិនរើសមុខរួមទាំងក្មេងដែលមានអាយុត្រឹម ១០ឆ្នាំទៀត។ ទាហានអាមេរិកក៏ឆ្លៀតលួចជួង Balangiga យកទៅជាមួយទៀត។
ក្នុងចំណោមជួងចំនួនបី មានមួយត្រូវបានយកទៅដាក់តាំងនៅកងវរសេនាធំលេខ ៩ ដែលស្ថិតនៅកូរ៉េខាងត្បូង ខណៈដែលជួងពីរទៀតត្រូវវបានគេយកទៅទុកនៅកងវរសេនាធំលេខ ១១ ប្រចាំនៅមូលដ្ឋានទ័ពជើងអាកាស F E Warren នៅរដ្ឋ Wyoming។
យ៉ាងណាក៏ដោយ ក្រោយមកឧត្តមសេនីយ៍ Smith ត្រូវបានតុលាការយោធាកាត់ទោស និងបណ្តេញចេញពីជួរកងទ័ព ប៉ុន្តែសកម្មភាពសាហាវព្រៃផ្សៃនិងរឿងរ៉ាវឈឺផ្សានេះដក់ជាប់ក្នុងបេះដូងពលរដ្ឋហ្វីលីពីនគ្រប់គ្នា។
ក្រោយមានការប្រគល់ជួងនេះទៅឲ្យពលរដ្ឋនៅក្រុង Balangiga គេនឹងអាចលឺជួងបន្លឺសំឡេងជាថ្មី ក្រោយបាត់រូបអស់ជាង ១១០ឆ្នាំដែរ។
-កាយវិការការទូតល្អរបស់អាមេរិក ធ្វើឲ្យសម្ព័ន្ធមិត្តតាមសន្ធិសញ្ញានឹងត្របាញ់ចូលគ្នាជាថ្មី?
ការប្រគល់ជួងប្រវត្តិសាស្ត្រត្រឡប់មកហ្វីលីពីនវិញជាកាយវិការការទូតល្អរបស់អាមេរិក។ វាជាអាចជួយជម្រះចោលរឿងរ៉ាវខ្លោចផ្សានិងរាល់ភាពល្អកករក្នុងចំណងទំនាក់ទំនងទ្វេភាគី និងត្រួសត្រាយផ្លូវសម្រាប់ការស្តារសម្ព័ន្ធភាពដែលល្អក់កករប៉ុន្មានឆ្នាំចុងក្រោយដែរ។
ទង្វើម្ចាស់អាណានិគមអាមេរិក មានចំណែកដែលធ្វើឲ្យប្រធានាធិបតីមាត់ដាច ឌូទើតេ មានជំហរប្រឆាំង និងព្យាយាមងាកចេញពីសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាអាមេរិកដែរ។ ពេលអាមេរិកថ្កោលទោសសង្គ្រាមគ្រឿងញៀន លោក ឌូទើតេ សងសឹកវិញដោយថ្កោលទោសការធ្វើទុក្ខបុកម្នេញ និងសម្លាប់រង្គាលពលរដ្ឋហ្វីលីពីនដែលរស់នៅក្រុង Balangiga និងនៅលើកោះ Jolo ភាគខាងត្បូងដោយទាហានអាមេរិកនាសម័យអាណានិគមដែរ។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាធីស ធ្លាប់លើកឡើងកាលពីជួបពិភាក្សាទ្វេភាគីជាមួយសមភាគីហ្វីលីពីនលោក Delfin Lorenzana នាខែកញ្ញាថា ប្រគល់ជួងឲ្យហ្វីលីពីនវិញជាកាយវិកាមួយដ៏មានសារសំខាន់ក្នុងការលើកស្ទួយមិត្តភាព និងជាប្រយោជន៍នៃសន្តិសុខជាតិអាមេរិកដែរ។ ប៉ុន្តែតាមការពិតទៅ រដ្ឋបាលលោក ត្រាំ អាចបញ្ជូនជួងដែលត្រូវបានរឹបអូសយកទៅជាជ័យភណ្ឌសង្គ្រាមមកហ្វីលីពីនវិញបាន ក៏ដោយសារមានការធ្វើវិសោធនកម្មច្បាប់ដែលហាមប្រាមរាល់ការបញ្ជូនវត្ថុឬសម្ភារជាជ័យភណ្ឌសង្គ្រាមទៅកាន់ប្រទេសដទៃវិញ។
ថ្ងៃ ១១ ខែធ្នូពេលអាមេរិកប្រគល់ជួងមកវិញ ប្រមុខការពារជាតិហ្វីលីពីនលោក Lorenzana បាន រៀបរាប់ថា ជួង Balangiga នឹងបន្លឺសំឡេងជាថ្មី ហើយវានឹងរម្លឹកប្រជាជនក្នុងតំបន់ពីរឿងរ៉ាវដែលធ្លាប់កើតឡើងជាង ១០០ឆ្នាំមុន។ ប៉ុន្តែស្របពេលជាមួយគ្នានេះ លោក Lorenzana បានបង្ហាញក្តីរំពឹងថា ប្រវត្តិសាស្ត្រថ្មីក៏នឹងចាប់ផ្តើមដែរក្នុងទំនាក់ទំនងទ្វេភាគីរវាងហ្វីលីពីន និងអាមេរិក
«វាជាពេលដែលរបួសចាស់ជាសះស្បើយ។ វាក៏ជាពេលបិទបញ្ចប់រឿងរ៉ាវប្រវត្តិសាស្ត្រខ្លោចផ្សា ហើយសំឡឹងទៅអនាគតក្នុងនាមជាសម្ព័ន្ធមិត្តដែរ»។ Lorenzana និយាយដូច្នេះ។
តិចឬច្រើន វានឹងផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងហ្វីលីពីន ខណៈដែលមានការបារម្ភពេលដែលរដ្ឋាភិបាលម៉ានីលងាកទៅស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងចាប់ពីពេលដែលលោក ឌូទើតេ ឡើងកាន់តំណែង។ ចំណែក សហប្រតិបត្តិការទ្វេភាគីជាពិសេសវិស័យការពារជាតិនឹងមានការប្រែប្រួលទៅរកភាពល្អប្រសើរ និងកាន់តែរឹងមាំជាងមុនផងដែរ។
ហើយរឿងដែលគួរឲ្យកត់សម្គាល់នោះ ថ្វីបើលោក ឌូទើតេធ្លាប់ប្រកាសថា លោកនឹងមិនជាន់ដីអាមេរិកក៏ដោយកាលពីមុន ប្រភពស្និទ្ធនឹងប្រធានាធិបតីបង្ហើបថា លោកឌូទើតេ កំពុងពិចារណាទៅទស្សនកិច្ចនៅអាមេរិកតាមការអញ្ជើញរបស់សេតវិមានដែរ៕