ជាតិ
​បច្ចេកវិទ្យា
កម្ពុជា​និង​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការបោះ​ជំរុំ​បច្ចេកវិទ្យា ICT​ដំបូងបង្អស់​នៅ​សប្តាហ៍​ក្រោយ​
13, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ ​អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​[​កម្ពុជា​] ដែលជា​ភាសា​អង់គ្លេស​ថា Open Development Cambodia បាន​បង្កើត​ការបោះ​ជំរុំ​បច្ចេកវិទ្យា ICT លើកដំបូង​បង្អស់​ក្នុងប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្តោតទៅលើ​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ទិន្នន័យ​បើកទូលាយ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព គំនិត​ច្នៃ​ប្រតិដ្ឋ​ទាក់ទង​នឹង​រឿង​សង្គម និង​កម្មវិធី​បើកចំហ​។​

 
​ការបោះ​ជំរុំ​បច្ចេកវិទ្យា ICT លើកដំបូង​នេះ​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ រហូតដល់​ថ្ងៃទី​២១ ខែធ្នូ​នៅ​ខេត្តសៀមរាប​។​
 
​លោក​ធី ទ្រី នាយក​ប្រតិបត្តិ​នៃ​អង្គការ Open Development Cambodia និង​អ្នកតំណាង​ការបោះ​ជំរុំ បាន​ប្រាប់ VOA ខ្មែរ​ថា ក្រុមការងារ​បាន​ខិតខំ​ប្រឹងប្រែង យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​ប្រធានបទ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកចូលរួម​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ប្រធានបទ​នៃ​ការបោះ​ជំរុំ​នេះ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់​ការ​ដើម្បី​ទទួលបាន​ការទទួល​ការយល់ព្រម​ពី​អ្នកពាក់ព័ន្ធ​នឹង​ជំរុំ​នេះ​។​
 
​អ្នកចូលរួម​នៃ​ជំរុំ​បច្ចេកវិទ្យា ICT Camp មកពី​វិស័យ​ផ្សេងៗ​គ្នា​ទាំងអស់ ត្រូវបាន​បណ្តុះបណ្តាល​អំពី​របៀប​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ​និង​មាន​សុវត្ថិភាព​បំផុត​។ ក្រៅពីនេះ​ពួកគេ​ទាំងអស់​នឹង​ទទួលបាន​ការបង្រៀន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទំនើប ដែល​ពួកគេ​អាច​យកទៅអនុវត្ត​នៅក្នុង​ក្រុមហ៊ុន ឬ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​មុន​។​
 
«​ហើយ​សម្រាប់ Camp (​ការបោះ​ជំរុំ​) ដែល​យើង​គ្រោង​ធ្វើ​ខែ​១២ យើង​មាន​ជា​យើង​ហៅថា  លុយ​កញ្ចប់​ថ​រិ​កា​តូច​មួយ​សម្រាប់​អ្នកចូលរួម​ទាំងអស់​ដែល​គាត់​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ល្អ​ហើយ​គាត់​ចង់ ឬ​គាត់​មាន​បញ្ហា ប៉ុន្តែ​គាត់​អត់​ដឹងថា បច្ចេកវិទ្យា​ដោះស្រាយ​យ៉ាង​មេច​។ អ៊ីចឹង​គាត់​អាច​ទៅជា​មួយ​អ្នករៀបចំ​កម្មវិធី ឬ​អ្នកជំនាញ​។ អ៊ីចឹង​គាត់​អាច​បង្កើតជា project (​គម្រោង​)​។ អ៊ីចឹង​យើង​ឲ្យ​រង្វាន់​សម្រាប់​ពួកគាត់​អនុវត្ត​ទៅលើ​គម្រោង​របស់គាត់​សាកល្បង​៣​ខែ បន្ទាប់ពី​កម្មវិធី​ជំរុំ​បច្ចេកវិទ្យា ICT Camp នឹង​ចប់​។ មិន​មានន័យថា រៀន​ដើម្បី​ជជែក ប៉ុន្តែ​បើ​អាច​រៀន​ទៅលើ​អី ហើយ​គាត់​អាច​យក​អាហ្នឹង​ទេ​?»
 
​លោក​ធី ទ្រី តំណាង​សមាជិក​រៀបចំ​នៃ​ជំរុំ ICT នេះ ជឿជាក់​យ៉ាង​មុតមាំ​ថា ជំរុំ​បច្ចេកវិទ្យា ICT ដំបូង​របស់​កម្ពុជា​ផ្តល់នូវ​ការយល់ដឹង​ពិសេស​ដល់​ប្រជាជន​កម្ពុជា​។ ក្រៅពី​ទទួលបាន​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មី ដូចដែល​បាន​រៀបរាប់ ពួកគេ​នឹងត្រូវ​បានផ្តល់​កញ្ចប់​ថ​រិ​កា​បន្តិចបន្តួច​ក្នុងការ​ផ្តួចផ្តើម​គម្រោង​បច្ចេកវិទ្យា​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​បន្ថែម​។​
 
​ក្នុងនាម​ជា​វាគ្មិន​ដែល​បកស្រាយ​ប្រធានបទ​អំពី​«​គម្រោង​ជំរុំ​បច្ចេកវិទ្យា ICTD (Information Communication Technology for Development) លោក​ម៉ក់ ពុទ្ធា បាន​លើកឡើងថា សុន្ទរកថា​នេះ​នឹង​បង្ហាញ​អំពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​នៅក្នុង​អង្គការ​ផ្សេងៗ​គ្នា​។​
 
«​ជារួម Session (​វគ្គ​)​ខ្ញុំ​នឹង វា​គ្រាន់តែ​បង្ហាញ​អំពី​តើ​មាន Project (​គម្រោង​) ដែល​គេ​អាច​ប្រើប្រាស់ Technology (​បច្ចេកវិទ្យា​) នៅក្នុង Section (​វិស័យ​) គេ​។ នៅក្នុង Sector Education (​វិស័យ​អប់រំ​) វា​មាន Project (​គម្រោង​) ដែល link (​ពាក់ព័ន្ធ​)​ជាមួយ​ជំរុំ​បច្ចេកវិទ្យា ICTD នៅ​កន្លែង​ណា​គេ​អនុវត្ត ហើយ Technology (​បច្ចេកវិទ្យា​) គេ​ប្រើ​ធ្វើ​ទៅលើ​រឿង​អី​។ អ៊ីចឹង​បើ​គាត់​ចង់​ប្រើប្រាស់ Technology (​បច្ចេកវិទ្យា​)​ហ្នឹង​ដែរ ហើយ​គាត់​អាចមាន​អ្នកបច្ចេកទេស យ៉ាងហោចណាស់​ដឹង​ពី Networking​។ គាត់​អាច go channel អ៊ីចឹងទៅ talk (​និយាយ​) ជាមួយ​អង្គការ​ហ្នឹង​។ តើ​ខ្ញុំ​អាច expand (​ពង្រីក​)​នឹង​ប្រើ​បាន​?»
 
​ចំណែក​នាង​ឡាយ គឹម​ជូ អ្នកស្ម័គ្រចិត្ត​វ័យ​ជាង​២០​ឆ្នាំ ជឿជាក់ថា ការស្ម័គ្រចិត្ត​សម្រាប់​ជំរុំ​បច្ចេកវិទ្យា ICT បានឱ្យ​នាង​ស្គាល់ និង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​កាន់តែច្រើន និង​ស្វែងយល់​ពី​និន្នាការ​បច្ចេកវិទ្យា​ថ្មី ដែល​នាង​អាចអនុវត្ត​នៅក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​នាង​។ នាង​គឹម​ជូ​នឹង​ស្ម័គ្រ​ជា​អ្នក​សម្រាប​សម្រួល​ក្នុងការ​បោះជំរុំ ICT ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​
 
«​អ្វីដែល​ខ្ញុំ expect (​រំពឹងទុក​) គឺ​ខ្ញុំ​ចង់​រៀន​ពី Security (​សុវត្ថិភាព​)​ហ្នឹង​ព្រោះ​អី​ពេល​ខ្ញុំ​កាន់ Page (​ទំព័រ​) ខ្ញុំ​ត្រូវ boost page អ៊ីចឹង​ត្រូវ pay (​ចំណាយ​) លុយ​តាម master card ឬ​visa អ៊ីចឹង​ណា​។ អ៊ីចឹង​ខ្ញុំ​ដឹងថា ធ្វើ​ម៉េច ការ pay(​ចំណាយ​) លុយ​នឹង​កុំ​ឲ្យ​មាន​គេ គេ​លួច​លុយ​ដែល​យើង​ប្រើ​នេះ​បាន​។ អ៊ីចឹង​ខ្ញុំ​ចង់ដឹង​ពី Speaker (​វាគ្មិន​) ថា គាត់​មាន​វិធីសាស្ត្រ​អី​ដែល​ការពារ​បាន​។ ការរំពឹងទុក​របស់​ខ្ញុំ​គឺ​ខ្ញុំ​ចង់​រៀន​អំពី​សុវត្ថិភាព​។ នៅពេល​ខ្ញុំ​គ្រប់គ្រង​ទំព័រ​លើ​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​ចាំបាច់​ត្រូវ​ចំណាយលុយ​តាមរយៈ​ប័ណ្ណ​មេ ឬ​ប័ណ្ណសម្គាល់ខ្លួន​។ ហេតុដូច្នេះ​ហើយ​ខ្ញុំ​ចង់ដឹង​ពី​របៀប​ការពារ​ប្រាក់​ពី​ការ​លួច ដូច្នេះ​ខ្ញុំ​ចង់ដឹង​ពី​វាគ្មិន​អំពី​របៀប​ដែល​ពួកគេ​ដោះស្រាយ​រឿងនេះ​»​។​
 
​លោក​ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានផ្តល់​ការពេញចិត្ត​និង​គាំទ្រ​ដល់​ការបោះ​ជំរុំ ហើយ​ជឿជាក់ថា ជំរុំ​នេះ​នឹង​ក្លាយជា​ធនធាន​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​សង្គម​ទំនើប​នេះ​។​
 
​លោក​និយាយថា​៖
 
«​ពេលនេះ​អ្នកណា​ក៏​ធ្វើ​ការងារ​មួយចំនួន​ទាក់ទង​នឹង Technology ហ្នឹង​ដែរ​។ ប្រសិនបើ​មានការ​អប់រំ ការដឹងឮ មាន​ទ្រឹស្តី​អ៊ីចឹង វា​អាច​អ្នក​ទាំងអស់​នោះបាន​ចូលរួម បានដឹង​ច្រើន​»​។​
 
​ការបោះ​ជំរុំ ICT កម្ពុ​ជាមាន​ដើមកំណើត​មកពី Camp ICT ដែល​តែង​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីក្រុង​បាងកក​សម្រាប់​អ្នកចូលរួម​មកពី​តំបន់​មេគង្គ​តាំងពី​ឆ្នាំ​២០០៨​។ ហើយ​ការបោះ​ជំរុំ​កើត​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​អប់រំ​មនុស្ស​ឱ្យបាន​ដឹង​អំពី​សារៈសំខាន់​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​។ 
 
​នេះ​គឺជា​ឆ្នាំ​ទីមួយ​ហើយ​ដែល​កម្មវិធី​ជំរុំ​បច្ចេកវិទ្យា ICT កម្ពុជា​ប្រព្រឹត្ត​ក្នុង​ខេត្ត​សៀម​រាម ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧​រហូតដល់​ថ្ងៃទី​២១​ខែធ្នូ​។ ហើយ​ការបោះ​ជំរុំ​មាន​មនុស្ស​ជាង​១០០​នាក់​ចូលរួម​និង​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​វាគ្មិន​មានបទពិសោធន៍​និង​សក្ដានុភាព​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com