អន្តរជាតិ
ជនជាតិកាណាដាម្នាក់ទៀតបាត់ខ្លួននៅចិន ក្រុងអូតាវ៉ាអះអាងថា លោក Michael Spavor បានបាត់ដំណឹងនៅចិន (រូបភាព AFP)
× ក្រុងអូតាវ៉ា នៅថ្ងៃទី១៣ ខែធ្នូ បានប្រកាសថា ជនជាតិកាណាដាម្នាក់បានបាត់ខ្លួន បន្ទាប់ពីត្រូវបានសួរនាំដោយមន្ត្រីចិន។ ក្រសួងការបរទេសកាណាដា ប្រកាសថា អ្នកបាត់ទំនាក់ទំនងនោះមានឈ្មោះ Michael Spavor ជាពាណិជ្ជកររកស៊ីជាមួយកូរ៉េខាងជើង។ ការបាត់ខ្លួនដំណឹងនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរចិនទើបចាប់ខ្លួនអតីតមន្ត្រីការទូតកាណាដាម្នាក់កាលពីដើមសប្ដាហ៍នេះ ជុំវិញការជាប់សង្ស័យថា ធ្វើសកម្មភាពប៉ះពាល់សន្តិសុខចិន។
ក្រសួងការបរទេសកាណាដា និយាយថា ខ្លួនមិនអាចទាក់ទងជាមួយលោក Michael Spavor បានទៀតឡើយ ក្រោយពេលបុរសរូបនេះបានប្រាប់រដ្ឋាភិបាលថា លោកត្រូវបានមន្ត្រីចិនសួរចម្លើយ។ មិនទាន់ព័ត៌មានផ្លូវការណាមួយពាក់ព័ន្ធនឹងរឿងនេះឡើយ តែមុននេះ រដ្ឋមន្ត្រីការបរទេសកាណាដា Chrystia Freeland បានប្រាប់អ្នកសារព័ត៌មានថា ជនជាតិកាណាដាទីពីរនេះ ទំនងជាកំពុងជួបបញ្ហានៅទឹកដីចិនហើយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Spavor ដែលរស់នៅលើទឹកចិន ជាអ្នកសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ជាមួយកូរ៉េខាងជើង។ ជាជនជាតិលោកខាងលិចម្នាក់ដែលធ្លាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បុរសរូបនេះ ជាអ្នករៀបចំដំណើរទស្សនកិច្ចរបស់អតីតតារាបាល់បោះ NBA Dennis Rodman ទៅកាន់រដ្ឋឯកោមួយនេះ។
បន្ទាប់ពីការបាត់ដំណឹងនេះ ក្រុងអូតាវ៉ាកំពុងស្វះស្វែងរកព័ត៌មានពីទីតាំងរបស់លោក Spavor និងបានទាក់ទងអាជ្ញាធរចិនផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកាណាដា។ យ៉ាងណាមិញ គេមិនទាន់ឃើញមានការឆ្លើយតបពីសំណាក់ក្រុងប៉េកាំងនៅឡើយជុំវិញករណីជនជាតិកាណាដារូបនេះ។
ករណីបាត់ការទាក់ទងរបស់លោក Spavor គឺជាករណីទីពីរលើជនជាតិកាណាដាបន្ទាប់ពីលោក Michael Kovrig ដែលត្រូវបានចិនឃាត់ខ្លួនដែរ។ ក្រុងប៉េកាំងបានជូនដំណឹងពីការចាប់ខ្លួននេះនៅថ្ងៃទី១០ ខែធ្នូកន្លងទៅ។ ប្រមុខការទូតកាណាដា Freeland និយាយថា រដ្ឋាភិបាលក្រុងអូតាវ៉ាពិតជាបារម្ភជាពន់ពេកចំពោះករណីទាំងពីរនេះ ហើយបានទាក់ទងដោយផ្ទាល់ទៅកាន់មន្ត្រីចិនដើម្បីសួររកព័ត៌មានជាក់លាក់ដែរ។
ករណីទាំងពីរនេះ កើតឡើងបន្ទាប់ពីមានការចាប់ខ្លួននាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei កាលពីខែមុនដោយប៉ូលិសកាណាដា។ មិនមានការភ្ជាប់ករណីនៅកាណាដា និងសកម្មភាពរបស់ក្រុងប៉េកាំងឡើយ តែអ្នកជំនាញជឿថា រឿងនេះជាប់ទាក់ទងគ្នា ហើយចំណាត់ការរបស់ចិនជាការសញ្ញាព្រមានទៅកាណាដា៕
© រក្សាសិទ្ធិដោយ thmeythmey.com