អ្នកនយោបាយកំពូលទាំងពីរ គឺសម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី បានផ្ញើសារពីរផ្សេងគ្នាទៅកាន់ថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំង។ សម្តេច ហ៊ុន សែន ហៅថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ឲ្យដាក់សំណើ បើចង់ចូលធ្វើនយោបាយវិញ ខណៈលោក សម រង្ស៊ី ប្រាប់ថា «កុំចាញ់បោកឲ្យសោះ»។ ឯលោក កឹម សុខា ដែលក្រុមអ្នកប្រឆាំងចាត់ទុកថាកំពុងជាប់ឃុំក្នុងផ្ទះ នៅតែមិនមាត់កនឹងរឿងនយោបាយ។
សម្តេច ហ៊ុន សែន ប្រកាសថា នឹងពិចារណា ក្នុងការសុំព្រះរាជទានពីព្រះមហាក្សត្រ ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងរូបណា ដែលដាក់សំណើ បានចូលធ្វើនយោបាយវិញ។ សម្តេច ហ៊ុន សែន អះអាងថា អ្នកដែលគោរពតាមសាលដីការបស់តុលាការកំពូល អាចនឹងមានឱកាស តែអ្នកដែលប្រឆាំង នឹងមិនមានឡើយ។
ឯលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានអំពាវនាវម្តងហើយម្តងទៀត ទៅកាន់មន្ត្រីទាំងអស់របស់លោក កុំឲ្យលង់នឹងការបញ្ចុះបញ្ចូលរបស់សម្តេច ហ៊ុន សែន។ លោក បានហៅយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន ថាជាការបំបែកបំបាក់អតីតគណបក្សប្រឆាំង។
លោក សម រង្ស៊ី នឹងចាត់ទុកជាជនក្បត់បក្ស បើមន្ត្រីរបស់លោករូបណា សុំការអនុគ្រោះពីសម្តេច ហ៊ុន សែន ដើម្បីបានចូលធ្វើនយោបាយវិញ។ លោក ពន្យល់ថា ទោះជាទទួលបានសិទ្ធិនយោបាយ ក៏អត់ប្រយោជន៍ដែរ ពីព្រោះពួកគេ មិនអាចធ្វើនយោបាយបានឡើយ បើអតីតគណបក្សសង្គ្រោះជាតិ មិនទាន់រស់ឡើងវិញ។
ពីក្រៅប្រទេស លោក សម រង្ស៊ី បានផ្ញើសារជាដដែលៗ ទៅកាន់មន្ត្រីគ្រប់រូបនៃអតីតគណបក្សប្រឆាំង ឲ្យបន្តរួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយបន្ទាប់មក ចាំគិតពីសិទ្ធិនយោបាយនិងរឿងផ្សេងទៀត។ សារដ៏សំខាន់មួយទៀតរបស់លោក គឺទទូចឲ្យមន្ត្រីរបស់លោក រួមគ្នាជាធ្លុងមួយ ទើបអាចទទួលបានជ័យជម្នះ។
មហាជន អាចវាយតម្លៃថា ផ្លូវទាំងពីរនេះ ដែលមួយជារបស់សម្តេច ហ៊ុន សែន ហើយមួយជារបស់លោក សម រង្ស៊ី ជាការធ្វើតេស្តក្រុមអ្នកប្រឆាំង ថាបែកបាក់គ្នាឬក៏មិនបែក។ គេ ទំនងជាកំពុងរង់ចាំមើលថា តើពួកគេ បន្តស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ឬក៏បែកចិត្តហើយធ្វើតាមការណែនាំរបស់សម្តេច ហ៊ុន សែន។
ក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៨នាក់ (ស្លាប់ម្នាក់) នៃអតីតគណបក្សប្រឆាំង ដែលត្រូវបានដកសិទ្ធិនយោបាយ លោក គង់ គាំ បានចេញមុខប្រកាសមុនគេ ថានឹងធ្វើសំណើតាមការចង្អុលបង្ហាញរបស់សម្តេច ហ៊ុន សែន ដើម្បីសុំសិទ្ធិនយោបាយវិញ។ លោក គង់ គាំ ដែលធ្លាប់ជាមនុស្សស្និទ្ធបំផុតរបស់លោក សម រង្ស៊ី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា លោក មិនអាចបន្តរង់ចាំគណបក្សសង្គ្រោះជាតិ រស់ឡើងវិញនោះទេ។
ស្របពេលជាមួយគ្នានេះ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សប្រឆាំង ហើយក៏ជាមនុស្សម្នាក់ដែលតែងនៅជិតលោក សម រង្ស៊ី ដែរនោះ បានប្រកាសថា លោក និងអ្នកដទៃទៀត មិនខ្ចីចង់បានសិទ្ធិនយោបាយ ពីអ្នកណាឡើយ។ លោក បានសរសេរសារតាមបណ្តាញសង្គមហ្វេសប៊ុកពីក្រៅប្រទេសថា តាមពិត មនុស្សគ្រប់រូប មានសិទ្ធិនយោបាយតាំងពីកំណើតមកម្ល៉េះ។
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ តំណាងរាស្ត្រ១១៥នាក់ បានចូលរួមប្រជុំពេញអង្គនៃរដ្ឋសភា ហើយបានលើកដៃទាំងអស់គ្នា ដើម្បីអនុម័តមាត្រា៤៥ថ្មី (ស្ទួន) ឲ្យក្លាយទៅជាមាត្រា៤៥ថ្មី (ស្ទួន១)។ មាត្រា៤៥ថ្មី (ស្ទួន) បានចែងថា តុលាការកំពូល អាចបញ្ឈប់អ្នកនយោបាយ ពីការធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ដូច្នេះ អ្នកដែលជាប់បម្រាមរបស់តុលាការកំពូល ត្រូវរង់ចាំ៥ឆ្នាំក្រោយ ទើបអាចចូលធ្វើនយោបាយវិញបាន។
ប៉ុន្តែ អំណាចនៃមាត្រា៤៥ថ្មី (ស្ទួន១) ដែលទើបនឹងកើតឡើង អាចធ្វើឲ្យបម្រាមនេះ ផុតរលត់មុនកាលកំណត់។ មាត្រា៤៥ថ្មី (ស្ទួន១) បានថ្វាយព្រះរាជអំណាចទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ប្រោសព្រះរាជទាននីតិសម្បទា ដល់អ្នកជាប់បម្រាម ហើយឲ្យពួកគេ ចូលធ្វើនយោបាយវិញ។ ហើយអ្នក ដែលមានសិទ្ធិថ្វាយសំណើនេះ ទៅព្រះមហាក្សត្រ គឺនាយករដ្ឋមន្ត្រី។
មាត្រា៤៥ថ្មី (ស្ទួន១) នឹងចូលជាធរមាននិងដាក់ឲ្យអនុវត្ត នៅពេលណា ព្រះមហាក្សត្រ បានចេញរាជក្រមប្រកាសឲ្យប្រើប្រាស់៕