ជាតិ
២៥ខេត្ត/រាជធានី
និស្សិត​៦​ក្រុម នឹង​ប្រកួតវគ្គ​ផ្ដាច់​ព្រ័ត្រ​ពានរង្វាន់​គី​ណា​ល់​លើក​ទី​៦ នៅ​ថ្ងៃទី​១៥ ធ្នូ​នេះ​
13, Dec 2018 , 3:34 pm        
រូបភាព
​ភ្នំពេញ៖ និស្សិត​៦​ក្រុម​បានជា​ប់​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុងចំណោម​និស្សិត​២៦​ក្រុម ដែល​បាន​ចូលរួម​ប្រកួត​«​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ដណ្តើមពាន​រង្វាន់​គី​ណា​ល់​លើក​ទី​៦» ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ «FEVER MEDICATIONS AND CARE» ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​គី​ណា​ល់​។ «​មូលនិធិ​គី​ណា​ល់​» បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ ដោយ​លោក ហៃ លី​អ៊ាង អគនាយក​នៃ PPM និង​ស្ថាបនិក​របស់ CONFIREL​។ កម្មវិធី​ប្រកួត​«​ពានរង្វាន់​គី​ណា​ល់​» បង្កើតឡើង តាំងពី​ឆ្នាំ​២០១៣ ក្នុង​គោលបំណង​ផ្ដោតលើ​ការសិក្សា​ផ្នែក​ឱសថ​សាស្ត្រ​ស្រាវជ្រាវ ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​ផ្នែក​សុខ​ភិ​បាល​។​

 
​និស្សិត​ទាំង​៦​ក្រុម នឹងត្រូវ​ឡើង​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​ប្រចាំ​កម្ពុជា (IFC) នា​ថ្ងៃ​សៅរ៍ ទី​១៥ ខែធ្នូ វេលា​ម៉ោង​៧:៣០​ព្រឹក​ដល់​ម៉ោង​៤:៣០​រសៀល​។ កម្មវិធី​ប្រកួត​ពានរង្វាន់​គី​ណា​ល់​នេះ នឹង​ជ្រើស​រើសយក​៣​ក្រុម ជាប់​ជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់​គី​ណា​ល់​លើក​ទី​៦ ឆ្នាំ​២០១៨​។​
 
​ក្រុមនិស្សិត​ទទួលបាន​ជ័យលាភី​លេខ​១៖ ទទួលបាន​ពាន​១ និង​ទឹកប្រាក់​៤​លាន​រៀល​, លេខ​២៖ ទទួលបាន​ពាន​១ និង​ទឹកប្រាក់​២​លាន​រៀល និង​លេខ​៣៖ ទទួលបាន​ពាន​១ និង​ទឹកប្រាក់​១​លាន​២០​ម៉ឺន​រៀល​។ សម្រាប់​ក្រុម​ដែល​ទទួលបាន​លេខ​៤, លេខ​៥ និង​លេខ​៦ ទទួលបាន​ទឹកប្រាក់​៤០​ម៉ឺន​រៀល​ក្នុង​មួយក្រុម​។ ពិធី​ទទួល​ពានរង្វាន់​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក មៀ​ច សុផាន់​ធា រដ្ឋ​លេខ​ធិ​ការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៅ​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​តែម្តង​។​
 
​សូមបញ្ជាក់ថា និស្សិត​ទាំង​២៦​ក្រុម ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ដណ្តើមពាន​រង្វាន់​គី​ណា​ល់​លើក​ទី​៦ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​ស្តីពី​៖ «FEVER MEDICATIONS AND CARE»​នេះ មកពី​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខ​ភិ​បាល​, សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​, សកល​វិទ្យាល័យ​អន្តរជាតិ​, សកល​វិទ្យាល័យ​ន័​រ​តុ​ន​, វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខ​ភិ​បាល និង​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​៕



Tag:
 និស្សិត
  ឱសថ
  វិទ្យាសាស្រ្ត
  មូលនិធិគីណាល់
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com