ជាតិ
២៥ខេត្ត/រាជធានី
លោក ថន ថេត ឆ្លៀតពេល​ទំនេរ​ពី​ការសិក្សា​មក​ដាំ​បន្លែ​សុវត្ថិភាព​លើទឹក ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ការសិក្សា​
17, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​កំពង់ចាម​៖ លោក ថន ថេ​ន ជា​និស្សិត​ឆ្នាំ​ទី​២ ជំនាញ​កសិកម្ម​នៃ​សាខា​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម បាន​ងាក​មក​ដាំ​ដុះ​បន្លែ​លើទឹក ដែលមាន​សុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។ បន្លែ​លើទឹក​រួមមាន ប្រភេទ​សាឡា​ត់ ស្ពៃ ដែលមាន​លក្ខណៈ​ងាយស្រួល​ដាំ​ដុះ​នៅលើ​ទឹក និង​មិនសូវ​ពិបាក​ថែទាំ​។​


 
​លោក ថន ថេត បាន​ដាំ​បន្លែ​លើទឹក​(Hydroponic) ក្នុង​គោលបំណង​ដាំ​បន្លែ​ដែលមាន​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត ដែល​រួមមាន​បន្លែ​ប្រភេទ​សាឡា​ត់ ស្ពៃ ហើយ​ត្រូវ​ចំណាយពេល​ប្រមាណ​ជាង​ពីរ​ខែ​ទើបបាន​ប្រមូល​ផល ។ មូលហេតុ​ដែល​លោក ថន ថេត ដាំ​បន្លែ​ប្រភេទ​នេះ ព្រោះ​វា​មាន​លក្ខណៈ​ងាយស្រួល​ថែទាំ​ជាង​ការដាំ​បន្លែ​លើដី ដោយ​ប្រើប្រាស់​ជាតិគីមី​។​
 
​និស្សិត​រូបនេះ​បាន​បន្ថែមទៀតថា បន្លែ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ អាច​លក់បាន​តម្លៃ​ចន្លោះ​ពី ៨,០០០​រៀល ទៅ ១០,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ក្នុង​រោង​នីមួយៗ​លោក អាច​ប្រមូល​ផល​បាន​ចាប់ពី ២០ ទៅ​៤០ គីឡូក្រាម ដោយ​អាស្រ័យ​លើ​ប្រភេទ​នៃ​បន្លែ និង​ការ​ថែ​រទាំ​។​
 
​និស្សិត​ឆ្នាំ​ទី​២​រូបនេះ បាន​បន្ថែមថា​៖«​រាល់​ការចំណាយ​សម្រាប់​ធ្វើការ​ដាំ​ដុះ​បន្លែ​លើទឹក​នេះ គឺ​ខ្ញុំ​ទទួលបាន​កញ្ចប់​ថវិកា​ពី​ខាង​សាកលវិទ្យាល័យ​ជា​អ្នក​ឧបត្ថម​នូវ​រាល់​ការចំណាយ​ផ្សេង​សម្រាប់​ការដាំដុះ​»​។ 
 
​លោក ជិន ពិសិដ្ឋ នាយករង​ប្រតិបត្តិ​ទទួលបន្ទុក​រួម បានបញ្ជាក់​បន្ថែមទៀត​ថា លោក​បាន​លើកទឹកចិត្ត​ដល់ និស្សិត​ដែលជា​ជនពិការ និង​និស្សិត ដែលមាន​ជីវភាព​ក្រីក្រ ឲ្យ​យក​ពេលទំនេរ​ពី​ការសិក្សា​មក​ឆ្លៀត​ដាំ​បន្លែ​លើទឹក​(Hydroponic)​ដើម្បី​រក​ចំណូល​បន្ថែម​។ ម្យ៉ាងវិញទៀត​លោក ចង់​ជំរុញ​ពួកគេ​ឲ្យ​ទទួលបាន​ចំណេះ​ជំនាញ​ច្បាស់លាស់​បន្ថែម ក្រោយ​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​៕

Tag:
 បន្លែ​
 ​កសិកម្ម​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com