ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ស្រី​ពេជ្រ ៖ «​ពិការ​កាយ​បាន​ហើយ កុំ​ឲ្យ​ពិការ​ចិត្ត​»
16, Dec 2018 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទោះជា​ពិការភាព តែ​កញ្ញា ឈឺ​ន ទេវី និង​កញ្ញា ឈឺ​ន ស្រី​ពេជ្រ តស៊ូ​សិក្សា​រៀនសូត្រ និង​បាន​បម្រើ​ការងារ ដូច​បុគ្គល​ដែលមាន​កាយសម្បទា​ធម្ម​តា​ដែរ​។ អ្នក​ទាំងពីរ​ចាំ​ជាប់​ក្នុង​ចិត្ត​ថា​«​មុន​ឲ្យ​គេ​ជួយ ត្រូវ​ជួយ​ខ្លួនឯង​សិន​» ហើយ​មានតែ​ការអប់រំ​ទេ ទើប​រំដោះ​ពួកគេ​ពី​ភាពលំបាក និង​កុំ​ឲ្យ​គេ​មាក់ងាយ​។


 
​តើក​ញ្ញា ឈឺ​ន ទេវី និង​កញ្ញា ឈឺ​ន ស្រី​ពេជ្រ មានការ​តាំងចិត្ត ដើម្បី​ជម្នះ​ភាពលំបាក​ដោយសារ​ពិការភាព​របស់ខ្លួន យ៉ាងដូចម្ដេច​? សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នក​ទាំងពីរ ដូចតទៅ​នេះ​៖
 


 
​ដ្បិតថា​មានត្រកូល​ដូចគ្នា តែ​អ្នក​ទាំងពីរ​មិនមែនជា​បងប្អូន​នឹង​គ្នា​នោះទេ តែ​ជា​មិត្តភក្ដិ​។ កញ្ញា ឈឺ​ន ស្រី​ពេជ្រ ពិការ​ប៉ូ​លី​យ៉ូ​ដៃ និង​ជើង ដែល​ត្រូវ​អង្គុយ​លើ​រទេះរុញ​។ ស្រី​ពេជ្រ មាន​សមត្ថភាព​ផ្នែក​គណនេយ្យ ដោយ​កំពុងធ្វើការ​នៅ​អង្គការ​មួយ និង​រៀន​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤​លើ​ជំនាញ​មួយ​នេះ​។ ស្រី​ពេជ្រ ជា​សិស្ស​ពូកែ​គណិតវិទ្យា ដោយ​ទទួលបាន​និទ្ទេស​A  កាលពី​ប្រឡង​បាក់​ឌុប​។ ក្រៅពី​គណនេយ្យ ស្រី​ពេជ្រ មាន​ចំណង់​ចំណូលចិត្ត​ផ្នែក​ព័ត៌មានវិទ្យា​។ កញ្ញា​បាន​ចេញទៅ​ប្រឡង​ពានរង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​ឥណ្ឌា ដែលមាន​ជនពិការ​មកពី ១៧​ប្រទេស​ចូលរួម ប៉ុន្តែ​មិន​ទទួលបាន​ជ័យលាភី​នោះទេ​។​


 
«​ទោះ​យើង​ពិការ តែ​ត្រូវ​ចេញមក​សង្គម​ខាងក្រៅ កុំ​បិទ​សិទ្ធិសេរីភាព​ខ្លួនឯង​។ យើង​ពិការ​តែ​កាយ​បាន​ហើយ កុំ​ឲ្យ​ចិត្ត​ពិការ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា ឈឺ​ន​ស្រី​ពេជ្រ ។​
​រីឯ​កញ្ញា ឈឺ​ន ទេវី បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ធនធានមនុស្ស និង​កំពុងធ្វើការ​នៅ​អង្គការ​ផ្នែក​ស្រី្ត​មួយ​ផងដែរ​។ ការពិត ទេវី មាន​ទេពកោសល្យ​ផ្នែក​រចនា​រូបភាព វី​ឌី​អូ ហើយ​រូបគេ​នឹងសិក្សា​បន្ថែម​ជំនាញ​មួយ​នេះ​ទៅ​ថ្ងៃមុខ​។ រូបនាង​ពិការ​ប៉ូ​លី​យ៉ូ​ជើង​ស្ដាំ​។​


 
​អ្នក​ទាំងពីរ អះអាងថា ធ្លាប់​ទទួលរង​ការពេបជ្រាយ និង​តូចចិត្ត​ម្ដងៗ​ដែរ ប៉ុន្តែ​ព្យាយាម​យក​ខ្លួនឯង​ចេញពី​ទី​ងងឹត​នោះ​។  ទោះយ៉ាងណា អ្នក​ទាំងពីរ​សុទ្ធតែ​មានគ្រួសារ ចាំ​ផ្គត់ផ្គង់ និង​ផ្ដល់​កម្លាំងចិត្ត​។ កញ្ញា​ស្រី​ពេជ្រ បាន​រម្លឹក​ពាក្យ​អប់រំ​ពី​គ្រួសារ ដែល​ដក់​ជាប់​ក្នុង​ចិត្ត​របស់​នាង យ៉ាង​ដូច្នេះ​ថា​៖«​មុននឹង​ឲ្យ​គេ​ជួយ ត្រូវ​ជួយ​ខ្លួនឯង​សិន​»​។ ទន្ទឹមនឹងនេះ កញ្ញា​ស្រី​ពេជ្រ ក៏ដូចជា​កញ្ញា ទេវី ដែរ គឺ​យល់​ដូចគ្នា​ថា មានតែ​ការអប់រំ​ទេ ទើប​រំដោះ​ជីវិត​របស់ខ្លួន​ឲ្យ​ភ្លឺ​ថ្លា​៕ 
 

Tag:
 ឈឺ​ន ទេវី​
  ឈឺ​ន ស្រី​ពេជ្រ​
  ពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com