ជាតិ
រដ្ឋមន្ត្រីអប់រំ ប្រើពេលជាង១០ឆ្នាំ សរសេរសៀវភៅ២២ចំណងជើង ស្ដីពីការអប់រំ សេដ្ឋកិច្ច និងនយោបាយអន្តរជាតិ
× ភ្នំពេញ៖ ក្នុងឱកាសតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៧កន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានផ្ដល់សៀវភៅចំនួន២២ចំណងជើង ជូនដល់បណ្ណាល័យជាតិ សម្រាប់ជាប្រយោជន៍ដល់សាធារណៈជន ឲ្យបានសិក្សាស្រាវជ្រាវពង្រីកចំណេះដឹងបន្ថែម។ សៀវភៅទាំង២២ចំណងជើងនោះ មានជាភាសាខ្មែរ អង់គ្លេស និងភាសាបារាំង ដែលនិយាយពីការអប់រំ ច្បាប់អន្តរជាតិ និងសេដ្ឋកិច្ចហិរញ្ញវត្ថុ។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា ក្នុងរយៈពេលជាតិ១០ឆ្នាំមកនេះ លោកបានសរសេរសៀវភៅស្ដីពីការអប់រំ ពីច្បាប់អន្តរជាតិ និងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលលោកបានរៀនកន្លងមក ទុកជាឯកសារឱ្យយុវជន និងសាធារណៈជន បានសិក្សាស្រាវជ្រាវបន្ថែម។ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ដូច្នេះ ៖« សៀវភៅទាំងនេះខ្ញុំសរសេរតាំងពី២០០៥មក ជាភាសាខ្មែរ បារាំង និងអង់គ្លេស។ ខ្ញុំផ្ដល់ដល់បណ្ណាល័យជាតិ និងបណ្ណាល័យសម្តេចហ៊ុនសែន ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា ហើយក៏ដើម្បីជាឯកសារមួយ សម្រាប់សាធារណៈជនបានស្រាវជ្រាវបន្ថែមដែរ»។
រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានអំពាវនាវដល់យុវជន ឲ្យខំប្រឹងប្រែងរៀនសូត្រ ដើម្បីឱ្យសមជាយុវជនសតវត្សរ៍ទី២១ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ « ការអានសៀវភៅធ្វើឱ្យចំណេះកើនឡើងលឿន ហើយចំណេះប្រែប្រួលច្រើន បើយើងមិនអានសៀវភៅគឺយើងយឺតជាងគេហើយ»។ នេះជាការបន្ថែមរបស់លោក ហង់ ជួនណារ៉ុន៕
Tag:
ភ្នំពេញ
ហង់ ជួនណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
សៀវភៅ
អប់រំ
ពិព័រណ៍សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com