អន្តរជាតិ
របបសឹកថៃ៖ មាគ៌ាទៅកាន់ប្រជាធិបតេយ្យ នឹងត្រូវបង្ហាញតាមរយៈការបោះឆ្នោតខែកុម្ភៈឆ្នាំក្រោយ
× រដ្ឋាភិបាលរបបសឹកថៃ បានចេញថ្លែងការណ៍បញ្ជាក់ជាថ្មីពីការមិនប្រែប្រួល នៃការបោះឆ្នោតសកលលើកដំបូងរបស់រាជាណាចក្រថៃ ក្រោយពីត្រូវបានគ្រប់គ្រងដោយយោធាអស់រយៈពេលបួនឆ្នាំ។ ការមិនប្រែប្រួលនោះគឺ ការបោះឆ្នោត នឹងត្រូវប្រព្រឹត្តឡើងនៅ ២៤ កុម្ភៈ ឆ្នាំក្រោយ ដោយមានការចូលរួមពីគណបក្ស ដែលមាននិន្នាការគាំទ្ររបបយោធា និងប្រឆាំងយោធាផង។
លោកឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam នៅថ្ងៃ៨ ធ្នូ បានឲ្យដឹងថា ការបោះឆ្នោតថៃ នឹងត្រូវប្រព្រឹត្តឡើងតាមការកំណត់ក្នុងមាគ៌ាឆ្ពោះទៅកាន់ប្រជាធិបតេយ្យរបស់របបសឹក នៅថ្ងៃ២៤ កុម្ភៈឆ្នាំក្រោយ ខណៈលទ្ធផលបោះឆ្នោត នឹងត្រូវប្រកាសនៅថ្ងៃ ២៥ ខែមេសា ហើយគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវចាប់ផ្តើមនៅដើមខែឧសភា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
តាមលោកឧបនាយករដ្ឋមន្ត្រី ដែលជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកច្បាប់របស់រដ្ឋាភិបាលរបបសឹកផងនោះ នៅក្នុងខែធ្នូនេះ រដ្ឋាភិបាល នឹងដកចេញនូវបម្រាមលើសកម្មភាពនយោបាយ និងធ្វើមោឃភាពលិខិតបង្គាប់បញ្ជារបស់របបសឹកដែលប្រើប្រាស់ ក្រោមហេតុផលដើម្បីស្តារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា បក្សនយោបាយនីមួយៗ នឹងត្រូវតម្រូវឲ្យដាក់បញ្ជីឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតក្នុងអំឡុងថ្ងៃ១៤ដល់១៨ មករា។ នេះ ក៏មានន័យផងដែរ ការលើកឡើង និងការសង្ស័យកន្លងមកថាតើលោកប្រាយុទ្ធ ចន្ទ អូចានឹងចូលរួមបក្សនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតបន្តតំណែងឬយ៉ាងណា ក៏នឹងត្រូវលាតត្រដាងពេលនោះផងដែរ។
គួរជម្រាបផងដែរថា រាជាណាចក្រថៃ ត្រូវបានដឹកនាំដោយរបបសឹក ដែលមានលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា ជានាយករដ្ឋមន្ត្រី តាំងពីថ្ងៃ២២ ឧសភា ឆ្នាំ២០១៤មក។ គិតចាប់ពីឡើងកាន់អំណាចមក លោកប្រាយុទ្ធ បានសន្យានាំសណ្តាប់ធ្នាប់ និងប្រជាធិបតេយ្យមកវិញតាមមាគ៌ាប្រជាធិបតេយ្យ ហើយលោក ក៏បានសន្យារៀបចំការបោះឆ្នោតជាច្រើនដងមកហើយ តែត្រូវបានពន្យារពេលជាបន្តបន្ទាប់។
ថ្មីៗនេះ មានការចោទប្រកាន់លោកនាយករដ្ឋមន្ត្រីច្រើនលើការចុះជួបប្រជាជននៅតាមមូលដ្ឋាន និងការអនុម័តលើគោលនយោបាយមួយចំនួន ថា ជាចេតនាទាក់ទាញការចាប់អារម្មណ៍ និងគាំទ្រពីប្រជាជន ខណៈរូបលោក ក៏បានបង្ហាញពីចេតនាក្នុងការចូលរួមការងារនយោបាយផងនោះ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ក៏មានបក្សនយោបាយថៃ Palang Pracharath Party បានបញ្ជាក់ពីចេតនាចង់តែងតាំងលោកប្រាយុទ្ធ ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៀតផង៕
Tag:
ថៃ
បោះឆ្នោត
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com