ជាតិ
ភ្នំពេញ និង​សៀមរាប ស្ថិតក្នុង​ចំណោម​ក្រុង​២៤​លើ​លោក​ដែលមាន​កំណើន​ទេសចរ​ច្រើន​នៅ​ឆ្នាំ​២០១៨
15, Dec 2018 , 8:29 am        
រូបភាព
រូបថត​ AFP
រូបថត​ AFP
ដោយ: ធីតា
​ភ្នាក់ងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ទីផ្សារ Euromonitor International បានចេញ​របាយការណ៍​សិក្សា​មួយ​ស្តីពី​ទីក្រុង​កំពូល​ទាំង​១០០​លើ​លោក ដែលមាន​ចំនួន​អ្នកទស្សនា​ច្រើនជាងគេ​នៅ​ឆ្នាំ​២០១៨ (Top 100 City Destinations 2018)​។​


 
Euromonitor បានធ្វើការ​គណនា​ផ្ទាល់ខ្លួន​ដោយ​ផ្អែក​តាម​ព័ត៌មាន​នៃ​ការ​ទៅដល់​របស់​អ្នកដំណើរ​អន្តរជាតិ​នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ និង​នៅតាម​ច្រកព្រំដែន​នានា​។ លទ្ធផល​ជារួម​បង្ហាញថា ទេសចរ​មាន​កំណើន​ក្នុង​រង្វង់​៥​ភាគរយ​។​
 
​ហុងកុង ឡុង​ដ៍ សិង្ហ​បុរី និង​ប៉ារីស ស្ថិតក្នុង​ចំណោម​ក្រុង​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​លើ​លោក ប៉ុន្តែ​ក្នុងអំឡុង​ឆ្នាំ​២០១៨ ទីក្រុង​ទាំងនេះ មិន​ស្ថិត​ក្នុងចំណោម​ក្រុង​ទាំង​២៤​ដែលមាន​កំណើន​អ្នកទស្សនា​អន្តរជាតិ​ច្រើន​នោះឡើយ​។​
 
​ហ្ស៊េ​រុយ​សា​ឡិ​ម (​អ៊ីស្រាអែល​) ជា​ក្រុង​ដែលមាន​កំណើន​អ្នកទស្សនា​ច្រើនជាងគេ​នៅ​ឆ្នាំ​២០១៨ ជាមួយនឹង​កំណើន​៣៧,៥​ភាគរយ បន្ទាប់មក​មាន​ក្រុង​ឥណ្ឌា​ចំនួន​៣ គឺ Chennai កើន​៣០,៤​ភាគរយ Agra កើន​២៤,៣​ភាគរយ និង ដេលី កើន​២៣,១​ភាគរយ​។ 
 
​ក្រុង​ផ្សេងទៀត​ដែល​ស្ថិត​ក្នុងចំណោម Top 10 មាន Punta Cana (​សាធារណរដ្ឋ​ដូ​មី​និក​), ម៉ុ​ប​បៃ (​ឥណ្ឌា​), តែ​ល​អា​វីវ (​អ៊ីស្រាអែល​), Santiago (​ស៊ី​លី​), ប៉ា​តា​យ៉ា (​ថៃ​) និង Denpasar (​ឥណ្ឌូណេស៊ី​) ដែលមាន​កំណើន​ពី​១៩,៣​ភាគរយ មក​១៥,២​ភាគរយ​។​
 
​ក្រុង​ដែលមាន​កំណើន​អ្នកទស្សនា​ចន្លោះ​ពី​១៤​ភាគរយ មក​១១,៥​ភាគរយ រួមមាន Johor Bahru (​ម៉ាឡេស៊ី​), អ៊ី​ស្តង់​ប៊ុល (​តួ​ក​គី​), អូ​សា​កា (​ជប៉ុន​), មូ​ស្កូ (​រុស្ស៊ី​), ហ្សា​ការ​តា (​ឥណ្ឌូណេស៊ី​), ហា​ឡុង (​វៀតណាម​), Batam (​ឥណ្ឌូណេស៊ី​) និង គែរ (​អេ​ហ្ស៊ី​ប​)​។​
 
​តាម​ការសិក្សា​របស់ Euromonitor ភ្នំពេញ​មាន​អ្នកទស្សនា​ជាង​៣,៤​លាន​នាក់​នៅ​ឆ្នាំ​២០១៨ នោះ ស្ថិតនៅ​លេខ​រៀង​ទី​២០ ជាមួយ​ក្រុង Saint Petersburg របស់​រុស្ស៊ី ដោយមាន​កំណើន​១១​ភាគរយ ខណៈ​សៀមរាប​ដែលមាន​អ្នកទស្សនា​ជាង​២,៧​លាន​នោះ ស្ថិតនៅ​លេខ​រៀង​ទី​២២ ជាមួយ​ក្រុង​លី​ម៉ា​របស់​ប៉េ​រូ និង​មែ​ល​ប៊​ន របស់​អូស្ត្រាលី ដោយមាន​កំណើន​១០​ភាគរយ​៕
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com