អន្តរជាតិ
ចិន​យល់ព្រម​ទិញ​សណ្តែកសៀង​ពី​កសិករ​អាមេរិក​វិញ ប៉ុន្តែ​ក្នុង​បរិមាណ​តិច​នៅឡើយ
15, Dec 2018 , 9:29 pm        
រូបភាព
​សប្តាហ៍​នេះ​រដ្ឋាភិបាល​ចិន​បានសម្រេច​ឲ្យ​មានការ​នាំចូល​សណ្តែកសៀង​ពី​អាមេរិក​ឡើងវិញ ស្រប​ពេលដែល​ការចរចា​ពាណិជ្ជកម្ម​ក្រោម​បទ​ឈប់​បាញ់ ៩០​ថ្ងៃ​កំពុង​បន្ត​ទៅមុខ​។ ការបើកទ្វារ​ទទួល​ផលិតផល​កសិកម្ម​អាមេរិក​របស់​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នេះ​ធ្វើ​ឲ្យ​កសិករ​អាមេរិក​ធូរស្បើយ​អារម្មណ៍​មួយគ្រា​។


 
​កសិករ​អាមេរិក​ចាប់ផ្តើម​ធូរចិត្ត​ឡើងវិញ ពេលដែល​រដ្ឋាភិបាល​ចិន​ប្រកាស​បើកទ្វារ​ទទួលយក​ផលិតផល​សណ្តែកសៀង​អាមេរិក​ឡើងវិញ ក្រោយ​មានការ​ដំឡើង​ពន្ធ​កម្រិត ២៥​ភាគរយ​ប្រឆាំង​ផលិតផល​កសិកម្ម​អាមេរិក​រាប់​ចាប់ពី​ខែ​ដើម​កក្កដា​។ ប៉ុន្តែ​បរិមាណ​នាំចូល​នេះ​ស្ថិតនៅ​កម្រិត​ទាប​នៅឡើយ​។​
 
​បើតាម​សារព័ត៌មាន​អាមេរិក Bloomberg  សប្តាហ៍​នេះ តំណាង​ក្រសួងកសិកម្ម​អាមេរិក​បានប្រកាសថា កសិករ​អាមេរិក​នាំចេញ​សណ្តែកសៀង​ត្រឹម ១,១៣ លាន​តោន​ប៉ុណ្ណោះ​ទៅកាន់​ប្រទេស​ចិន​។ ការបង្កើន​ការ​នាំចូល​សណ្តែកសៀង​ទៅកាន់​ប្រទេស​ចិន​ក្នុង​បរិមាណ​ដូចដើម​នោះ​មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ ។ 
 
«​ការលក់​សណ្តែកសៀង​បាន​១,១៣​លាន​តោន​នេះ​ជា​បរិមាណ​ច្រើន ហើយ​ជា​ជំហាន​វិជ្ជមាន​។ ប៉ុន្តែ​វា​ចាំបាច់​ត្រូវ​នាំចេញ​បន្ថែមទៀត​។ បើសិនជា​យើង​ចាត់ទុក​វា​ក្លាយជា​រឿង​ធម្មតា ទាល់តែ​បរិមាណ​សណ្តែកសៀង​ដែល​យើង​លក់​ទៅ​ឲ្យ​ចិន​នោះ​កើន​ដល់ ៣០ ទៅ ៣០​លាន​តោន​ក្នុង​មួយឆ្នាំ​»​។ នេះ​ជាស​ម្តី​របស់​រដ្ឋលេខាធិកា​រ​ក្រសួងកសិកម្ម​អាមេរិក Steve Censky ក្នុងជំនួប​ជាមួយ​សមាគម​អ្នក​នាំចេញ​សណ្តែកសៀង​នៅ​រដ្ឋ Iowa កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែធ្នូ​។​
 
​កាលពី​ឆ្នាំមុន ចិន​បាន​ទិញ​សណ្តែកសៀង​ក្នុង​ទំហំ ៦០​ភាគរយ​នៃ​សណ្តែកសៀង​ដែល​អាមេរិក​នាំចេញ​ដែលមាន​តម្លៃ​ប្រហែល ១២​ពាន់​លាន​ដុល្លារ​ឯណោះ​។ ប៉ុន្តែ​សណ្តែកសៀង​ដែល​ត្រូវ​នាំចេញ​ឡើងវិញ​ទៅ​ប្រទេស​ចិន​ពេលនេះ​មាន​ទំហំ​តិចជាង ៥០០​លាន​ដុល្លារ​។​
 
​ថ្វីបើ​សណ្តែកសៀង​ត្រូវ​នាំចេញ​ឡើងវិញ​នៅមាន​បរិមាណ​តិចក្តី ឥរិយាបថ​របស់​រដ្ឋា​ភិ​បាល​ចិន​នេះ​ជា​រឿង​វិជ្ជមាន ហើយ​វា​ក៏មាន​គោលដៅ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។ លើសពីនេះ​វា​ក៏​ជួយ​ជំរុញ​ឲ្យ​ការចរចា​បញ្ចប់សង្គ្រាម​អចិន្ត្រៃយ៍​អាច​ទទួលជោគជ័យ​ដូចគ្នា​។ 
 
​សូមបញ្ជាក់ថា សណ្តែកសៀង​ជា​ផលិតផល​សំខាន់​សម្រាប់​ការប្រើប្រាស់​ក្នុងប្រទេស​ចិន ហើយ​ការដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​អាមេរិក​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​អតិ​ថ​ជន​នៅ​ចិន​។ មាន​ប្រជាជន​ជាង ១,៣ ពាន់​លាន​នាក់ ចិន​ត្រូវ​នាំចូល​សណ្តែកសៀង​រហូត​ដល់ ៦០​ភាគរយ​ពី​បរទេស​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ១០៣ លាន​តោន​មួយឆ្នាំៗ​។ 
 
​យ៉ាងណាមិញ បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម ចិន​បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក និង​ព្យាយាម​នាំចូល​សណ្តែកសៀង​នេះ​ពី​ប្រទេស​ផ្សេង​នៅ​អាមេរិក​ខាងត្បូង​ដូចជា​ប្រេ​ស៊ី​ល និង​ព្យាយាម​រក​គោលដៅ​ផ្សេង​ទៀតផង​ដើម្បី​ជំនួស​ការនាំ​ចូល​ពី​អាមេរិក​ដែរ​៕

Tag:
 សណ្តែកសៀង​
  អាមេរិក​
  ចិន​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com