ជាតិ
សេដ្ឋកិច្ច
ចិនផ្ដល់ជំនួយ ១៧៤លានដុល្លារ និងកម្ចី ៩០លានដុល្លារដល់កម្ពុជា រូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
× ភ្នំពេញ៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួនពីរ ត្រូវបានភាគីចិន និងកម្ពុជា ចុះហត្ថលេខា នៅថ្ងៃទី១៣ខែធ្នូ ដែលមានទឹកប្រាក់សរុប ១៨២២លានយ័ន (ប្រមាណ ២៦៤លានដុល្លារ)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសលោកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ខែធ្នូ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវហិរញ្ញប្បទានឥតសំណងចំនួន ១២០០លានយ័ន (ប្រមាណ១៧៤លានដុល្លារ) និងកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សាក្នុងខេត្តព្រះវិហារ លើទឹកប្រាក់ ៦២២លានយ័ន (ប្រមាណ ៩០លានដុល្លារ)។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដូច្នេះថា៖«ពិធីចុះហត្ថលេខានេះ សបញ្ជាក់ឲ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលធ្វើឲ្យរដ្ឋាភិបាលប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាជនប្រទេសទាំងពីរ»។
គិតត្រឹមថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ ទំហំហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ផ្ដល់ឲ្យកម្ពុជាចំនួន ៥៨០០លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានចំនួន ៤៤០០លានដុល្លារ និងហិរញ្ញប្បទានក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ១៤០០លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com