អន្តរជាតិ
កាសែតអាមេរិក៖ កូនប្រសារលោក ត្រាំ អាចនឹងក្លាយជានាយខុទ្ទកាល័យសេតវិមាន
× កូនប្រសារប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លោក Jared Kushner ស្ថិតក្នុងចំណោមបេក្ខជនមានសមត្ថភាពដែលអាចនឹងក្លាយជានាយខុទ្ទកាល័យសេតវិមានថ្មីជំនួសលោក John Kelly។ Kushner បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីស្រាប់។
កាសែតអាមេរិក Huffington Post បានផ្សាយនៅថ្ងៃព្រហស្បតិ៍ពីលទ្ធភាពនៃការតែងតាំងកូនប្រសាររបស់ខ្លួនជានាយខុទ្ទកាល័យសេតវិមាន បន្ទាប់ពីមានកិច្ចប្រជុំរវាងលោក Kuhsner ជាមួយប្រធានាធិបតីដើម្បីពិភាក្សាពីការងារនេះ។
ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យសេតវិមាន បានឆ្លើយប្រាប់អ្នកកាសែតនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនបានដឹងទាល់តែសោះពីការឈានទៅតែងតាំងលោក Kushner ជានាយខុទ្ទកាល័យថ្មី។ លោកស្រី Sarah Sanders បានថ្លែងដូច្នេះ៖« ខ្ញុំមិនបានដឹងច្បាស់ឡើយថា លោក Kushner ស្ថិតក្រោមការពិចាណា ប៉ុន្តែខ្ញុំគិតថា យើងគ្រប់គ្នាទទួលស្គាល់ដែលពីសមត្ថភាពរបស់លោកដែលសក្តិសមនឹងកាន់រាល់តួនាទីដែលប្រធានាធិបតីចង់ឲ្យលោកដឹកនាំ»។
មកដល់បច្ចុប្បន្នប្រធានាធិបតី ត្រាំ កំពុងបន្តស្វែងរកអ្នកដែលសក្តិសមនឹងកាន់តំណែងជានាយខុទ្ទកាល័យថ្មីនៃសេតវិមានអាមេរិក ក្រោយប្រកាសថា ឧត្តមសេនីយ៍ចូលនិវត្តន៍និងជានាយខុទ្ទកាល័យបច្ចុប្បន្នលោក John Kelly នឹងចាកចេញពីតំណែងត្រឹមចុងឆ្នាំនេះហើយ។
តាមពិតទៅ លោក Kusher ដែលមានវ័យ ៣៧ឆ្នាំ ជាតួអង្គសំខាន់មួយក្នុងការរៀបចំគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក ត្រាំ ជាពិសេសការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកាណាដា និងម៉ិកស៊ិក។ លោកក៏ជាដឹកនាំក្រុមការងារព្រាងគម្រោងចរចាសន្តិភាពនៅមជ្ឈិមបូព៌ា ដែលនឹងត្រូវដាក់ចេញជាផ្លូវការដោយប្រធានាធិបតីនៅឆ្នាំ ២០១៩ដែរ។
កន្លងមក គេមើលឃើញថា បេក្ខជនដែលសក្តិសមនឹងតំណែងជាអ្នកដឹកនាំនិងគ្រប់គ្រងបុគ្គលិកនៅសេតវិមាននោះរួមមានលោក Nick Ayres និង Mark Meadows ។ ប៉ុន្តែ Nick Ayres បច្ចុប្បន្នជានាយខុទ្ទកាល័យអនុប្រធានាធិបតី ម៉ៃ ផេន បានប្រកាសហើយថាលោកសម្រេចដកបេក្ខភាពចេញការប្រជែងយកតំណែងមួយនេះ។ ចំណែក Mark Meadows ដែលបច្ចុប្បន្នជាតំណាងរាស្ត្រ បក្សសាធារណរដ្ឋនៅ រដ្ឋ North Carolina ធ្លាប់បង្ហាញឆន្ទៈចង់កាន់កាប់ការងារនេះដែរ ប៉ុន្តែក្រោយមកក៏សម្រេចដកបេក្ខភាពខ្លួនដូចគ្នា។
ប៉ុន្តែការតែងតាំងលោក Kushner ជានាយខុទ្ទកាល័យសេតវិមាននៅពេលខាងមុខនឹងទាក់ទាញការទិតៀនជាថ្មីពីសាធារណជន ជុំវិញការបង្កើតចរន្តបក្សពួក និងគ្រួសារនិយមក្នុងរដ្ឋបាលដឹកនាំរបស់លោក ត្រាំ ផងដែរ។ កន្លងមកគេធ្លាប់រិះគន់ម្តងហើយ ដោយលោក Kushner ក្លាយជាទីប្រឹក្សារបស់លោក ត្រាំ ទាំងមិនដែលបទពិសោធន៍ពាក់ព័ន្ធការងាររដ្ឋាភិបាលសោះ៕
Tag:
ដូណាល់ ត្រាំ
Jared Kushner
ខុទ្ទកាល័យសេតវិមាន
© រក្សាសិទ្ធិដោយ thmeythmey.com