ជាតិ
គ្រូ​ខ្លះ រអ៊ូ​ពី​រឿង​មិនទាន់​បើកប្រាក់ កែ​វិញ្ញាសា​ប្រឡង​គ្រូម​តេ្ត​យ្យ​និង​បឋម តែ​ក្រសួង ថា​កំពុង​ដោះស្រាយ
14, Dec 2018 , 2:50 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​មានការ​ធ្វើ​កំណែ និង​ប្រកាស​លទ្ធផល​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សា​និង​ម​ត្តេ​យ្យ​សិក្សា​កន្លង​ថ្មីៗ​នេះ គ្រូ​មួយចំនួន បាន​រអ៊ូរទាំ​ថា ក្រសួង​អប់រំ យូរ​បើកប្រាក់​កម្រៃ​ឲ្យ​។ តែ​អ្នកនាំពាក្យ ឆ្លើយតប​ថា ក្រសួង កំពុងតែ​គិតគូរ​រឿងនេះ​។


 
​ស្ថិតនៅក្នុង​ដំណាក់កាល​នេះ ក្រសួង​អប់រំ បានស្នើ​ឲ្យ​គ្រូៗ​ទាំងនោះ រង់ចាំ និង​មានការ​អធ្យាស្រ័យ​។  លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​ក្រុមការងារ​ជំនាញ​របស់​ក្រសួង កំពុង​ខិតខំ​ធ្វើ​រឿងនេះ ដើម្បី​ឲ្យ​មាន​ដោះស្រាយ​កាន់តែ​ឆាប់ ក្នុងការ​ផ្តល់​ថវិកា​ជូន​គ្រូ​ធ្វើ​កំណែ​លើ​វិញ្ញាសា​ទាំងអស់​។ ប៉ុន្តែ​យើង​ត្រូវការ​ពេលវេលា​បន្តិច ដើម្បី​ដោះ​ស្រោ​យ​»​។ 
 
​លោក ឃិន វណ្ណឌី ជា​គ្រូ​ឧ​ទេ្ទ​ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​បាន​ចូលរួម​ធ្វើ​កំណែ​លើ​វិញ្ញាសា​វប្បធម៌​ទូទៅ​នៃ​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សា​និង​ម​ត្តេ​យ្យ​សិក្សា បាន​ប្រតិកម្ម​នឹង​ក្រសួង​អប់រំ ដែល​មិនទាន់​ប្រគល់​ថវិកា​ឲ្យ និង​មិន​ព្រម​បញ្ជាក់​ថ្ងៃ​កំណត់​ប្រគល់​ថវិកា​។ 
 
​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ លោក បានលើកឡើង​បែបនេះ​ថា​៖«​កន្លងមក​ក​ញ្ចា​ប់​ថវិកា​ទាំងនេះ ក្រសួង​តែងតែ​ប្រគល់​ឲ្យ នៅពេល​ធ្វើ​កំណែ​ចប់​យ៉ាងយូរ​ក្រោយ​មួយថ្ងៃ​។ ប៉ុន្តែ​ឆ្នាំនេះ ខ្ញុំ​បាន​ចុះហត្ថលេខា​ទទួល​ប្រាក់​សរុប​ជាង​១​លាន​រៀល​ហើយ តែ​ជាក់ស្តែង​ខាង​ក្រសួង នៅតែ​មិនទាន់​ប្រគល់​ឲ្យ​ទៀត​»​។   
 
​ជាមួយគ្នានេះ លោក មាស ជុតិមា និង គ្រូ​ម្នាក់ទៀត ដែលជា​សមាជិក​គ្រូ​កំណែ​លើ​វិញ្ញាសា​វប្បធម៌​ទូទៅ​នៃ​ការប្រឡង​ខាងលើ ក៏​មិនទាន់​ទទួលបាន​កញ្ចប់​ថវិកា​ដែរ​។ ពួកលោក រំពឹងថា​នឹង​ទទួល​ថវិកា​នេះ ពី​ក្រសួង​នៅ​សប្តាហ៍​ក្រោយ​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក រស់ សុ​វាចា   មិនទាន់​អាច​បញ្ជាក់​បានទេ ថា​ក្រសួង នឹង​កំណត់​កាលបរិច្ឆេទ​នៃ​ការប្រគល់​ថវិកា​ជូន​គ្រូៗ នៅពេលណា​។ លោក បានត្រឹមតែ​អះអាងថា ក្រុមការងារ​ជំនាញ កំពុង​ខិតខំ​ដោះ​ស្រោ​យ​បញ្ហា​ហិរញ្ញវត្ថុ​នេះ ឲ្យ​ឆាប់​បំផុត​។ 
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សា​និង​ម​ត្តេ​យ្យ​សិក្សា (១២+២ និង ១២+៤) ធ្វើឡើង​នៅ​ថ្ងៃទី​៣០​វិច្ឆិកា ឆ្នាំ​២០១៨​។ ដោយឡែក ការធ្វើ​កំណែ​លើ​វិញ្ញាសា​ទាំង​៣​មុខ​វិទ្យា មាន​គណិតវិទ្យា ភាសា​ខ្មែរ និង​វប្បធម៌​ទូទៅ ធ្វើឡើង​ចាប់ពី​២-៥​ធ្នូ​៕
 

Tag:
 ​គ្រូ​
  ក្រសួង​អប់រំ​
  រស់ សុ​វាចា​
© រក្សាសិទ្ធិដោយ thmeythmey.com