នាយករដ្ឋមន្ត្រី ម៉ូរីសុន កំពុងលេងល្បែងនយោបាយដ៏គ្រោះថ្នាក់ ដោយរំពឹងថា ការប្តូរស្ថានទូតទៅហ្ស៊េរុយសាឡិមតាម ដូណាល់ ត្រាំ នឹងជួយខ្លួនឈ្នះឆ្នោត និងរក្សាតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំក្រោយ។
រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃសុក្រទី ១៤ ខែធ្នូនេះបានដាស់តឿនប្រជាពលរដ្ឋខ្លួនដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីឲ្យប្រុងប្រយ័ត្ន ខណៈដែលកង់បេរ៉ាត្រៀមប្រកាសប្តូរទីតាំងស្ថានទូតទៅហ្ស៊េរុយសាឡិមតាមអាមេរិក។ ទង្វើរបស់អូស្ត្រាលីជារឿងចម្រូងចម្រាស និងអាចបង្កឲ្យមានភាពល្អក់កករខ្លាំងក្នុងទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋមូស្លីមជាច្រើនជាពិសេសក្នុងតំបន់អាស៊ាន។
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) ទំនងជានឹងប្រកាសពីផែនការប្តូរទីតាំងស្ថានទូតអូស្ត្រាលីពីក្រុងតែលអាវីវ ទៅកាន់ក្រុងហ្ស៊េរុយសាឡិមតាមរដ្ឋបាលលោក ដូណាល់ ត្រាំ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីនេះកំពុងបង្កើតរឿងចម្រូងចម្រាស និងអាចជំរុញចលនាបាតុកម្មនៅប្រទេសមូស្លីមនានាប្រឆាំងនឹងជំហរអូស្ត្រាលីដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីអះអាងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីនេះនឹងអាចប្រកាសទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលនៅថ្ងៃសៅរ៍ទី ១៥ ខែធ្នូនេះ។ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក៏បានព្រមានពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរទៅកម្សាន្តនៅប្រទេសមូស្លីមដែរ។
ក្រសួងការបរទេសអូស្ត្រាលីបានដាស់តឿនពលរដ្ឋអូស្ត្រាលីដែលត្រៀមទៅកម្សាន្តនៅកោះបាលី និងបណ្តាទីកន្លែងទេសចរណ៍ផ្សេងទៀតនៅឥណ្ឌូណេស៊ីដែលជាប្រទេសមូស្លីមធំជាងគេលើពិភពលោកក្នុងថ្ងៃសម្រាករដូវក្តៅនេះ។ ក្រសួងនេះបានបញ្ជាក់ដូច្នេះ៖« ពេលរដ្ឋអូស្ត្រាលីគួរតែមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ពេលទៅកម្សាន្តនៅឥណ្ឌូណេស៊ី»។
ហ្ស៊េរុយសាឡិម ជាទីក្រុងមួយដែលស្ថិតក្នុងស្ថានភាពមិនដាច់ស្រេច។ អ៊ីស្រាអែលបានគ្រប់គ្រងហ្ស៊េរុយសាឡិមពាក់កណ្ដាល និងបានភ្ជាប់ជាទឹកដីភាគខាងលិចរបស់ទីក្រុងនេះក្រោយសង្គ្រាមឆ្នាំ១៩៦៧ ។ អ៊ីស្រាអែលបានទាមទារចំណែកទីក្រុងនេះទាំងមូល និងបានភ្ជាប់តំបន់ភាគខាងកើត ដែលធ្វើឲ្យទីក្រុងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ឯប៉ាឡេស្ទីនចាត់ទុកតំបន់ខាងកើតជារដ្ឋធានីរបស់ខ្លួននៅថ្ងៃអនាគត។
ត្រឡប់មកវិញ ប្រមុខរដ្ឋាភិបាលអូស្ត្រាលី បានបង្ហើបពីចេតនារបស់ខ្លួន ក្នុងការទទួលស្គាល់ទីក្រុងហ្សេរ៊ុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលផ្លូវការ កាលពីខែតុលាកន្លងទៅ។ ប៉ុន្តែកាលនោះលោក បដិសេធថា វាមិនមានពាក់ព័ន្ធការដើរតាមអាមេរិកឡើយ។ លោកពន្យល់ថា ទោះជាវាដើរបញ្ច្រាសទាំងស្រុងនឹងគោលនយោបាយរបស់រដ្ឋាភិបាលរាប់សិបអាណត្តិមកហើយក៏ដោយ លោក ចង់ឃើញការរីកចម្រើនជាងមុនក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
យ៉ាងណាមិញ ការសម្រេចចិត្តរបស់ ម៉ូរីសុន ជាល្បែងនយោបាយច្រើនជាងការជំរុញលទ្ធភាពដោះស្រាយជម្លោះមជ្ឈិមបូព៌ាដ៏រ៉ាំរ៉ៃ ដ្បិតថា អ្នកនយោបាយរូបនេះនឹងត្រូវប្រជែងយកកៅអីនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំក្រោយ។ លោកសំឡឹងឃើញថា សំឡេងក្រុមអ្នកគ្រប់អាយុបោះឆ្នោតនៅសហគមន៍ជ្វីហ្វ និងបណ្តាអ្នកអភិរក្សមានឥទ្ធិពលសំខាន់លើលទ្ធផលនៃការបោះឆ្នោត និងអាចជួយឲ្យលោកជាប់ឆ្នោតបន្តតំណែងទៅមុខផង។
កន្លងមកបណ្តាអ្នកគាំទ្រ លោក ម៉ូរីសុន ជានិច្ចជាកាលអះអាងថា អ៊ីស្រាអែលមានសិទ្ធិស្របច្បាប់ក្នុងការជ្រើសរើសរដ្ឋធានីផ្ទាល់ខ្លួន ហើយកិច្ចចរចាសន្តិភាពជាមួយប៉ាឡេស្ទីននោះស្លាប់បាត់ទៅហើយ។
ប្រាកដណាស់ថា ការប្តូរជំហររបស់អូស្ត្រាលីលើឋានៈនៃទីក្រុងពិសិដ្ឋហ្ស៊េរុយសាឡិមនឹងត្រូវប្រឈមនឹងការថ្កោលទោសនិងការប្រឆាំងពីសំណាក់សហគមន៍អន្តរជាតិដូចកាលអាមេរិកធ្វើកាលពីខែឧសភាកន្លងមកនេះដែរ។
ពេលអាមេរិកប្តូរស្ថានទូតទៅហ្ស៊ុរុយសាឡិមនាខែឧសភា ចលនាបាតុកម្មរបស់ពលរដ្ឋប៉ាឡេស្ទីនកើតឡើង រហូតដល់មានការប៉ះទង្គិចគ្នា ហើយពលរដ្ឋប៉ាឡេស្ទីន យ៉ាងតិច ៦២នាក់ស្លាប់ដោយសារគ្រាប់កាំភ្លើងទាហានអ៊ីស្រាអែលដូចគ្នា។
មកដល់ឥឡូវនេះ ទំនាក់ទំនងគ្រប់យ៉ាងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែតានតឹង ហើយកាលពីថ្ងៃព្រហស្បតិ៍នេះទៀត ទាហានអ៊ីស្រាអែលបានបើកការវាយឆ្មក់លើទីក្រុង Ramallah ក្រោយពេលដែលជនជាតិប៉ាឡេស្ទីនម្នាក់បាញ់ទាហានអ៊ីស្រាអែលពីរនាក់ស្លាប់នៅទីក្រុង West Bank។
សកម្មភាពរបស់អូស្ត្រាលីនៅពេលនេះប្រាកដណាស់ថា នឹងជំរុញចលនាបាតុកម្មតវ៉ានៅរដ្ឋមូស្លីមធំៗ ជាពិសេសនៅអាស៊ីអាគ្នេយ៍។ វាក៏នឹងធ្វើទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងរដ្ឋអាស៊ីអាគ្នេយ៍ប្រឈមនឹងភាពរកាំរកូសខ្លាំងផងដែរ។
កន្លងមកឥណ្ឌូណេស៊ី និងម៉ាឡេស៊ីធ្លាប់ព្រមានអូស្ត្រាលីម្តងហើយពីបញ្ហាដែលនឹងអាចកើតឡើង បើអូស្ត្រាលីនៅតែរឹងរូសបន្តផែនការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែល។ ការបិទបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងឥណ្ឌូណេស៊ីក៏ត្រូវព្យួរបណ្តោះអាសន្នដែរដោយសារផែនការប្តូរទីតាំងស្ថានទូតនេះ។
ងាកទៅមើលប្រតិកម្មពីប្រជាជនឥណ្ឌូណេស៊ីវិញ គេឃើញមានបាតុកម្មកើតឡើងបន្តបន្ទាប់ប៉ុន្មានសប្តាហ៍មកហើយនៅជុំវិញស្ថានទូតអូស្ត្រាលីក្រុងហ្សាការតា និង កុងស៊ុលអូស្ត្រាលីនៅស៊ូរ៉ាបាយ៉ា។ បាតុកម្មអាចនឹងបន្តទៅកាន់ទីក្រុងផ្សេងទៀត និងអាចអូសបន្លាយពេលវេលាកាន់តែយូរផង៕