ជាតិ
សង្គមជាតិ
រដូវធ្វើប្រហុក ផ្អក! ត្រីប្រា ត្រីរៀល និងត្រីស្លឹកឫស្សី កំពុងត្រូវប៉ាន់ រូបភាពប្រជាពលរដ្ឋកំពុងទិញត្រីសម្រាប់ធ្វើប្រហុក នៅកំពុងផែនេសាទត្រីគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
× ភ្នំពេញ៖ រដូវកាលធ្វើប្រហុក ផ្អក មកដល់ ប្រជានេសាទបានប្រមូលផលត្រីប្រា ត្រីរៀល និងត្រីស្លឹកឫស្សី សម្រាប់ដាក់លក់ដល់សាធារណៈជន។ ប្រជាពលរដ្ឋដែលរស់នៅតំបន់កំពង់ផែគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ និងអ្នកនៅទីឆ្ងាយ ក៏ប្រញាប់ប្រញាល់មកទិញត្រីសម្រាប់ទុកធ្វើប្រហុក ដើម្បីទុកបរិភោគក្នុងក្រុមគ្រួសារពេញមួយឆ្នាំ ហើយអ្នកខ្លះទិញត្រីសម្រាប់ធ្វើប្រហុក ដើម្បីយកទៅលក់បន្តនៅតាមទីផ្សារផងដែរ។
លោកស្រី វ៉ន អាយុ៦៣ឆ្នាំ បានធ្វើដំណើរពីខេត្តកំពង់ស្ពឺ ដើម្បីមកទិញត្រី៥០គីឡូក្រាម សម្រាប់យកទៅធ្វើប្រហុក។ ប្រហុកដែលលោកស្រីធ្វើដោយផ្ទាល់ដៃខ្លួនឯង ដោយទុកសម្រាប់បរិភោគប៉ុណ្ណោះ ពោលគឺមិនមែនលក់ឡើយ។ មូលហេតុដែលលោកស្រី វ៉ន ទិញប្រហុកធ្វើដោយដៃខ្លួនឯងនេះ ព្រោះលោកស្រីគិតពីសុវត្ថិភាព និងសុខភាពសម្រាប់គ្រួសារលោកស្រី ។ កំពុងតែខ្ចប់ត្រីសម្រាប់ធ្វើប្រហុកដាក់ក្នុងការុង លោកស្រី វ៉ន បាននិយាយថា៖ «អុំធ្វើត្រីប្រហុកនេះ ទុកហូប និងទុកចែកកូន ចែកចៅ ម្នាក់១០គីឡូៗផងដែរ»។
ពលរដ្ឋម្នាក់ទៀតជាអ្នករស់នៅម្តុំទួលសង្កែ គឺលោកស្រី ឈួន ចន្ធី ក៏ជាអ្នកមកទិញត្រីធ្វើត្រីប្រហុកផងដែរ។ លោកស្រី ចន្ធី និយាយថា លោកស្រីតែងតែមកទិញត្រីប្រហុកជារៀងរាល់ឆ្នាំ មិនដែលខានទេ ដោយសារតែគិតពីសុខភាព ទើបអ្នកស្រីសម្រេចចិត្តធ្វើត្រីប្រហុកនេះខ្លួនឯង។ «យើងចេះតែធ្វើទុកទៅ ពេលណាត្រូវហូបបានយើងហូបទៅ»។ នេះជាការលើកឡើងរបស់លោកស្រី ឈួន ចន្ធី។
ចំណែកអ្នកស្រី ឈួន ម៉ារ៉ា ក៏បានមកទិញត្រី៦០គីឡូក្រាមនៅបែត្រី ក្រោយឮដំណឺងថា ឆ្នាំនេះសម្បូរត្រី។ មានវ័យ៦២ឆ្នាំ ទើបតែសម្រេចចិត្តធ្វើត្រីប្រហុកនេះ រយៈពេល២ឆ្នាំតែប៉ុណ្ណោះ សម្រាប់ឲ្យកូនចៅទុកធ្វើម្ហូប។
លោកស្រី កោ រ៉ហានី អ្នកចែកចាយត្រីប្រហុក ទើបតែចាប់ផ្តើមប្រមូលត្រីនៅថ្ងៃដំបូង នាថ្ងៃទី១៤ ខែឆ្នូ បានប្រាប់សារព័ត៌មានថ្មីៗថា ឆ្នាំនេះមានត្រីច្រើន ដោយសារតែអត់មានភ្លៀងធ្លាក់។ កំពុងតែញាប់ដៃញាប់ជើងថ្លឹងត្រីឲ្យអតិថិជនដែលចុះមកទិញត្រីនៅកំពង់ផែនេសាទត្រីគីឡូម៉ែត្រលេខ៩ លោកស្រី រ៉ហានី បញ្ជាក់ថា៖«មើលទៅឆ្នាំនេះ ការប្រមូលត្រី រៀងគ្រាន់ជាងឆ្នាំមុន ហើយត្រីក៏ល្អ ហើយធំៗ ហើយយើងសង្ឃឹមថារយៈពេលប៉ុន្មានថ្ងៃទៀត នឹងមានត្រីធ្លាក់មកច្រើន អ៊ីចឹងសុំឲ្យកុំតែមានភ្លៀងទៅបានហើយ ពេលណាមានភ្លៀងត្រីវាអត់ចុះទេ»។
មានរបរជាអ្នកចែកចាយត្រីសម្រាប់ធ្វើប្រហុកជិត៣០ឆ្នាំ លោកស្រី រ៉ហានី បានប្រាប់ថា អ្នកស្រីប្រមូលបានត្រីនៅថ្ងៃដំបូងបានប្រមាណ៤តោន សម្រាប់លក់ទៅឲ្យប្រជានេសាទ ឬពលរដ្ឋរស់នៅតាមទីផ្សារ និងអ្នកប្រកបមុខរបរធ្វើប្រហុក។ អ្នកស្រីបញ្ជាក់ទៀតថា៖«ថ្ងៃនេះប្រមូលបានច្រើនគួរសម ហើយខ្ញុំបានវៃត្រីបាន៣ទៅ៤តោនហើយ សម្រាប់លក់ឲ្យអ្នករស់នៅតាមស្រុកស្រែសម្រាប់ធ្វើប្រហុក។ ត្រីសម្រាប់ធ្វើប្រហុកនោះមានតម្លៃ២០០០រៀល និងត្រីដែលកាត់ក្បាលហើយមានតម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាម»។
ជាមួយគ្នាផងដែរ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រ៊ុន លឹមសុខ បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋដែលមានបំណងចង់ធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ ទាំងអស់ រួសរាន់ប្រកបមុខរបររបស់ខ្លួន ឲ្យទាន់ពេលពេលមានផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។ បើតាមរដ្ឋបាលជលផលដដែល បញ្ជាក់ថា ឆ្នាំនេះកម្ពស់ទឹកនៅក្នុងបឹងទន្លេសាបស្រកទឹកលឿន និងលំហូរទឹកនៅតាមទន្លេសាបនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានលក្ខណៈល្អប្រសើរ ដែលអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីបានច្រើនជាងរាល់ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com