អន្តរជាតិ
វិបត្តិ​យេ​ម៉ែន​៖ អាមេរិក​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បក្សពួក​ទូទាត់​លុយ​៣៣១​លាន​ដុល្លារ​ថ្លៃ​ចាក់​សាំង​យន្តហោះ​ចម្បាំង​
14, Dec 2018 , 9:19 pm        
រូបភាព
​យោធា​អាមេរិក​កំពុង​ស្វែងរក​ការទូទាត់​ប្រាក់​ចំនួន​៣៣១​លាន​ដុល្លារ​ពី​សំណាក់​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជុំវិញ​ថ្លៃ​ចាក់​សាំង​ឲ្យ​យន្តហោះ​ប្រទេស​ទាំងពីរ​នេះ​ក្នុង​ប្រតិបត្តិការ​នៅ​យេ​ម៉ែន​។ ការទាមទារ​នេះ កើតឡើង​បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​អះអាងថា ខ្លួន​មិនបាន​គិតថ្លៃ​ទាំង​នេះឡើយ ព្រោះ​មាន​បញ្ហា​ផ្នែគ​ណ​នេ​យ្យ​។ ចំនួន​ទឹកប្រាក់​សន្ធឹកសន្ធាប់​ខាងលើ រួមបញ្ចូល​ថ្លៃ​ប្រេង និង​រយៈពេល​ហោះហើរ​សម្រាប់​រយៈពេល​បី​ឆ្នាំ​។

 
​សម្ព័ន្ធមិត្ត​ចម្រុះ​អារ៉ាប់​ដោយ​ដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​លូក​ចូល​វិបត្តិ​យេ​ម៉ែន​នៅ​ឆ្នាំ​២០១៥ ដោយ​ធ្វើ​ប្រតិបត្តិការ​ដែន​គោក និង​ការវាយប្រហារ​ដែនអាកាស​ផង​។ អាមេរិក មិនបាន​ចូលរួម​ក្នុង​វិបត្តិ​នេះ​ដោយផ្ទាល់​ឡើយ តែ​បាន​ផ្គត់ផ្គង់​អាវុធ និង​ផ្នែក​ភស្តុភារ​មួយចំនួនទៀត​។ យ៉ាងណាមិញ អាមេរិក​បានប្រកាស​កា​លពី​ខែ​មុន​ថា ខ្លួន​ឈប់​ផ្គត់ផ្គង់​សាំង​ឲ្យ​យន្តហោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​យេ​ម៉ែន​ទៀតហើយ​។​
 
​បន្ទាប់​ពីក្រោយ​ឈប់​ការផ្គត់ផ្គង់​នេះ អាមេរិក​មិនបាន​ទារ​ថ្លៃ​ប្រេង​ឡើយ ដែល​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អះអាងថា បណ្ដាល​បញ្ហា​ខ្លះ​។ អ្នកនាំពាក្យ Rebecca Rebarich បាន​និយាយ​នៅ​ថ្ងៃទី​១៣ ខែធ្នូ ថា ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា (CENTCOM) បាន​ត្រួតពិនិត្យ​បញ្ជី​របស់ខ្លួន ហើយក៏​រកឃើញ​កំហុស​ផ្នែក​គណនេយ្យ​ដោយ​ខកខាន​ទូទាត់​ថ្លៃ​សាំង​យន្តហោះ និង​ថ្លៃ​ហោះហើរ​ពី​សំណាក់​អា​រ៉ា​ប៊ី​ស​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​
 
​បើតាម​ទូរទស្សន៍ CNN អង្គភាព CENTCOM បាន​កែប្រែ​កំហុស​នេះ​រួចហើយ​។ ក្រសួងការពារជាតិ​អាមេរិក​នឹង​ទារ​ថ្លៃ​សាំង​ចំនួន​៣៦.៨​លាន​ដុល្លារ ហើយ​ថ្លៃ​ហោះហើរ​ចំនួន​២៩៤.៣​លាន​ដុល្លារ ដោយ​គិតពី​ខែមីនា ឆ្នាំ​២០១៥ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។ មន្ត្រី​អ្នកនាំពាក្យ​ខាងលើ​បន្តថា អាមេរិក​បានន​ជូនដំណឹង​ទៅកាន់​ប្រទេស​ទាំងពីរ​នេះ​រួចហើយ​ជុំវិញ​បំណង​ទូទាត់​ថ្លៃ​ចំណាយ​របស់​ពួកគេ និង​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់​។​
 
​កំហុស​ផ្នែក​គណនេយ្យ​ខាងលើ ត្រូវបាន​រកឃើញ​អំឡុង​ការស៊ើបអង្កេត​របស់លោក Jack Reed សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​សមាជិក​គណៈកម្មាធិកា​រ​យោធា​ព្រឹទ្ធសភា​ផង​។ លោក Reed ចាត់ទុក​ចំណាត់ការ​របស់​ក្រសួងការពារជាតិ​ជា​រឿង​ល្អ ព្រោះនេះ​ជា​លុយ​ពន្ធ​បង់​ដោយ​ប្រជាជន​អាមេរិក ដែល​មិនគួរ​ជួប​បញ្ហា​របៀប​នេះឡើយ​។ យ៉ាងណាមិញ សមាជិក​ព្រឹទ្ធសភា​រូបនេះ​និយាយថា បញ្ហា​នៅ​យេ​ម៉ែន​នៅសល់​ច្រើនណាស់​។​
 
​ការទាមទារ​លុយ​ជំពាក់​ពី​សំណាក់​សម្ព័ន្ធមិត្ត​បែបនេះ អាចជា​សញ្ញា​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ទំនាក់ទំនង​ពិសេស​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​រី​យ៉ា​ដ ក៏ដូចជា​ជាមួយ​សម្ព័ន្ធមិត្ត​តំបន់​ឈូង​សមុទ្រ​ផង​។ សង្គ្រាម​នៅ​យេ​ម៉ែន ជា​ប្រធានបទ​គ្មាន​ប្រជាប្រិយភាព​ឡើយ​សម្រាប់​ប្រជាជន​អាមេរិក ខណៈ​បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​រហូត​បង្កើត​ទៅជា​វិបត្តិ​មនុស្សធម៌​មិន​ធ្លាប់មាន​ទៀតផង​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា រដ្ឋបាល​អាមេរិក​លែង​គាំទ្រ​មិត្ត​របស់ខ្លួន​ដែល​ជាប់ដៃ​ក្នុង​ជម្លោះ​នេះ​ទេ​៕
 

Tag:
 អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  យេ​ម៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com