កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA គាំទ្រ​ពេញទំហឹង​លើ​ការបន្ថែម​ក្រុម​ដល់​៤៨​ក្នុង World Cup នៅ​កាតា​
16, Dec 2018 , 8:19 am        
រូបភាព
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នៅ​ថ្ងៃទី​១៤ ខែធ្នូ​នេះ​បាន​និយាយថា សហព័ន្ធ​កីឡាបាល់ទាត់​ភាគច្រើន​គាំទ្រ​ឲ្យ​មានការ​បង្កើន​ក្រុម​ពី​៣២ ទៅ ៤៨ ដើម្បី​ចូលរួម​ប្រជែង​ក្នុងការ​ប្រកួត FIFA World Cup ឆ្នាំ​២០២២ នៅ​កាតា​តែម្តង​។​

 
FIFA ប្រកាស​ម្តង​រួចមកហើយ​ថា​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០២៦ ដែលមាន សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ធ្វើជា​ម្ចាស់ផ្ទះ​នោះ នឹងមាន​ក្រុម ៤៨​ចូលរួម​ប្រកួតប្រជែង​ជា​លើកដំបូង បន្ទាប់ពី​មានការ​បោះឆ្នោត​គាំទ្រ​លើ​ការបន្ថែម​ក្រុម​នេះ​យ៉ាងច្រើន​។​
 
​បើ​ទោះ​មានការ​ប្រកាស​បែបនេះ​ក្តី លោក Infantino ក៏បាន​បញ្ជាក់​ជាថ្មី​ទៀតថា FIFA ក៏មាន​ចេតនា​ចង់​ឲ្យ​មាន​ក្រុម​រហូតដល់ ៤៨ ដើម្បី​ចូលរួម​ការប្រកួត World Cup 2022 តែម្តង ប៉ុន្តែ​ត្រូវ​រង់ចាំ​ដល់​ខែមីនា ឆ្នាំ​២០១៩ ទើប​ប្រកាស​សម្រេច​ចុងក្រោយ​ថា​បន្ថែម ឬក៏​អត់​។ 
 
 ជុំវិញ​ការបន្ថែម​ក្រុម​ពី ៣២ ទៅ ៤៨ នេះ អ្នកគ្រប់គ្រង​ក្បាល​ម៉ា​ស៊ី​កីឡាបាល់ទាត់​ពិភពលោក ថា​វា​ក៏​មិន​ងាយស្រួល​នោះដែរ​ព្រោះ​នឹងត្រូវ​លេង​លើស​ចំនួន​ថ្ងៃ​ធម្មតា និង​ពិបាក​ក្នុងការ​ដំណើរការ​ការប្រកួត​នៅក្នុង​ប្រទេស​កាតា​តែមួយ​។​
 
​មួយវិញទៀត កាតា​ក៏​ធ្លាប់មាន​បញ្ហា​ន​យោ​យ​បាយ​ជាមួយ​ប្រទេសជិតខាង​ដោយ​ហ៊ុម​ព័​ទ​សេដ្ឋកិច្ច​ផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក​ជាមួយ​អារ៉ាប់​រួម​អា​មេ​រ៉ា​ត និង​បា​រ៉ែ​ន ដែល​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​ក្នុងការ​ចែករំលែក​ទីលាន​ប្រកួត​ខ្លះទៅ​ក្រៅប្រទេស​។​
 
​ប៉ុន្តែ​ទោះបី​មាន​បញ្ហា​ដូច្នេះ​ក្តី ប្រធាន​សហព័ន្ធ​កីឡា​បាល់​នៃ​ប្រទេស​ដទៃ​ភាគច្រើន​នៅតែ​គាំទ្រ​ឲ្យ​មានការ​បន្ថែម​ក្រុម​៤៨ នៅក្នុង​ព្រឹត្តិ​កាណ៍​បាល់ទាត់​ពិភពលោក​នៅ​កាតា​តែម្តង​។ មិន​ត្រឹមតែ​សហព័ន្ធ​ឡើយ ប្រធាន FIFA លោក Infantino ផ្ទាល់​បាន​គាំទ្រ​ពេញទំហឹង​នឹង​ការបន្ថែម​នេះដែរ​។​
 
«​យើង​បាន​ប្រមូលផ្តុំ​មតិ​ពី​សហព័ន្ធ​កីឡា​ជាច្រើន​។ រហូតមកទល់​ពេលនេះ ពិតណាស់​ភាគច្រើន​គឺ​ពួកគេ​គាំទ្រ​ឲ្យ​មានការ​បន្ថែម​ក្រុម​១៦​ទៀត​ចូលរួម​ប្រកួតប្រជែង​។ ការបន្ថែម​នេះ​មានន័យថា ក្នុងចំណោម​ប្រទេស​ពី​៥០ ទៅ​៦០​ដែល​មិន​ធ្លាប់បាន​សិទ្ធិ​ចូលរួម​សោះ​នោះ អាច​នឹង​សម្រេច​ក្តី​សុបិន​ក្នុង​ការចូលរួម​ការប្រកួត​លំដាប់​ពិភពលោក​នេះ​បាន​»​។ ប្រធាន FIFA អះអាង​ដូច្នេះ​៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com