អន្តរជាតិ
សិង្ហបុរី៖ កម្មករពីរនាក់ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ ដោយសារសូកប៉ាន់លុយ«១ដុល្លារសិង្ហបុរី»
× ភ្នាក់ងារស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាលសិង្ហបុរី បានចាប់ខ្លួនកម្មករក្រុមហ៊ុនលើកដាក់អីវ៉ាន់ពីរនាក់ ពីបទប្រព្រឹត្តអំពើពុករលួយ តាមរយៈការយកសំណូក « ១ ដុល្លារសិង្ហបុរី » ជាច្រើនដងពីអ្នកបើកបររថយន្តដើម្បីថ្នូរនឹងការសម្រួលការងារ។
តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃ១១ ធ្នូ របស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាលសិង្ហបុរី ជនល្មើសពីរនាក់ គឺ Chen Ziliang និង Zhao Yucun មានអាយុ៤០ឆ្នាំដូចគ្នា ត្រូវបានកាត់ទោសពីការទទួលយកលុយ ១ ដុល្លារសិង្ហបុរី ដើម្បីជាថ្នូរសម្រាប់ការជួយសម្រួលលើកដាក់កុងតឺន័រមួយៗទៅលើរថយន្តបន្ត។
តាមសេចក្តីប្រកាសដែលភ្ជាប់ជាមួយនឹងចំណងជើង « ការទទួលយកសំណូកមួយដុល្លារ ក៏ជាបទល្មើស» បានបញ្ជាក់ថា លោក Chen Ziliang បានប្រព្រឹត្តសកម្មភាពបែបនេះ ក្នុងចន្លោះឆ្នាំ ២០១៦ដល់២០១៨ ខណៈ លោក Zhao Yucun បានប្រព្រឹត្តនៅក្នុងចន្លោះឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ។
ក្នុងច្បាប់របស់សិង្ហបុរី និយោជិតទាំងអស់ មានកាតព្វកិច្ចបំពេញការងាររបស់ខ្លួនដោយតម្លាភាព ហើយត្រូវចៀសវាងឲ្យបានការទទួលយកសំណូកដើម្បីជាថ្នូរសម្រាប់ការជួយ។ សូម្បីតែសំណូកនោះ មានតម្លៃត្រឹមតែ ១ដុល្លារ(១សិង្ហបុរី = ៧៥ សេនដុល្លារអាមេរិក) ក៏ត្រូវប្រឈមនឹងច្បាប់ដែរ ពោលគឺ មិនថាសំណូកនោះ ជាទម្រង់បែបណា ឬទំហំប៉ុណ្ណាក៏ដោយ មិនអាចរួចផុតពីការកាត់ទោសបានឡើយ។
សម្រាប់សិង្ហបុរី ការប្រព្រឹត្តអំពើស៊ីសំណូក គឺជាបទល្មើសធ្ងន់ធ្ងរបំផុត ហើយរាល់បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក អាចប្រឈមនឹងការវិន័យជាទឹកប្រាក់ចាប់ពី ១០ ម៉ឺន (សិង្ហបុរី) ឬកាត់ទោសឲ្យជាប់ពន្ធនាគារចាប់ពី៥ឆ្នាំឡើងទៅ ឬជាប់ទោសទាំងពីរ។
គួរជម្រាបផងដែរ រដ្ឋាភិបាលសិង្ហបុរី បានប្តេជ្ញាអនុវត្តឲ្យមានកម្រិតអំពើរលួយនៅក្នុងប្រទេសត្រឹមសូន្យ ។ តាមរបាយការណ៍របស់តម្លាភាពអន្តរជាតិឆ្នាំ២០១៧ សិង្ហបុរី ជាប្រទេសដែលស្អាតស្អំបំផុតនៅក្នុងតំបន់អាស៊ាន និងស្ថិតនៅលេខ៦ របស់ពិភពលោក។ តាមរបាយការណ៍ អំពើពុករលួយ ដែលសល់តិចតួចបំផុតរបស់សិង្ហបុរី ភាគច្រើនកើតឡើងនៅក្នុងវិស័យឯកជន៕
© រក្សាសិទ្ធិដោយ thmeythmey.com