ភ្នំពេញ៖ ក្រោយពីរដ្ឋសភាអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ អាចធ្វើសកម្មភាពនយោបាយឡើងវិញនោះ ស្រាប់តែអ្នកនយោបាយត្រកូល»គង់» ប្រកាសពីជំហរខ្លួន នៅក្នុងផ្លូវនយោបាយនេះ។ លោក គង់ គាំ និងលោក គង់ បូរ៉ា សម្រេចត្រៀមយកសិទ្ធិធ្វើនយោបាយវិញ ខណៈដែលលោក គង់ សភា ប្រកាសជំហរមិនទទួលសិទ្ធិធ្វើនយោបាយនេះឡើយ។
ផ្ទុយពីការអំពាវនាវរបស់លោក សម រង្ស៊ី លោក គង់ គាំ និងលោក គង់ បូរ៉ា ប្រកាសពីជំហរខ្លួន ក្នុងការទទួលយកសិទ្ធិធ្វើនយោបាយវិញ តាមច្បាប់ត្រង់មាត្រា៤៥ថ្មី (ស្ទួន១) ដែលអនុញ្ញាត។ លោក គង់ គាំ ដែលជាមនុស្សស្និទ្ធជាមួយលោក សម រង្ស៊ី ក្នុងឆាកនយោបាយប្រឆាំងជាង២០ឆ្នាំមកនេះ បានត្រៀមខ្លួនដាក់លិខិតស្នើសុំធ្វើនយោបាយវិញរួចហើយ ក្រោយពីឮដំណឹងថាមាត្រាច្បាប់ខាងលើបានចូលជាធរមាន។ ប៉ុន្តែការសុំសិទ្ធិចូលធ្វើនយោបាយរបស់លោក គង់ គាំ នៅពេលនេះ គឺមិននៅបន្តរួមរស់ជាមួយលោក សម រង្ស៊ី ដូចមុនទេ ពោលគឺលោកនឹងចូលទៅរួមរស់ក្នុងជីវភាពនយោបាយជាមួយកូនប្រុសខ្លួន គឺលោក គង់ មុនីកា ដែលជាប្រធានគណបក្សឆន្ទៈខ្មែរវិញ។
លោក គង់ គាំ ដែលបានតស៊ូនយោបាយជាមួយលោក សម រង្ស៊ី ដែលមានអនុស្សាវរីយរាប់មិនអស់ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ នៅជួយកូនប្រុសខ្ញុំហើយ។ គណបក្សឆន្ទៈខ្មែរ ជាប៉ូលប្រឆាំងថ្មី សម្រាប់អ្នកជំនាន់ក្រោយ»។
មិនខុសពីឪពុកខ្លួន លោក គង់ បូរ៉ា ក៏សម្រេចចិត្តទទួលសិទ្ធិធ្វើនយោបាយ ប្រាសចាកការស្នើសុំរបស់មេដឹកនាំខ្លួនលោក សម រង្ស៊ី ដែរ។ សម្រាប់លោក គង់ បូរ៉ា ការជ្រើសរើសផ្លូវធ្វើនយោបាយវិញ គឺជាជម្រើសដ៏ល្អសម្រាប់រូបលោក ។
នៅពេលសួរថា តើលោកជ្រើសរើសយកសិទ្ធិធ្វើនយោបាយនេះ បានន័យថា លោកនឹងឈប់ធ្វើនយោបាយរួមរស់ជាមួយលោក សម រង្ស៊ី ទៀតហើយ? លោក គង់ បូរ៉ា ឆ្លើយតបថា លោកនឹងមិននៅរួមរស់ជាមួយលោក សម រង្ស៊ី ទៀតឡើយ ហើយលោកក៏មិនទាន់ច្បាស់ថា នឹងចូលរួមជាមួយអ្នកណាដែរ។
«ខណៈដែលវិសោធនកម្មច្បាប់ថ្មីនេះត្រូវគេមើលឃើញថាជាសញ្ញាវិជ្ជមានសម្រាប់បើកផ្លូវឲ្យអ្នកនយោបាយដែលជាប់បម្រាមអាចមានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ខ្ញុំប្រាកដជា ជ្រើសយកសិទ្ធិធ្វើនយោបាយឡើងវិញ ផ្ទុយគ្នាពីជំហររបស់ លោក សម រង្ស៊ី ដោយខ្ញុំយល់ថាសិទ្ធិដែលធានាដោយច្បាប់របស់ប្រទេសជាផ្លូវភ្លឺ ។ខ្ញុំគិតផ្សេង ពីលោក សម រង្ស៊ី ហើយក្រោយទទួលបានសិទ្ធិ ខ្ញុំមិនអាចធ្វើជាមួយអ្នកគ្មានសិទ្ធិនោះទៀតទេ។ (នៅពេលនេះ)ខ្ញុំមិនទាន់មានសិទ្ធ ខ្ញុំមិនទាន់សំរេចចិត្តចូលរួមនយោបាយជាមួយអ្នកណាទេ»។ នេះជាការបញ្ជាក់របស់លោក គង់ បូរ៉ា។
ទាំងលោក គង់ គាំ និងលោក គង់ បូរ៉ា សុទ្ធតែបង្ហាញពីអារម្មណ៍អស់ជំនឿចិត្តលើលោក សម រង្ស៊ី ដែលជាមេដឹកនាំខ្លួន អស់រយៈពេលជាច្រើនទសវត្សមកនេះ។
បើទោះជាឪពុក និងបងប្រុសខ្លួន គិតបែបអវិជ្ជមានលើលោក សម រង្ស៊ី ក្តី ប៉ុន្តែលោក គង់ សភា មើលមិនឃើញបែបនោះឡើយ។ សម្រាប់លោក គង់ សភា លោក សម រង្ស៊ី គឺជាមេដឹកនាំល្អម្នាក់ នៅក្នុងក្រសែភ្នែកខ្លួន។ ផ្ទុយពីឪពុក និងបងប្រុសខ្លួន លោក គង់ សភា សម្រេចចិត្តមិនទទួលយកសិទ្ធិធ្វើនយោបាយវិញឡើយ ដោយអនុលោមតាមការអំពាវនាវរបស់លោក សម រង្ស៊ី។
ថ្លែងប្រាប់សារព័ត៌មានថ្មី ពីប្រទេសកាណាដា តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់រងគ្រោះដោយសារតែអំពើហិង្សាមួយ នៅក្បែររដ្ឋសភា កាលពីជាង៣ឆ្នាំមុន បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមិនស្នើសុំ(សិទ្ធិនយោបាយ) ទេព្រោះមិនដឹងខ្លួនថា មានកំហុសអ្វីបានជាគេបិទសិទ្ធរបស់ខ្ញុំ។ គេវាយយើងហើយឲ្យយើងទៅសុំទោសគេទៀតដូចវាហួសហេតុពេកហើយ។ តាមពិតខ្ញុំបានមើលឃើញនិងសម្រេចចិត្តមុនការអំពាវនាវរបស់លោកប្រធានទៅទៀត ដូច្នេះគំនិតខ្ញុំវាស្របគ្នាទៅតាបការអំពាវនាវនោះ»។
ដ្បិតលោក គង់ សភា សម្រេចចិត្តនយោបាយខុសពីឪពុក និងបងប្រុសខ្លួនក្តី ប៉ុន្តែលោក អះអាងថា គ្រួសារលោក មិនបានឈ្លោះគ្នា ឬបែកបាក់គ្នា ដោយសារជំហរនយោបាយនោះទេ។ បើតាមលោក គង់ សភា ជំហររបស់ខ្លួន រួមទាំងឪពុក និងបងប្រុស នៅក្នុងឆាកនយោបាយនេះ គឺជាការបង្ហាញឲ្យសាធារណៈជនបានឃើញ ពីនយោបាយប្រជាធិបតេយ្យប៉ុណ្ណោះ។
«សម្រាប់នយោបាយប្រជាធិបតេយ្យវាអាស្រ័យលើទស្សនៈ ឆន្ទ: និងគោលដៅដែលយើងមើលឃើញ ហើយក៏មិនអាចបង្ខំបានទេ ព្រោះគាត់មើលឃើញផ្សេង។ តែសម្រាប់ការគោរពក្នុងនាមលោកឪពុកនៅតែជាអ្នកមានគុណដ៏សំខាន់សម្រាប់ជីវិតរបស់ខ្ញុំ»។ នេះជាការអះអាងរបស់លោក គង់ សភា។
លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបច្ចុប្បន្ននេះ បានស្នើឲ្យមន្ត្រីអតីតបក្សខ្លួនទាំង១១៨នាក់ (ក្នុងនោះស្លាប់ម្នាក់ គឺលោក ជាម ចាន់នី) កុំឲ្យទទួលយកសិទ្ធិធ្វើនយោបាយវិញឡើយ។ សម្រាប់លោក សម រង្ស៊ី អ្នកដែលទទួលយកសិទ្ធិធ្វើនយោបាយវិញនេះ ពួកគេគឺជាមនុស្សល្ងង់ ហើយក្បត់គណបក្ស រួមទាំងលោក កឹម សុខា ផងដែរ។
មាត្រា៤៥ថ្មី (ស្ទួន១) បានថ្វាយព្រះរាជអំណាចទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ប្រោសព្រះរាជទាននីតិសម្បទា ដល់អ្នកជាប់បម្រាម ហើយឲ្យពួកគេ ចូលធ្វើនយោបាយវិញ។ ហើយអ្នក ដែលមានសិទ្ធិថ្វាយសំណើនេះ ទៅព្រះមហាក្សត្រ គឺនាយករដ្ឋមន្ត្រី។
ទាក់ទងនឹងការស្នើព្រះមហាក្សត្រប្រោសព្រះរាជទាននីតិសម្បទា ដល់អ្នកជាប់បម្រាមនេះ ទំនងជាមិនអាចស្នើឲ្យទាំង១១៧នាក់បានឡើយ ពោលគឺស្នើសុំផ្ដល់សិទ្ធិនយោបាយវិញនេះ អាចធ្វើទៅបាន ចំពោះអ្នកជាប់បម្រាមណា ដែលអនុវត្តតាមសាលក្រមរបស់តុលាការកំពូលបានល្អប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ធ្នូនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅខេត្តកំពង់ស្ពឺ៕