«ខ្លាភ្ញីថ្មកែវ» ស្ថិតក្នុងក្រុមប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ពីការបរបាញ់, ការបាត់បង់ទីជម្រក!
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
«ខ្លាភ្ញីថ្មកែវ» ស្ថិតក្នុងក្រុមប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ពីការបរបាញ់, ការបាត់បង់ទីជម្រក!
14, Dec 2018 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
នៅកម្ពុជា «ខ្លាភ្ញីថ្មកែវ» ត្រូវបានកត់ត្រាជាលើកដំបូងដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងស្រុក ដែលមាននៅកែវសីមាខេត្តមណ្ឌលគិរី និងនៅឧទ្យានជាតិបូកគោ, ឧទ្យានជាតិវីរៈជ័យ, ដែនជម្រកសត្វព្រៃភ្នំពេ្រច និងតំបន់ជួរភ្នំ ក្រវាញភាគកណ្ដាល។ សត្វ «ខ្លាភ្ញីថ្មកែវ» ជាប្រភេទសត្វដែលស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយកំពុងតែរងគ្រោះថ្នាក់ពីការបរបាញ់ និងបាត់បង់ទីជម្រក។


សត្វ «ខ្លាភ្ញីថ្មកែវ» មានដោយកម្រ ហើយក៏មាននៅតំបន់ មួយចំនួននៃអាស៊ីអាគ្នេយ៍ កោះស៊ូម៉ាត្រា និងកោះបរណេអូ។ «ខ្លាភ្ញីថ្មកែវ» ស្ថិតនៅក្រុមប្រភេទជិតផុតពូជ ដូច្នេះហើយគេ កម្រឃើញវាបង្ហាញខ្លួន នៅក្នុងព្រៃធម្មជាតិណាស់ ហើយវាក៏កំពុងតែរងគ្រោះថ្នាក់ពីការបរបាញ់ និងបាត់បង់ទីជម្រក ដែលវាធ្លាប់រស់នៅនិង រកចំណីអាហារ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
 
បើតាមសៀវភៅខាងលើ «ខ្លាភ្ញីថ្មកែវ» រស់នៅតំបន់ព្រៃខ្ពស់ៗ និងព្រៃក្រោយពីធ្វើអាជីវកម្ម ជាធម្មតាសត្វប្រភេទនេះ វាចេញរកស៊ី នៅពេលយប់ និងនៅលើដើមឈើ។ ចំណីអាហាររបស់វាមានដូចជា ត្រកួត, អន្សង, កំប្រុក, រញី, ស្វា, កណ្ដុរ, និងទន្សាយជាដើម។
 
សត្វ «ខ្លាភ្ញីថ្មកែវ» មានមាឌតូច ដងខ្លួន វែង ត្រចៀកមូល និងកន្ទុយវែងសំពោងសម្បុរដី ដោយផ្នែកខាងលើនិងខាងក្រោមមានពណ៌ត្នោតខ្ចី ជាពិសេសនៅ លើដងខ្លួនមានស្នាមអុចៗតូចធំរាយប៉ាយ។ ចំណែកនៅលើ ក និងខ្នងមានឆ្នូតពណ៌ខ្មៅ។ រីឯនៅលើជើង និងកន្ទុយ របស់ វាវិញមានស្នាមអុចៗពណ៌ខ្មៅ និងស្នាមអុចធំៗនៅត្រគាក ក៏ប៉ុន្តែស្នាមអុចនេះមានទំហំតូចជាខ្លាពពក។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 
 

Tag:
 ខ្លាភ្ញីថ្មកែវ
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com