អន្តរជាតិ
មីយ៉ាន់ម៉ា រៀបចំធ្វើច្បាប់ព័ត៌មានវិទ្យាបង្ក្រាបអ្នកប្រមាថមេដឹកនាំ ជាពិសេសតាមហ្វេសប៊ុក
× រដ្ឋាភិបាលក្រុងណៃពិដោរ កំពុងតែសិក្សា និងរៀបចំធ្វើសេចក្តីព្រាងច្បាប់ព័ត៌មានវិទ្យាដើម្បីជាវិធានទប់ស្កាត់ និងប្រឆាំងសកម្មភាពមិនគប្បីតាមបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក ដែលក្រុងពិដោរ មើលឃើញថា កំពុងតែមានការកើនឡើង។ ក្រុងពិដោរ មិនចង់ឲ្យបញ្ហានេះ កាន់តែរីករាលដាល និងថែមទាំងបង្កអស្ថិរភាពដល់ប្រទេសទៀតផង។
« យើង កំពុងតែពិភាក្សាជាមួយនឹងអ្នកជំនាញក្នុងស្រុក និងបរទេសពាក់ព័ន្ធទម្រង់នៃការកសាងច្បាប់ និងបច្ចេកវិទ្យា ដើម្បីចាត់វិធានការប្រឆាំងលើបុគ្គលទាំងឡាយណាដែលអាចធ្វើឲ្យអស្ថិរភាពប្រទេស, ការវាយប្រហារលើបុគ្គលផ្សេងទៀត, ការប្រើប្រាស់ពាក្យពេចន៍មិនគប្បី, ឬក្លែងបន្លំព័ត៌មានតាមរយៈបណ្តាញសង្គម»។ នេះ គឺជាអះអាងរបស់មន្ត្រីជាន់ខ្ពស់ផ្នែកទូរគមនាគមន៍នៃរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Thar Oo នៅថ្ងៃ១៣ ធ្នូ។
តាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Myanmar Times មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដដែលនោះ បានទទួលស្គាល់ថា កម្មវិធី ហ្វេសប៊ុក គឺជាបណ្តាញសង្គមទំនាក់ទំនង ដែលមានស្តង់ដារសម្រាប់អ្នកប្រើប្រាស់ ក៏ប៉ុន្តែ បែបបទទាំងនោះ មិនមានលក្ខណៈផ្នែកច្បាប់រឹងមាំឡើយ ដែលចំណុចនេះ លោក អះអាងថា ជាផលលំបាកមួយក្នុងការចាត់វិធានការផ្នែកច្បាប់។
លោក បានអះអាងថា បច្ចុប្បន្ន មីយ៉ាន់ម៉ា មានច្បាប់ពីរសម្រាប់គ្រប់គ្រងលើសំណុំរឿងពាក់ព័ន្ធនឹងបរិហារកេរ្តិ៍ និងក្លែងបន្លំតាមអ៊ីនធើនែត ហើយប្រជាជន ក៏អាចដាក់បណ្តឹងទៅកាន់ប៉ូលិសបានផងដែរ ប្រសិនបើជួបករណីនេះ។
ដោយឡែកសម្រាប់ការព្យាយាមអនុវត្តច្បាប់ថ្មីពាក់ព័ន្ធនឹងប្រព័ន្ធព័ត៌មានវិទ្យានេះ លោក បានបញ្ជាក់ថា ជាការអនុវត្តឲ្យស្របតាមស្តង់ដារអន្តរជាតិ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាដើម្បីការពារទិន្ន័យតាមប្រព័ន្ធវិទ្យានោះទេ។
គួរជម្រាបផងដែរថា កន្លងមក មានរិះគន់ខ្លាំងពីបណ្តាក្រុមអង្គការស៊ីវិលពាក់ព័ន្ធនឹងការធ្វើច្បាប់ដើម្បីគ្រប់គ្រងព័ត៌មានវិទ្យា ដោយពួកគេ យល់ឃើញថា ការធ្វើបែបនេះ អាចពាក់ព័ន្ធដល់សិទ្ធិបញ្ចេញមតិជាដើម។ ក៏ប៉ុន្តែ មិនមែនមានតែមីយ៉ាន់ម៉ាឡើយ ដែលចង់ធ្វើច្បាប់នេះ សូម្បីតែហ្វីលីពីន និងសិង្ហបុរី ជាដើមនោះ ក៏ចង់មានច្បាប់ប្រឆាំងនឹងអ្នករិះគន់ និងប្រមាថថ្នាក់ដឹកនាំប្រទេសតាមបណ្តាញសង្គមផងដែរ៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com