ជាតិ
អ្នកជំនាញ​៖ សហគ្រិន​ស្ត្រី​ខ្មែរ​ជាង​៦០ ភាគរយ មិនសូវ​យល់​ពី​សេដ្ឋកិច្ច​ឌីជីថល
15, Dec 2018 , 10:59 pm        
រូបភាព
​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ក្នុងប្រទេស​កម្ពុជា​មានកា​រ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នា​រយៈ​កាស​ចុងក្រោយ​នេះ  ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​ឲ្យ​កើន​ឡើងដល់​ជាង​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។ ប៉ុន្ដែ​កត្តា​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​គឺ​សហគ្រាស​ខ្នាតតូច និង​មធ្យម រួមទាំង​ធុរកិច្ច​ថ្មី ក្នុងប្រទេស​កម្ពុជា​ភាគច្រើន​នៅ​ប្រើប្រាស់​ទម្រង់​អាជីវកម្ម​បែប​ប្រពៃណី  ហាក់​មិនទាន់​ដើរ​ស្របតាម​និន្នាការ​សេដ្ឋកិច្ច​ឌីជីថល (Digital  Economic) នៅឡើយ​។


 
​អ្នកស្រី ទូច សុជាតា ប្រធាន​ក្រុម​ហុន Ino TED និង​ប្រធាន Woomentum Community ប្រចាំ​ប្រទេស​កម្ពុជា បានលើកឡើង​ក្នុង​កម្មវិធី Digital Future Talk ដែល​រៀបចំ​ដោយ អង្គការ Konrad-Adenauer-Stiftung Cambodia កាលពី​ថ្ងៃ​១២ ខែធ្នូ ឆ្នាំ​២០១៨ ថា ម្ចាស់​អាជីវកម្ម​ដែលជា​ស្ត្រី​ក្នុងប្រទេស​កម្ពុ​ជាជាង​៦០​ភាគរយ ដែល​ខ្វះ​ការយល់ដឹង​ពី​សេដ្ឋកិច្ច​ឌីជីថល​។ 
 
​អ្នកស្រី ទូច សុជាតា ដែល​ធ្វើការ​ច្រើន​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល បន្តថា កត្តា​ដែល​ប្រឈម​នឹង​សហគ្រិន​ជា​ស្ត្រី​ទាំងនោះ គឺ​ពួកគេ​មិនមាន​ចំណេះដឹង​ផ្នែក ICT   និង​អាជីវកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច​។  អ្នកស្រី បន្ថែមថា កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម មានចំណេះដឹង​ទាប​ផ្នែក​បច្ចេកវិទ្យា  គឺ​បញ្ហា​វប្បធម៌​និង​សង្គម​។ 
 
​អ្នកស្រី រៀបរាប់ថា ស្រី្ត​ខ្មែរ​ភាគច្រើន​នៅតាម​ជនបទ ប្រឈម​នឹង​បញ្ហា​ឈប់រៀន​ទាំង​នៅ​វ័យក្មេង និង​កត្តា​ខ្លះទៀត គឺ​បណ្តា​មកពី​ស្ត្រី​ខ្លួនឯង​ផ្ទាល់ មិនសូវ​ចាប់អារម្មណ៍​លើ​ជំនាញ​បច្ចេកវិទ្យា (STEM) ហើយ​ភាគច្រើន ពួកគេ អារម្មណ៍​លើ​ជំនាញ​គណនេយ្យ ធនាគារ ឬ​ជំនាញ​ផ្សេងៗ​ទៀត​។    
 
​អ្នកជំនាញ​រូបនេះ បាន​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ព្យាយាម​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​របស់ខ្លួន​ជាប្រចាំ តាមរយៈ​ការចូលរួម​ក្នុង​សិក្ខាសាលា វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល និង​ការបង្កើត​បណ្ដាញ​ឲ្យ​បាន​ច្រើន​។​
 
​រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤ ស្តីពី​ការរៀបចំ​ខ្លួន​របស់​ក​ម្ពុ​ជា សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​នា​នេះ​ផងដែរ​។ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​តេ​ជោ ដែលមាន​ទីតាំងនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ  ដើម្បី​បណ្ដុះបណ្ដាល អ្នក​ធុរកិច្ច​ថ្មីៗ​ផ្អែក​បច្ចេកវិទ្យា ការផ្សារភ្ជាប់​បណ្តាញ​ការងារ ការសិក្សា​ស្រាវជ្រាវ និង​ការពិគ្រោះ​យោបល់​លើ​បំ​ណិ​ន​សហគ្រិន ពិសេស​គាំទ្រ​ដល់​យុវជន​កម្ពុជា ដែលមាន​និ​ន្ន​ការចាប់យក​បច្ចេកវិទ្យា ឱ្យមាន​កន្លែងធ្វើការ និង​សិក្សា​ស្រាវជ្រាវ​ជា​ក្រុម​៕ 
 
 

Tag:
 សហគ្រិន​ស្រី្ត​
  សេដ្ឋកិច្ច​ឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com