អន្តរជាតិ
នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ទទូច​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ដោយ​ប្រើការ​ពិចារណា​ឲ្យ​បាន​ខ្ពស់
16, Dec 2018 , 3:19 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ​លោក ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គិត និង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ក្នុងការ​បោះឆ្នោត​សភា​លើកដំបូង​ក្នុង​រយៈពេល​បួន​ឆ្នាំ ដែល​រំពឹងថា​នឹង​កើតឡើង​នៅ​ខែកុម្ភៈ​ខាងមុខ​។ ប្រមុខ​របប​សឹក ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន ដែល​ទុកចិត្ត​លោក ក៏ដូចជា​ចង់​ឲ្យ​លោក បន្ត​កាន់តំណែង​ទៅទៀត​។​


 
​នាឱកាស​នៃ​ការចុះ​ជួប​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត Bueng Kan នៅ​ថ្ងៃ​១២ ធ្នូ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​សារភាពថា លោក បាន​ក្លាយជា​អ្នកនយោបាយ​ពេញសិទ្ធិ​ហើយ ខណៈ​កន្លងមក លោក អះអាងថា លោក គ្រាន់តែ​ចូលកាន់​តំណែង​ដើម្បី​ធានា​ឡើងវិញ​នូវ​សន្តិសុខ និង​សណ្តាប់​ថៃ​ឡើងវិញ​។
 
 តាម​ការចុះផ្សាយ​សារព័ត៌មាន The Nation នៅ​ចំពោះមុខ​ប្រជាជន​ប្រមាណ ៥០០០​នាក់ ដែលជា​វេទិកា​លោក​ជជែក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផង​នោះ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​អះអាងថា លោក ពិតជា​លំបាក​ក្នុងការ​ដឹកនាំ​ប្រទេស ក៏ប៉ុន្តែ សុខចិត្ត​ទទួលយក​ការលំបាក​នេះ ហើយ ដាក់ចិត្ត​ដាក់​ជីវិត​នៅក្នុង​តួនាទី​នេះ​ដើម្បី​ប្រជាជន​។ 
 
​ជុំវិញ​សំណូមពរ​របស់​ប្រជាជន​មួយចំនួន ដែល​ចង់​ឲ្យ​លោក​បន្ត​តំណែង​ទៅមុខ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ទៅវិញ​យ៉ាង​ដូច្នេះ​៖« ខណៈពេល​រៀបចំ​ដំណេក ខ្ញុំ បាន​ពិចារណា​ការណ៍​ដែល​ប្រជាជន ផ្តល់​ក្តីសង្ឃឹម​ដល់​ខ្ញុំ ហើយ​ហេតុអ្វី​បានជា​ពួកគេ ចង់​ឲ្យ​ខ្ញុំ ធ្វើការ​នេះ​។ នោះ ក៏​ព្រោះតែ ពួកគេ មាន​ក្តីសង្ឃឹម ហើយ ខ្ញុំ ត្រូវតែ​ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា​របស់​ពួកគេ​ក្លាយជា​ការពិត​»​។​
 
​ឆ្លៀតឱកាស​នោះ​ផងដែរ ប្រមុខ​របប​សឹក​រូបនេះ ក៏បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត ពិចារណា​ឲ្យ​បានច្បាស់លាស់ ពោលគឺ​គួរតែ​ត្រូវ​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ដែលមាន​គោលនយោបាយ​ដឹកនាំ​វែងឆ្ងាយ​ពិតប្រាកដ​សម្រាប់​ជាតិ​។ លោកនាយក​រដ្ឋមន្ត្រី ជឿជាក់ថា ប្រជាជន នឹងមិន​គាំទ្រ​ឲ្យ​បុគ្គល​ទាំងឡាយណា ដឹកនាំ​ប្រទេស ហើយ​បណ្តែតបណ្តោយ​ឲ្យ​មាន​ភាព​រញ៉ែរ​ញៃ​ក្នុងប្រទេស​ម្តងទៀត​នោះទេ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ក្រើនរម្លឹក​ដល់​ប្រជាជន​កុំ​ឲ្យ​កុំ​ឲ្យ​ចេញ​បាតុកម្ម ឬ​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ដូចពេលមុនៗ ដែល​លោក ចាត់ទុកថា អំពើ​បែបនេះ គឺជា​ការបំផ្លាញ​ប្រទេសជាតិ​ខ្លួនឯង​នោះទេ​។ លោកនាយក​រដ្ឋមន្ត្រី ទើបតែ​ចេញ​លិខិត​បង្គាប់​ដក​ការហាមឃាត់​លើ​ការជួបជុំ ដែល​លោក បានដាក់​តាំងពី​ពេល​លោក ឡើងកាន់​អំណាច​ប៉ុន្មាន​ថ្ងៃនេះ​នោះទេ​។
​សូម​ជ​ម្រា​ផងដែរ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ឡើងកាន់​អំណាច​ជា​ប្រមុខ​ដឹកនាំ​រាជាណាចក្រ​ថៃ​នៅ​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៤ តាមរយៈ​រដ្ឋប្រហារ​យោធា​។ កន្លងមក លោក ប្រា​យុទ្ធ បាន​អះអាងថា វត្តមាន​របស់លោក ក៏​ព្រោះ​ដើម្បី​ស្តារ​ស្ថានភាព​ប្រទេស​ឡើងវិញ ក្រោយពី​ត្រូវបាន​មេដឹកនាំ​មុនៗ​ធ្វើ​ឲ្យ​បែកខ្ញែក​និន្នាការ​គ្នា​។ 
 
​នៅ​ខែកុម្ភៈ ឆ្នាំក្រោយ លោក ប្រា​យុទ្ធ ក៏​ទំនងជា​ចូល​ប្រជែង​ការបោះឆ្នោត​ផងដែរ ក៏ប៉ុន្តែ​លោក មិនទាន់​ជាក់ច្បាស់ ថា​លោក នៅក្នុង​បេក្ខភាព​នៃ​បក្ស​ណា​នៅឡើយ​នោះទេ ខណៈ​បក្ស​ខ្លះ បានប្រកាស​ចង់​តែងតាំង​រូបលោក ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​រួចទៅហើយ​៕ 

Tag:
 ប្រា​យុទ្ធ ចន្ទ អូ​ចា​
  ថៃ​
  បោះឆ្នោត​សាកល
© រក្សាសិទ្ធិដោយ thmeythmey.com