ជាតិ
គំនូរ​កម្រ​របស់​វិចិត្រករ ញឹក ឌឹ​ម ដ៏​ល្បីល្បាញ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​
15, Dec 2018 , 3:29 pm        
រូបភាព
រូបភាព​ពីហ្វេសប៊ុក​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាព​ពីហ្វេសប៊ុក​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
​ភ្នំពេញ​៖ គំនូរ​របស់​វិចិត្រករ ញឹក ឌឹ​ម ស្ដីពី «​ទេសភាព​មាត់សមុទ្រ​»  ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ យកទៅ​រក្សាទុក ដើម្បី​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ ពិធី​ប្រគល់​និង​ទទួល​ផ្ទាំងគំនូរ​នេះ ធ្វើឡើង​រវាង​លោក អ៊ឹម ឈុនលឹម ប្រ​ធា​ក្រុមប្រឹក្សាធម្មនុញ្ញ និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា នៅ​សារមន្ទីរ​ជាតិ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ​។​


 
​គំនូរ “​ទេសភាព​មាត់សមុទ្រ​” នេះ ជា​ស្នាដៃ​នៅ​សេសសល់​ដ៏​កម្រ​របស់​វិចិត្រករ ញឹក ឌឹ​ម ដែល​កន្លងមក​បានដាក់​តាំងនៅ​ក្នុង​អគារ ”​ស​” នៃ​វិមាន​រដ្ឋ​ចំការមន អតីត​ព្រះរាជដំណាក់ នៃ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​សម្ដេចព្រះ​មហាក្សត្រី​យ៍ នរោត្តម មុនីនាថ​សីហនុ​។​
 
​ឆ្លៀត​ក្នុងឱកាស​នេះ សារព័ត៌មាន​ថ្មីៗ សូម​លើកយក​ជីវប្រវត្តិ​សង្ខេប​របស់ វិចិត្រករ ញឹក ឌឹ​ម មក​បង្ហាញ​ខ្លះៗ ដើម្បី​ទុកជា​ការ​រម្លឹក​ដល់​ថ្ងៃ​ខួប​មរណៈ​របស់លោក នា​ថ្ងៃទី​១៦​ធ្នូ ដែល​គិត​មកដល់​ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​៤០​ឆ្នាំ​។​
 
​កុមារា ញឹក ឌឹ​ម ចាប់កំណើត​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​១៩៣៤ ក្នុង​គ្រួសារ​កសិករ​ធូរធារ​មួយ ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង​។ ឪពុក​របស់លោក​ឈ្មោះ ញឹក ពិដោរ ម្ដាយ​ឈ្មោះ ព្រំ ពូ​ល​។ លោក​ជា​កូនច្បង​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​៧​នាក់​។ កុមារា​រូបនេះ​មាន​ទេពកោសល្យ ផ្នែក​គំនូរ​តាំងពី​តូច​។ ព្រោះតែ​ឃើញ​ពី​ឧបនិស្ស័យ​របស់​កូន លោក ញឹក ពិដោរ បាន​នាំ​លោក​ទៅ​សិក្សា​ផ្នែក​គំនូរ​នៅ​សាលា​វិចិត្រសិល្បៈ​ខេមរៈ សព្វថ្ងៃ​ហៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​គំនូរ​បុរាណ ដែលមាន​គ្រូ​ជា​ជនជាតិខ្មែរ និង​ជនជាតិ​ជប៉ុន​បង្រៀន​។ លោក​រៀន​ពី​ឆ្នាំ​១៩៤៩ ដល់ ១៩៥៤ ក្រោយពី​រៀន​ចប់​ភ្លាម លោក​បាន​ចូលទៅ​បម្រើការ​នៅក្នុង​ស្ថានទូត​អាមេរិក ដែល​ទទួលបាន​ប្រាក់ខែ​យ៉ាងច្រើន​។ នៅ​ឆ្នាំ ១៩៦៣ លោក​បាន​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក រយៈពេល​៤​ឆ្នាំ ផ្នែក​ផលិត​ភាពយន្ត​គំនូរជីវចល​។ ក្នុង​ទសវត្សរ៍​ទី​៦០​និង​៧០ លោក​ត្រូវបាន​មហាជន​ចាត់ទុកជា​វិចិត្រករ​ដៃឯក​គ្មាន​ពីរ និង​ជា​ជន​ទី​១​របស់​ខ្មែរ ដែលមាន​ចំណេះដឹង​ផ្នែក​គំនូរជីវចល និង​ជា​វិចិត្រករ​គូរគំនូរ​រូប​ថ្លុក​ដ៏​ល្បី​។ 


រូប​ភាពពីហ្វេសប៊ុក​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ
 
​កេរ្តិ៍ឈ្មោះ​របស់​វិចិត្រករ ញឹក ឌឹ​ម មិន​ល្បី​ត្រឹម​ស្រទាប់​ប្រជារាស្ត្រ​ធម្មតា និង​មន្ត្រីរាជការ​នោះទេ តែ​ល្បី​ទៅដល់​ព្រះមហាក្សត្រ​នា​សម័យ​នោះ​ផង​។ លោក​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ក្រាបបង្គំ​គាល់ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ នា​ឆ្នាំ​១៩៦៧​។  គ្រានោះ​លោក ញឹក ឌឹ​ម បាន​ថ្វាយ​ហ្វ៊ីល​ភាពយន្ត​គំនូរជីវចល​រឿង “​ទន្សាយ​បណ្ឌិត​” ដែលជា​ស្នាដៃ​ប្រឡង​ជាប់​លេខ​១ ក្នុង​និក្ខេបបទ​ប្រឡង​បញ្ចប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៦៧ ដល់ ព្រះមហាក្សត្រ​ដើម្បី​រក្សាទុក​។ ពេលនោះ​ព្រះមហាក្សត្រ​ទ្រង់​ក៏​ព្រះរាជទាន មេដាយ​កិត្តិយស និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​ដល់​លោក​ផងដែរ​។​
 
​ក្រោយមកទៀត ព្រះករុណា​ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​អនុញ្ញាតឱ្យ​លោក គូរគំនូរ​ពណ៌​ទឹក ដាក់​ក្នុង​សៀវភៅ​ចម្រៀង​កម្រង​ស្នេហា របស់​ទ្រង់ និង​គូររូប​សម្រាប់​តាំង​ក្នុង​ព្រះបរមរាជវាំង​ជាច្រើន​ទៀត ដែល​បា​នប​ន្យ​ល់​ទុក​ដល់​បច្ចុប្បន្ន​។ ដោយ​ចង់ឱ្យ​មហាជន​ទូទៅ​បានឃើញ​គំនូរ​របស់ខ្លួន នៅ​ទសវត្សរ៍​ទី​៦០​ដដែល លោក ញឹក ឌឹ​ម បាន​បង្កើត​វិចិត្រសាល​មួយ​មាន​ឈ្មោះថា “​វិចិត្រសាល ញឹក ឌឹ​ម​”​។ លោក​ក៏​ជា​អ្នកនិពន្ធ​ប្រលោមលោក និង​បទ​ចម្រៀង​ផងដែរ​។ ព្រោះតែ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​វិចិត្រករ ញឹក ឌឹ​ម បានធ្វើឱ្យ​របប​ខ្មែរក្រហម​យក​លោក​ទៅ​សម្លាប់​នៅ​ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​១៩៧៨៕

Tag:
 ភ្នំពេញ​
  គំនូរ
  ញឹក ឌឹ​ម
  ក្រសួង​អប់រំ​យុវជន និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com