អន្តរជាតិ
ចិន​ទារ​ឲ្យ​ប្រទេស​អ្នកមាន​សងបំណុល​ពិភពលោក ជុំវិញ​ការបង្កើត​ការប្រែប្រួល​អាកាសធាតុ​
15, Dec 2018 , 7:29 pm        
រូបភាព
មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ ចិន បាន​រិះគន់ និង​ទាមទារ​ឲ្យ​បណ្តា​ប្រទេស​អ្នកមាន​ទាំងអស់​សង​«​បំណុល​»​ទៅកាន់​ពិភពលោក​វិញ​ជុំវិញ​ការបំពុល​បរិ​យ​កាស និង​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​។ សម្តី​រិះគន់​របស់​ចិន​ធ្វើ​ស្រប​ពេលដែល​តំណាង​ប្រជាជាតិ​ជិត ២០០ កំពុង​បន្ត​ចរចា​គ្នា​នៅ ប៉ូឡូញ ដើម្បី​ឈានទៅ​បញ្ចប់​សៀវភៅ​ណែនាំ​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ដែល​នឹងត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ឆ្នាំ ២០២០​តទៅ​។

 
​ទំនងជា​រង​សម្ពាធ​ខ្លាំង​លើ​ការ​ឈានទៅ​អនុវត្ត​ប្តូរ​ជំហរ​លើ​ការកំណត់​បទបញ្ញត្តិ​ពាក់ព័ន្ធ​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ ក្រុង​ប៉េកាំង​បាន​ទិតៀន​ប្រទេស​អភិវឌ្ឍ​ដែល​មិនមាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុងការ​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ទាមទារ​ឲ្យ​ពួកគេ​បង្កើន​ជំ​នួ​ហិរញ្ញវត្ថុ​ដើម្បី​សងបំណុល​ដែល​គេ​ជំពាក់​ដោយបាន​បំពុល​ពិភពលោក​រាប់​សវ​ត្ស​មកនេះ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ការរិះគន់​របស់​តំណាង​រដ្ឋាភិបាល​ចិន​លើ​ប្រទេស​សេដ្ឋកិច្ច​រី​កម​ច្រើន​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នាទី​ក្រុង Katowice រដ្ឋធានី​នៃ​ប្រទេស​ប៉ូឡូញ ដែលជា​ទីកន្លែង​សន្និសីទ​ប្រែប្រួល​អាកាសធាតុ​អង្គការសហប្រជាជាតិ លើក​ទី ២៤ (COP24) កំពុង​បន្ត​ដំណើរការ​។ 
 
​ប្រធាន​ប្រតិភូ​ចូលរួម​ចរចា​របស់​ក្រុង​ប៉េកាំង រដ្ឋមន្ត្រី Xie Zhenhua បាន​និយាយ​ដូច្នេះ​៖«​ប្រទេស​កំពុង​អភិវឌ្ឍ​មិន​រីករាយ និង​មាន​ផាសុខភាព​ឡើយ​។ យើង​ចាំបាច់​ត្រូវ​ឃើញថា ប្រទេស​អភិវឌ្ឍ​គោរព​ការប្តេជ្ញាចិត្ត​របស់ខ្លួន​បាន​ត្រឹមត្រូវ​។ នៅ​ប្រទេស​មួយចំនួន​មិន​ចាប់ផ្តើម​ប្រឹងប្រែង​ជួយ​ដោះស្រាយ និង​ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ក្រីក្រ​សោះ​។ យើង​ស្នើសុំ​យ៉ាងទទូច​ឲ្យ​ពួកគេ​សងបំណុល​ដែល​គេ​ជំពាក់​មកវិញ​ពេលនេះ​»​។​
 
​តាមពិតទៅ នា​សន្និសីទ​កំពូល​ប្រែប្រួល​អាកាស​ធាតុនៅពេលនេះ​មាន​តំណាង​ប្រជាជាតិ​ប្រហែល ១៩៧ ចូលរួម ហើយ​គោលដៅ​ចម្បង​នៃ​ការចរចា​ឆ្នាំនេះ​គឺ បញ្ចប់​ការចរចា​សៀវភៅ​ណែនាំ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥​។ សៀវភៅ​ណែនាំ​នឹង​ផ្តោតលើ​ការតាមដាន វាយតម្លៃ និង​កំណត់​ពី​វិធីសាស្ត្រ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​នេះ​ដូចគ្នា​។ 
 
-​រដ្ឋ​អ្នកមាន​ត្រូវការ​ស្តង់ដារ​ត្រឹមត្រូវ ឯ​អ្នកក្រ​ចង់បាន​ភាពបត់បែន​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​
 
​ការចរចា​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​កំពុង​ប្រឈម​ការជាប់គាំង​ដោយសារ​ការខ្វែងគំនិត​គ្នា​រវាង​ប្រទេស​អ្នកមាន និង​អ្នកក្រ​លើ​ការ​ឈានទៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បញ្ចេញ​ទៅ​បរិយាកាស​ឲ្យ​បាន​ជោគជ័យ​តាម​ពេល​កំណត់ និង​មាន​ស្តង់ដា​ត្រឹមត្រូវ​ដើម្បី​វាយតម្លៃ​និង​តាមដាន​ការអនុវត្ត​ដដែល​នេះ​។ 
 
​បណ្តា​ប្រទេស​អ្នកមាន​ជាពិសេស​សហភាព​អឺរ៉ុប​ចង់បាន​ការកំណត់​ស្តង់ដា​ត្រឹមត្រូវ​លើ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​តាមដាន វាយតម្លៃ​លើ​ការអនុវត្ត​ជាទូទៅ​កិច្ចព្រមព្រៀង​អាកាសធាតុ​។ អឺរ៉ុប​ក៏​បារម្ភ​ដែរ ថា​ប្រទេស​សេដ្ឋកិច្ច​ធំ​ដូច ចិន​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ​ដែរនោះ​មិន​ទទួលយក​ស្តង់ដារ​ធានា​តម្លាភាព​ក្នុង​គ្រប់គ្រង និង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់ខ្លួន​ទៅកាន់​បរិយាកាស​ឡើយ​។ 
 
​ឯ​ប្រទេស​ក្រីក្រ​វិញ​អះអាងថា ខ្លួន​ចង់បាន​ការបន្ធូរបន្ថយ​ខ្លះ​ដ្បិតថា វា​មានប​ញ្ហ​ច្រើន​ក្នុងប្រទេស​ក្រីក្រ​ជាពិសេស​អភិបាលកិច្ច​ទន់ខ្សោយ ហើយ​សមត្ថភាព​អនុវត្ត​ក៏មាន​កម្រិត​ចាញ់​ប្រទេស​អភិវឌ្ឍ​ឆ្ងាយ​ណាស់​។  តំណាង​ក្រុង​ប៉េកាំង​លោក Xie Zhenhua គាំទ្រ​ជំហរ​ប្រទេស​ក្រីក្រ ហើយ​អះអាង​ថែម​ទៀតថា​ចិន​គួរតែ​ត្រូវគេ​ចាត់ទុកជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចគ្នា​ដែរ​។ ដូច្នេះហើយ លោក​បន្តថា វា​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង​ត្រូវមាន​ភាពបត់បែន​ក្នុងការ​អនុវត្ត​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​។​
 
​លោក​ពន្យល់​បែបនេះ​ថា​៖« យើង​ចង់បាន​ភាព​បន់​បែន​។ ប្រទេស​កំពុង​អភិវឌ្ឍ​មាន​សមត្ថភាព និង​លទ្ធភាព​ផ្សេងៗ​គ្នា​។ បើសិនជា​មានការ​គាំទ្រ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ពី​ប្រទេស​អ្នកមាន​ដល់​ប្រទេស​អ្នកក្រ ពួកគេ​នឹងមាន​សមត្ថភាព​កាន់តែច្រើន និង​ខ្លាំងក្លា​ជាង​មុន​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​»​។ 
 
​នៅ​សប្តាហ៍​នេះដែរ ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ក៏​រង​ការរិះគន់ និង​រង​សម្ពាធ​ខ្លាំង​ពី​ក្រុម​សកម្មជន​អាកាសធាតុ និង​ប្រទេស​ក្រីក្រ ជាពិសេស​ប្រទេស​កោះ​ដែល​កំពុង​ប្រឈម​នឹង​ការលិចលង់​ជា​អចិន្ត្រៃយ៍​។ ប្រទេស​អភិវឌ្ឍ​ទាំងនោះ​ទទូច​ប្រទេស​អភិវឌ្ឍ​បង្កើន​គោលដៅ​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ខណៈដែល​ប្រទេស​កោះ​ស្នើ​ឲ្យ​មានការ​បញ្ចប់​ការប្រើប្រាស់​រោងចក្រ​ធ្យូងថ្ម​ទាំងស្រុង​ផង​។​
 
​ដូច្នេះហើយ បើសិនជា​មិនមាន​ការឯកភាព​គ្នា​លើ​ចំណុច​នេះ​ទេ សន្និសីទ​អាកាសធាតុ​មាន​រយៈពេល​ពីរ​សប្តាហ៍​នេះ​នឹងត្រូវ​បញ្ចប់​ទៅដោយ​គ្មាន​សៀវភៅ​ណែនាំ​ជា​ផ្លូវការ​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឡើយ​។ 
 
​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​តាមពិតទៅ​ត្រូវបាន​អនុម័ត​យក​កាលពី​ឆ្នាំ ២០១៥ ហើយ​វា​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ឆ្នាំ ២០២០​តទៅ​។ កិច្ចព្រមព្រៀង​ពហុភាគី​ដ៏​សំខាន់​និង​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​គោលដៅ​ទប់ស្កាត់​ការកើនឡើង​កម្តៅ​នៃ​ភពផែនដី​ឲ្យ​ត្រឹម ២ អង្សា ហើយ​បើ​អាច កម្រ​តិ​ឲ្យ​កាន់តែ​ទាប​ត្រឹម ១,៥ អង្សា​នៅត្រឹម​ឆ្នាំ ២១០០ ធៀប​នឹង​កម្រិត​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​។ កិច្ចព្រមព្រៀង​ដដែល​នេះ​ក៏​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍ​ទាំងអស់​កៀងគរ​ហិរញ្ញវត្ថុ​ឲ្យ​បាន ១០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០ ដើម្បី​ជួយ​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​៕    
 

Tag:
 ចិន​
  ការប្រែប្រួល​អាកាសធាតុ​
  COP24
© រក្សាសិទ្ធិដោយ thmeythmey.com