អន្តរជាតិ
ក្រុមហ៊ុន Google ចង់​បើក​ការិយាល័យ​ក្នុង​វៀតណាម
15, Dec 2018 , 2:29 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន Google កំពុង​សិក្សា​ឆ្ពោះទៅរក​ការបើក​ការិយាល័យ​តំណាង​មួយ​ក្នុងប្រទេស​វៀតណាម​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​ហាណូយ​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃ​អង្គារ​ទី ១១ ខែធ្នូ ដោយ​ដកស្រង់​សម្តី​របស់ លោក Kent Walker អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Google ។ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន Google នឹង​គោរព​តាមច្បាប់​របស់​វៀតណាម ខណៈ​ខ្លួន​ក៏បាន​ធានាថា មិន​ធ្វើ​ឲ្យ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​នោះឡើយ​។​

 
​ទោះបីជា​កំណែទម្រង់សេដ្ឋកិច្ច និង​កំណើន​នៃ​ការបើកចំហ​ផ្នែក​បណ្តាញ​សង្គម គណបក្ស​កុម្មុយនីស្ត​វៀតណាម នៅតែ​បន្ត​រឹតបន្តឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រឹតត្បិត​ការបញ្ចេញមតិ​។​
 
​ដំណឹង​ទាក់ទិន​នឹង​គោលបំណង​បើក​ការិយាល័យ​របស់​ក្រុមហ៊ុន Google នេះ គឺ​មក​ចំពេល​ដែល ច្បាប់​សន្តិសុខ​បច្ចេកវិទ្យា​ដ៏​ចម្រូងចម្រាស់​របស់​វៀត​ណា​ម កៀក​នឹង​ចូល​ជា​ធរមាន នា​ដើមឆ្នាំ​២០១៩​ខាងមុខ​។ ក្រោម​ច្បាប់​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ណា​ដែល​បើក​ការិយាល័យ​ក្នុងប្រទេស​វៀតណាម នឹង​តម្រូវ​ឲ្យ​រក្សា​ទិន្នន័យ​ទាំងអស់​នៅក្នុង​ប្រទេស​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​ថា​៖«​យើង​ពិតជា​សប្បាយចិត្ត​នៅពេល​ឃើញ​ក្រុម​អ្នកជំនាញ និង​ប្រជាជន​វៀតណាម​ប្រើប្រាស់​បច្ចេកវិទ្យា​។ វា​មាន​កត្តា​មួយចំនួនទៀត ដែល​យើង​ត្រូវ​សិក្សា​ស្វែងយល់ មុននឹង​យើង​ចាប់ផ្តើម​បើក​ការិយាល័យ​នៅក្នុង​ប្រទេស​នេះ​។ ប៉ុន្តែ​យើង​ពុំមាន​អ្វី​នឹង​ប្រកាស​នៅពេលនេះ​នៅឡើយ​ទេ​»​។ 
 
​មែនទែនទៅ ច្បាប់​ថ្មី​របស់​វៀតណាម​នេះ បាន​រង​ការជំទាស់​ពី​ក្រុម​បច្ចេកវិទ្យា​ធំៗ​, ក្រុម​សិទ្ធិមនុស្ស និង​រដ្ឋាភិបាល​លោកខាងលិច រួមមាន សហរដ្ឋអាមេរិក​ជាដើម​។ 
 
​ហ្វេ​ស​បុក និង Google  ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​វៀតណាម និង​ត្រូវបាន​គេ​ចាត់ទុកជា​វេទិកា​សម្រាប់​បង្ហាញ​មតិ​ប្រឆាំងនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ពុំមាន​ការិយាល័យ និង​ទីតាំង​ផ្ទុក​ទិន្នន័យ​នៅក្នុង​ប្រទេស​នោះឡើយ​។ ក្នុងឆ្នាំនេះ វៀតណាម​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​បុក​បើក​ការិយាល័យ​តំណាង​មួយ​ក្នុងប្រទេស​។​
 
​សេចក្តីសម្រេច​នៃ​ច្បាប់​ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​រួមមាន អ៊ីម៉េល និង​បណ្តាញ​សង្គម បើក​ការិយាល័យ​របស់​ពួកគេ​ក្នុងប្រទេស​វៀតណាម ប្រសិនបើ​ពួក​គេច​ប្រមូល ឬ​វិភាគ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​៕

Tag:
 វៀតណាម​
  ក្រុមហ៊ុន Google
© រក្សាសិទ្ធិដោយ thmeythmey.com