អន្តរជាតិ
គ្រាន់តែ​លេងល្បែង​ថត​ដាក់​ក្នុង​YouTube​សោះ កុមារា​ម្នាក់​រកលុយ​បាន ២២​លាន​ដុល្លារ​
15, Dec 2018 , 5:59 pm        
រូបភាព
Ryan ជា​ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ដែល​បាន​រកប្រាក់​ចំណូល​ពី​វី​ឌី​អូ​របស់ខ្លួន​ក្នុង​បណ្តាញ​សង្គម YouTube បាន​រហូតដល់ ២២ លាន​ដុល្លា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Channel News Asia កាលពី​ថ្ងៃទី​៤​ខែធ្នូ​នេះ​។​

 
​គណនី YouTube ឈ្មោះថា Ryan Toy Reviews ជា​របស់ Ryan ផ្ទាល់​។  ក្មេង​រូបនេះ​បាន​ចំណាយពេល​លេង​ជាមួយ​ល្បែង​ក្មេង​របស់ខ្លួន និង​ថត​សកម្មភាព​កំសាន្ត​ទាំងនោះ បន្ទាប់មក​បង្ហោះ​ចូលក្នុង​គណនី​ខ្លួន​តែម្តង​។ វីដេអូ​នីមួយៗ​របស់ Ryan ត្រូវបាន​ក្មេង​តូចៗ និង​ឪពុកម្តាយ​ជាច្រើន​ក្នុង​ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង​កន្លងមក​។ 
 
​កុមារា​ម្នាក់នេះ​បានទទួល Subscribers រហូតដល់​ជាង​១៧​លាន​នាក់​ឯណោះ ហើយ​វា​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មួយ បើ​ប្រៀបធៀប​ទៅ​គណនី​របស់​មនុស្ស​ដទៃ​ទៀត​ដែល​ធ្វើ​វី​ឌី​អូ​ស្រដៀង​គ្នា​ក្នុង​ប្រព័ន្ធ YouTube ។ 
 
Ryan បាន​ប្រាប់​សារព័ត៌មាន NBC ថា​៖«​ខ្ញុំ​គ្រាន់តែ​ជា​ក្មេង​ម្នាក់​ដែល​ចូលចិត្ត​ភាពសប្បាយ​រីករាយ​តែប៉ុណ្ណោះ​។ ហើយ​នៅពេល​អនាគត​ខ្ញុំ​ចង់​ក្លាយទៅជា​អ្នក​ផលិត​ហ្គេម​ក្នុង​កុំព្យូទ័រ​និង​ទូរ​សព្ទ​ដៃ​»​។ 
 
​ភាគច្រើន​ចំណូល​ច្រើនជាង​២២​លាន​ដុល្លារ​នេះ គឺ​បានមកពី​ចំនួន​ដង​ដែល​អ្នកប្រើប្រាស់ YouTube ចូល​មើល​និង​ពេលខ្លះទៀត​គឺ​បានមកពី​ពាណិជ្ជកម្ម​ដែល​ដាក់​ផ្សាយ​មុនពេល​ដែល​វី​ឌី​អូ​របស់​កុមារា​នេះ​ចាប់ផ្តើម​បង្ហោះ​ចូល You Tube៕ 

© រក្សាសិទ្ធិដោយ thmeythmey.com